ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​បោះតង់ នៅ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រៃឈើ

0:00 / 0:00

ក្រុម​យុវជន ៣៤​នាក់ ធ្វើ​យុទ្ធនាការ​បោះតង់ រយៈពេល ២​យប់ និង ៣​ថ្ងៃ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ក្នុង​ខេត្ត​កំពង់ស្ពឺ ជាប់​ព្រំប្រទល់​ខេត្ត​កោះកុង ដើម្បី​ពិនិត្យមើល​ស្ថានភាព​ព្រៃឈើ និង​ផ្សព្វផ្សាយ​ពី​សារសំខាន់​ព្រៃឈើ​។ ពួកគេ​បារម្ភ​ថា ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ នឹង​ប្រឈម​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន​ចិន។

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា បាន​បញ្ចប់​យុទ្ធនាការ​បោះតង់​ស្នាក់​នៅ​លើ​ភ្នំ​វាល​ខ្នង​សំពៅ និង​ភ្នំ​ខ្នង​ក្រពើ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​កាលពី​ថ្ងៃ​ទី​២៣ សីហា​។ ដំណើរ​យុទ្ធនាការ​នោះ ពួកគេ​បាន​បំបួស​ដើមឈើ​រាប់​រយ​ដើម និង​លើក​បដា បំផុស​ចលនា​ឱ្យ​មហាជន​ចូលរួម​ថែរក្សា​មរតក​ធម្មជាតិ។

យុវជន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​នេះ គឺ​លោក ចាន់ សាញ់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ សីហា ថា ពួកគេ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក្នុង​បំណង​តាមដាន និង​ឃ្លាំមើល​ពី​ស្ថានភាព​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​នេះ​។ លោក​ថា ក្រុម​យុវជន​បាន​បោះតង់​ស្នាក់​នៅ​លើ​ភ្នំ​ខ្នងក្រពើ និង​ភ្នំ​វាល​ខ្នង​សំពៅ​រយៈ ២​យប់ ដោយ​ធ្វើដំណើរ​ថ្មើរជើង​ចម្ងាយ ៤២​គីឡួម៉ែត្រ ទាំង​ទៅ​ទាំង​មក​។ លោក​សោកស្ដាយ​ចំពោះ​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ព្រៃឈើ​ដែល​សេសសល់​ពួកគេ​ចង់​ឱ្យ​មាន​ការ​ថែរក្សា​ឱ្យ​ច្បាស់លាស់ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព​បម្រើ​វិស័យ​ទេសចរ​៖ ៖ «នៅ​ពេល​យើង​ឃើញ តំបន់​នោះ​មាន​ព្រៃឈើ​ស្អាត តំបន់​ហ្នឹង​ស្អាត​មែនទែន យើង​រួមចំណែក ផ្សព្វផ្សាយ​នៅ​តំបន់​នោះ ហើយ​យើង​បាន​បំបួស​ដើមឈើ​ដើម្បី​ឱ្យ ព្រៃឈើ​នៅ​ទីនោះ គេច​ផុត​ពី​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ខុស​ពី​តំបន់​ផ្សេងៗ​ជាដើម​។ យើង​មានគំនិត​មួយ​ថា យើង​នឹង​រួមចំណែក ធ្វើ​យ៉ាងណា ផ្សព្វផ្សាយ​ឱ្យ​ព្រៃឈើ​ហ្នឹង​នៅសល់»។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ដែល​ចូលរួម​យ​យុទ្ធនាការ​នោះ​ដែរ ថ្លែង​ថា ក្រុម​យុវជន​មិន​ហ៊ាន​ប្រារព្ធ​យុទ្ធនាការ​នេះ​ដោយ​បើកចំហ​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​រារាំង និង​ធ្វើទុក្ខបុកម្នេញ ។ លោក​បញ្ជាក់​ថា យុទ្ធនាការ​នេះ ជំរុញ​ឱ្យ​មហាជន ចាប់អារម្មណ៍​ការពារ​ធនធានធម្មជាតិ​ទាំងអស់​គ្នា និង​ចូលរួម​តាមដាន ពី​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​រដ្ឋ ។ លោក​បារម្ភ​ថា ព្រៃ​អភិរក្ស​នេះ កំពុង​រង​ការ​គំរាមកំហែង ពី​សំណាក់​ក្រុមហ៊ុន​ចិន ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ បាន​បោះ​ទុន​វិនិយោគ​ព្រៃ​មួយ​ផ្នែក នៅ​តំបន់​នោះ ដែល​អាច​ធ្វើ​ឱ្យ​ព្រៃឈើ​ហិនហោច ៖ «តំបន់​នោះ​មានការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ពិតប្រាកដ​មែន សូម្បីតែ​ពលរដ្ឋ នៅ​តំបន់​សហគមន៍​គាត់​ក៏បាន​លើកឡើង​ដែរ​ថា មាន​ក្រុមហ៊ុន​ចិន មួយ​បាន​ចូល​ទៅ​វិនិយោគ ដើម្បី​ឱ្យ​ពលរដ្ឋ​នៅ នៅ​ក្រឡឹង​ជុំវិញ​ហ្នឹង ចៀរជ័រ​ដើម​ស្រល់ យក​ជ័រ​ស្រល់​ហ្នឹង​យក​ទៅ ផលិត ហើយ​យើង​មិនទាន់​ដឹង​ថា ជ័រ​ស្រល់​ផលិត​ជា​អ្វី​ទេ​ ? តែ​យើង​នៅ​សង្ស័យ​ថា អាច​បង្កប់​រូបភាព​មួយ ដោយ​ខុសច្បាប់»។

