អ្នកជំនាញផ្នែកគីមីវិទ្យាពិភពលោកចំនួនពីរនាក់ ចែករំលែកចំណេះដឹងដល់គរុសិស្សខ្មែរ តាមរយៈការបង្រៀនពីទ្រឹស្ដី និងការអនុវត្តទាក់ទងនឹងការប្រើប្រាស់សារធាតុគីមីក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
ការចែករំលែកបទពិសោធន៍នេះ ក្រោមកិច្ចសហការ ពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសវិទ្យានៃរាជបណ្ឌិតសភាកម្ពុជាផ្នែកគីមី និងចំណីអាហារ សមាគមគីមីកម្ពុជា និងសហព័ន្ធអន្តរជាតិសម្រាប់គីមី ទ្រឹស្ដីនិងអនុវត្ត (IUPAC) នៅថ្ងៃទី២៩ ខែវិច្ឆិកា។
អ្នកស្រី ខ្លូត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ការផ្ដល់ចំណេះដឹងស្ដីពីការប្រតិបត្តិគីមីទាក់ទងនឹងការរស់នៅប្រចាំថ្ងៃនេះ ដើម្បីឲ្យសិក្ខាកាម អាចចែករំលែកចំណេះតាមរយៈការបង្រៀន នៅពេលពួកចេញបំពេញការងារ។ អ្នកស្រីលើកឡើងថា ទន្ទឹមនឹងការរីកចម្រើនរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើពលរដ្ឋមិនសូវយល់ដឹង ពីផលប៉ះពាល់នៃផលិតផលគីមីទេ និងធ្វើឲ្យខូចសុខភាពខ្លួនឯងដោយមិនដឹងខ្លួន៖ «អ្នកចេះដឹងមកដល់ហើយ យើងម្ចាស់ផ្ទះ ត្រូវឲ្យគាត់ទៅវិញតែខ្លួន ចំណេះដឹងយើងយកឲ្យអស់»។
អ្នកជំនាញគីមីដែលចែករំលែកចំណេះដឹងនេះ គឺអ្នកស្រីសាស្ត្រាចារ្យ លីដា ស្ចូន (Lida Schoen) និងអ្នកស្រី សាស្ត្រាចារ្យ ម៉ី ហុងជឺ (Mei Hung Chiu) តំណាងសហព័ន្ធអន្តរជាតិសម្រាប់គីមីទ្រឹស្ដី និងអនុវត្ត(IUPAC)។ នៅថ្ងៃទី៣០ ខែវិច្ឆិកា អ្នកជំនាញគីមីជាច្រើនរូបនៅលើពិភពលោកបន្ថែមទៀត នឹងចូលរួមចែកចំណែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួននៅរាជបណ្ឌិតសភាកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។