ប្រជាសហគមន៍ការពារព្រៃឈើខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីអាយុជីវិតសត្វព្រៃកម្រជាច្រើនប្រភេទ ដែលកំពុងរស់នៅ ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន កំពុងប្រឈមគ្រោះថ្នាក់ដោយសារខ្វះទឹកស្របពេលអាកាសធាតុកើនកម្ដៅ។
ប្រជាសហគមន៍ការពារព្រៃឈើឱ្យដឹងថា ក្នុងពេលអាកាសធាតុឡើងកម្ដៅខ្លាំងនៅរយៈពេលជាង ៣ខែចុងក្រោយនេះ ប្រភពទឹកយ៉ាងសំខាន់ ដែលជួយទ្រទ្រង់ជីវិតសត្វព្រៃក្នុងស្ទឹងធម្មជាតិ កំពុងគោករាក់ដោយអន្លើ បូកផ្សំពលរដ្ឋដណ្ដើមគ្នានេសាទត្រីក្នុងស្ទឹងនេះ បង្កការរំខានដល់ជីវិតសត្វព្រៃ ស្វែងរកទឹកផឹក ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន។ប្រធានក្រុមល្បាតព្រៃសង្ឃសហគមន៍រុក្ខាវន្ត ព្រះតេជព្រះគុណ តោន ប៊ុនលីន មានថេរដីកានៅថ្ងៃទី១ ឧសភាថា សត្វព្រៃដែលកំពុងប្រឈមគ្រោះថ្នាក់ខ្លាំងរួមមាន សត្វទន្សោង ប្រើស ស្វា និង ជ្រូកព្រៃជាដើម ត្រូវការទឹកផឹក និងចុះត្រាំក្នុងទឹក ក៏ប៉ុន្តែពេលនេះប្រភពទឹកស្ទឹង ដែលសត្វព្រៃចិញ្ចឹមជីវិត បានគោករាក់ដោយអន្លើ ធ្វើឱ្យសត្វព្រៃខ្វះទឹក។ ព្រះអង្គបន្ថែមថា អ្នកភូមិជាច្រើននាក់ បានដណ្ដើមគ្នានេសាទត្រី ក្នុងស្ទឹង ធ្វើឱ្យទឹកល្អក់រំខានដល់សត្វព្រៃចុះផឹកទឹក នៅរដូវប្រាំង បូកផ្សំការបើកបង្ហូរទឹកចេញពីតំបន់នោះ ដើម្បីបំពេញតម្រូវការធ្វើស្រែប្រាំង ប៉ះពាល់ជីវិតសត្វព្រៃ៖
ព្រះតេជព្រះគុណ តោ ប៊ុនលីន៖«វាត្រូវការទឹកខ្លាំងបំផុត ជ្រូកព្រៃ ឈ្លូស សត្វគ្រប់ប្រភេទ ខែក្ដៅហើយ វាដេកក្នុងទឹក ព្រោះទឹកស្រកអស់រលីង នៅបាត់ស្ទឹង។ បញ្ហាទី២ មានពលរដ្ឋចូលបង់ត្រី ដេកចាំនៅហ្នឹង គ្នាម៉េចហ៊ានទៅរកទឹកផឹក»។ព្រះតេជព្រះគុណ តោន ប៊ុនលីន បន្ថែមថា ថ្មីៗនេះសត្វទន្សោង ១ក្បាល និងសត្វប្រើសមួយក្បាលទៀតងាប់ ក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័ន ដោយសារអាកាសធាតុកើនកម្ដៅបណ្ដាលឱ្យខ្វះទឹក។ រីឯព្រានព្រៃ បានកំណត់ទីតាំងសំខាន់ៗ ដែលសត្វព្រៃផឹកទឹក នៅជុំវិញបឹងនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការអធិប្បាយបន្ថែមជុំវិញរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យលោក ភួង លីណា បាននៅឡើយទេ នៅថ្ងៃទី១ ឧសភា។ រីឯអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ក៏មិនទាន់អាចទាក់ទងបានដែរ។
ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដីជាង ៣ម៉ឺនហិកតារ (៣០.២៥៤ហិកតារ) ស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ព្រៃអភិរក្សនេះមានបឹងធម្មជាតិដ៏ស្រស់ស្អាតមួយដែលមានទំហំ ៦ពាន់ហិកតារ (៦.០០០) សំបូរត្រីក្រពើ ជីវចម្រុះផ្ដល់ប្រភពទឹកយ៉ាងសំខាន់ ដល់សត្វព្រៃជាច្រើនប្រភេទរស់នៅ ដូចជា សត្វខ្ទីង ទន្សោង ស្វា ប្រើស ខ្លារខិន ត្រដក់ធំ ពង្រូល ខ្លាឃ្មុំ តូច ឆ្កែព្រៃទោច និងសត្វក្ងោកជាដើម។ ប្រជាសហគមន៍ថា សត្វព្រៃដ៏កម្រទាំងនេះ ថយចុះជារៀងរាល់ឆ្នាំ ហើយសត្វខ្លះទៀត បានផុតពូជ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា អាងទំនប់ទឹកស្ទឹងធម្មជាតិ ដែលអាជ្ញាធរតែងតែបើកបង្ហូរចេញពីតំបន់អភិរក្សនេះ រីងស្ទើរតែអស់ទឹកក្នុងអាង បូកផ្សំអាកាសធាតុកើនកម្ដៅ ធ្វើឱ្យទឹកស្ទឹងធម្មជាតិ ផ្គត់ផ្គង់ជីវិតសត្វព្រៃរីងហួត ប៉ះពាល់ជីវចម្រុះ និងសត្វព្រៃ។
លោក អូត ឡាទីន៖«ក្រៅពីសត្វទន្សោង មានសត្វប្រើស ខ្ទីង ក្នុងតំបន់សង្ឃសហគមន៍រុក្ខាវ័ន មានសត្វផ្សេងៗទៀតដែរប្រឈមមុខទៅហ្នឹង បញ្ហាកង្វះទឹក។ មេរៀនបទពិសោធន៍នេះ ត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី ដើម្បីឱ្យសត្វព្រៃមានទឹក រស់រានមានជីវិតបាន»។
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើឱ្យអាជ្ញាធរ និងក្រសួងបរិស្ថាន ត្រូវបន្ថែមយន្តការថែរក្សាប្រភពទឹក សម្រាប់សត្វព្រៃចិញ្ចឹមជីវិតនៅរដូវប្រាំង និងហាមឃាត់មិនឱ្យពលរដ្ឋចូលទៅនេសាទត្រីក្នុងតំបន់នោះ ដើម្បីសង្គ្រោះសត្វព្រៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។