អ្នកការពារបរិស្ថានល្បីឈ្មោះលំដាប់ពិភពលោក ចេញមុខអំពាវនាវឱ្យមនុស្សគ្រប់គ្នាលើកឡើងប្រឆាំងនឹងការចាប់ខ្លួនសកម្មជនបរិស្ថាន ៣នាក់នៅកម្ពុជា។ សារអំពាវនាវនេះ ទទួលបានការគាំទ្រពីមនុស្សជាច្រើន រាប់ទាំងអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងអ្នកស្រឡាញ់បរិស្ថាន។
ករណីចាប់ខ្លួនសកម្មជនបរិស្ថាន ៣នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុធ នាពេលថ្មីៗនេះ មិនមែនផ្ទុះការចាប់អារម្មណ៍តែនៅកម្ពុជានោះទេ។ ប៉ុន្តែករណីដែលត្រូវបានគេចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ ក៏ទទួលបានចាប់អារម្មណ៍ខ្លាំងនៅលើឆាកអន្តរជាតិដែរ បន្ទាប់ពីការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានធំៗ ជាពិសេស បន្ទាប់ពីអ្នកការពារបរិស្ថានដ៏មានឥទ្ធិពលមួយរូបនៅលើពិភពលោក គឺកញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) បានចេញមុខរិះគន់ករណីនេះជាសាធារណៈ។
កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ បានចែករំលែកព័ត៌មានជា ភាសាអង់គ្លេសរបស់វិទ្យុអាស៊ីសេរីអំពីករណីចាប់ខ្លួនសកម្មជនបរិស្ថាន ៣នាក់នៃចលនាមាតាធម្មជាតិនេះ នៅលើបណ្ដាញធ្វីតធ័រ (Twitter) របស់នាង។ សកម្មជនបរិស្ថានវ័យក្មេងជនជាតិស៊ុយអែត (Sweden) រូបនេះ បានសរសេរថា អ្នកការពារបរិស្ថាននៅទូទាំងពិភពលោកកំពុងទទួលរងការគំរាមកំហែង ការចាប់ខ្លួន និងខ្លះដល់ថ្នាក់ត្រូវគេសម្លាប់ផងក៏មាន។ នាងបន្តថា មនុស្សគ្រប់គ្នាដែលមានសិទ្ធិ ត្រូវតែបន្លឺសំឡេងរបស់យើងប្រឆាំងនឹងករណីរំលោភសិទ្ធិមនុស្សបែបនេះ។ កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ បន្ថែមថា នេះជារឿងគួរឱ្យស្អប់ខ្ពើម ហើយនាងបានដាក់សញ្ញាបង្ហាញមាតិកាជាមួយពាក្យថា «ការពារអ្នកការពារ (បរិស្ថាន)» (#DefendTheDefenders)។
All over the world environmental defenders are being threatened, arrested and even killed. We who are privileged must raise our voices to speak up against these human rights violations. This is outrageous.
សាររបស់កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ បែបនេះ ទទួលបានការចែករំលែក បញ្ចេញមតិ និងពេញចិត្តពីអ្នកប្រើបណ្ដាញធ្វីតធ័រ (Twitter) រហូតដល់ជិត ២សែនដង។ ទោះជាសារនេះ នាងបានបង្ហោះតាំងពីថ្ងៃទី២២ មិថុនាមកក៏ដោយ ក៏មកដល់ពេលនេះនៅតែមានអ្នកចូលទៅគាំទ្រ និងបញ្ចេញមតិឆ្លើយឆ្លងនៅឡើយ។
អ្នកដែលគាំទ្រ និងបញ្ចេញយោបល់ចំពោះសាររបស់កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ មានចម្រុះ ទាំងពលរដ្ឋពលរដ្ឋខ្មែរ និងពលរដ្ឋប្រទេសដទៃ មានទាំងសកម្មជនសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ អ្នកស្រឡាញ់បរិស្ថាន និងអ្នកនយោបាយ ជាដើម ក្នុងនោះ ក៏រួមទាំងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិផងដែរ។ អ្នកខ្លះបានបញ្ចេញយោបល់ថា មានតែនៅកម្ពុជាទេ ដែលសកម្មជនបរិស្ថានជាប់ចោទពីបទក្បត់ជាតិ។ ខ្លះទៀតថា នេះជារឿងអាក្រក់ហួសថ្លែង និងជារឿងអាម៉ាស់បំផុត ដែលការងារការពារបរិស្ថានក្លាយជាបទល្មើស។ រីឯអ្នកខ្លះទៀតបានបួងសួងសុំឱ្យសកម្មជនទាំងបីឆាប់ទទួលបានសេរីភាពវិញ ហើយខ្លះទៀត ស្នើសុំស្ថាប័នអន្តរជាតិធំៗ ឱ្យជួយអន្តរាគមន៍ករណីនេះ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតំណាងអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី២៥ មិថុនា។
កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) អាយុ ១៨ឆ្នាំ គឺជាសកម្មជន និងជាអ្នកតស៊ូមតិផ្នែកបរិស្ថានដ៏មានឥទ្ធិពលនៅលើពិភពលោក។ នាងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនអំពីបញ្ហាបរិស្ថាន ក្នុងនោះក៏រួមទាំងកិច្ចប្រជុំកំពូល និងសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុផងដែរ។ នាងទទួលបានពានរង្វាន់ជាច្រើនក្នុងនាមជាអ្នកការពារបរិស្ថានវ័យក្មេង ហើយមតិយោបល់របស់នាងច្រើនតែទទួលបានការចាប់អារម្មណ៍ និងយកទៅពិចារណា ពីសំណាក់ឥស្សរជននយោបាយ និងក្រុមអង្គការអន្តរជាតិធំៗ។ បណ្ដាញធ្វីតធ័ររបស់នាងមានអ្នកតាមដាន (Followers) ជិត ៥លាននាក់។
មន្ត្រីតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ថ្លែងថា សាររបស់កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ នេះ គឺជាការផ្តល់កម្លាំងចិត្តមួយដ៏សំខាន់ដល់សកម្មជនបរិស្ថានទាំង ០៣នាក់ដែលកំពុងជាប់ឃុំ និងសកម្មជនបរិស្ថានដទៃទៀតដែលរងការយាយីនៅកម្ពុជា។ លោកបន្តថា នេះជាការបង្ហាញយ៉ាងច្បាស់ថា បញ្ហាបរិស្ថាន គឺជាបញ្ហាសាកល ហើយការធ្វើទុក្ខបុកម្នេញលើអ្នកការពារបរិស្ថាននៅកម្ពុជា ក៏មានន័យស្មើនឹងការធ្វើទុក្ខបុកម្នេញលើអ្នកការពារបរិស្ថានដទៃទៀតលើពិភពលោកដែរ៖ « បើពួកគាត់ទាំងបីនាក់បានដឹងពីដំណឹងនេះ ខ្ញុំយល់ឃើញថា គាត់នឹងមានមោទនភាពចំពោះខ្លួនឯង ដែលពិភពលោកមិនបានទុកគាត់ឱ្យនៅឯកោ ហើយពិភពលោកបានបង្ហាញនូវការជឿជាក់ និងគាំទ្រជាខ្លាំង។ ដូច្នេះខ្ញុំក៏មានសង្ឃឹមថា ប្រតិកម្មពីមហាជនក្នុងស្រុក និងពីមជ្ឈដ្ឋានអន្តរជាតិ ព្រមទាំងពិភពលោកទាំងមូល នឹងជួយធ្វើឱ្យរដ្ឋាភិបាលពិចារណាក្នុងការទម្លាក់បទចោទប្រកាន់ និងដោះលែងពួកគាត់ទាំងអស់ឱ្យមានសេរីភាពឡើងវិញ » ។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់យុវជនមាតាធម្មជាតិ ៣នាក់ពីបទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីចាប់ខ្លួនពួកគេកាលពីថ្ងៃទី១៦ មិថុនា។ ក្នុងនោះ កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី រងការចោទប្រកាន់ទាំង ពីរបទល្មើស រីឯយុវជន លី ចាន់ដារ៉ាវុធ រងការចោទប្រកាន់មួយបទល្មើសគឺបទ «រួមគំនិតក្បត់»។ «បទប្រមាថព្រះមហាក្សត្រ» ប្រឈមនឹងទោសជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ខណៈ «បទរួមគំនិតក្បត់» វិញ ជាប់ទោសចន្លោះពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ជាច្រើនលានរៀលថែមទៀត។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោសធ្ងន់ៗ លើរបបក្រុងភ្នំពេញ ចំពោះករណីនេះ។ ពួកគេចាត់ទុកថា នេះជាការចោទប្រកាន់ដ៏អាក្រក់ហួសហេតុនេះ និងជាការប៉ុនប៉ងឥតលាក់លៀមរបស់អាជ្ញាធរកម្ពុជា ដើម្បីបំបិទមាត់ និងបំភិតបំភ័យយុវជន និងសកម្មជនបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនផង បានទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនទាំងបីនាក់ ព្រមទាំងសកម្មជនមួយចំនួនទៀតឱ្យមានសេរីភាពវិញជាបន្ទាន់។ ជាមួយគ្នានេះ ពួកគេក៏ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើបាបក្រុមអ្នកការពារបរិស្ថាន ដោយងាកទៅគោរពសិទ្ធិពលរដ្ឋ និងលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងការងារការពារបរិស្ថានឱ្យបានទូលំទូលាយវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។