ដំណើរ​យុទ្ធនាការ របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន នៅ​លើ​ភ្នំ​ខ្នង​ក្រពើ និង​ភ្នំ​វាល​ខ្នង​សំពៅ ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ពុំ​មាន​ការរារាំង ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​នោះ​ទេ​។ ពួកគេ បាន​ផ្សព្វផ្សាយ ពាក្យស្លោក​តាម​បណ្ដាញ​សង្គម ដូចជា​ពាក្យ​ថា «​ស្នេហា​បរិស្ថាន និង​រួមគ្នា​ថែរក្សា​ព្រៃ​ឱ្យ​គង់វង្ស​» «​យើង​ត្រូវ​ប្រើ​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​នៃ​បរិស្ថាន​» «​ការពារ​ព្រៃ​ដូច​ការពារ​ជីវិត​ខ្លួនឯង​» «​ឈប់​កាប់​ព្រៃឈើ​ស្មើនឹង​ឈប់​ចិញ្ចឹម​ជន​ក្បត់​» «​កាប់​ព្រៃឈើ​បម្រើ​ប្រយោជន៍​អ្នកមាន ពេល​ព្រៃ​ហោច​ហិន​អស់​យើង​ជា​អ្នករងគ្រោះ​» ជាដើម។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ក្រា តាម​បណ្ដាញ​សង្គម​សិកណល (Signal) និង​ហៅ​តាម​ទូរស័ព្ទ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ និង​មិន​ឆ្លើយតប​តាម​សិកណល​ឡើយ នៅ​ថ្ងៃ​ទី២៤ សីហា។

ចំណែក​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ចាត់​ទុក​យុទ្ធនាការ​របស់​ក្រុម​យុវជន ជា​រឿង​ល្អ ដើម្បី​រួមគ្នា ថែរក្សា​ធនធានធម្មជាតិ ជាមួយ​អាជ្ញាធរ។ លោក​ថា ព្រៃឈើ​ជា​ទ្រព្យ​មនុស្សជាតិ​ទាំងអស់​គ្នា ហើយ​ការចូលរួម​របស់​ក្រុម​យុវជន បាន​រួម​ចំណែក​សំខាន់ អភិរក្ស​ធនធាន​របស់​ជាតិ កាន់​តែ​មាន​ប្រសិទ្ធភាព៖ «រង់ចាំ​តែ​អាជ្ញាធរ មិនមែន​រង់ចាំ​តែ​មនុស្ស ២​ទៅ ៣​នាក់ ការពារ​ព្រៃឈើ​ទេ​។ យើង​ត្រូវ​ចូលរួម​ការពារ​ទាំងអស់​គ្នា បាន​វា​ជោគជ័យ​។ ព្រោះ​អាហ្នឹង​វា​ជា​សម្បត្តិ​របស់​មនុស្សជាតិ​ទូទៅ​សម្បត្តិ​រួម កុំឱ្យ​មើលបំណាំ​គ្នា​ចូលរួម​ការពារ​បាន​ទាំងអស់​គ្នា នរណា​ក៏​មាន​សិទ្ធិ​ការពារ វា​ជា​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ជាតិ»។

តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល លាតសន្ធឹង​ជាប់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង ជា​តំបន់​ការពារ​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល មាន​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤០១.៣១៣)​។ ក្រុម​យុវជន​ចាត់​ទុក​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ ជា​ឋានសួគ៌​ទេសភាព សំបូរ​ដោយ​ដើម​ស្រល់​ដុះ​រាល​តាម​តំបន់​ខ្ពង់រាប និង​មាន​ដើមឈើ​ធំៗ ដុះ​ននៀល​តាម​ជម្រាល​ភ្នំ​ខៀវខ្ចី ជា​ទី​រមនា​របស់​អ្នកទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។