អង្គការស្រ្តី​ជំរុញ​ឲ្យអាជ្ញាធរ​បញ្ជូន​សំណុំរឿង​ចោទប្រកាន់ ​​អតីត​ស្នងការនគរបាល ​ខេត្ត​ កំពង់ធំ ​ពីការបៀតបៀន​ផ្លូវភេទ​ទៅតុលាការ

0:00 / 0:00

ក្រសួងមហាផ្ទៃ​សម្រេច​ដក លោក អ៊ុក កុសល ពី​តំណែង​ជា​ស្នងការនគរបាល​ខេត្ត​កំពង់ធំ បន្ទាប់​ពី​រកឃើញថា​ជាប់​ពាក់ព័ន្ធ និង​ការបៀតបៀន​ផ្លូវភេទ​មន្រ្តីនគរបាល​ជាស្រ្តី នៅ​ក្រោមបង្គាប់​របស់​លោក។ បើទោះជាយ៉ាងណា​មន្រ្តី​ជាន់ខ្ពស់​នគរបាលជាតិ​ថា សំណុំរឿង​នេះ​អនុវត្ត​ត្រឹម​វិធានការ​រដ្ឋបាល ពោលគឺ​មិន​ត្រូវ​បញ្ចូន​ទៅ​តុលាការ​ទេ។ ក្រុមអង្គការ​សង្គមស៊ីវិលផ្នែក​សិទ្ធិស្រ្តី​បារម្ភ​ថា​យុត្តិធម៌​នឹងមិន​បាន​ផ្ដល់​អោយ​បាន​ពេញលេញ​ដល់​ជនរងគ្រោះ​ឡើយ នៅពេលដែល​អ្នកប្រព្រឹត្ត​មិនត្រូវ​នាំ​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

ក្រុមអង្គការ​សង្គម​ស៊ីវិល​ធ្វើការងារ​លើកស្ទួយ​សិទ្ធិស្រ្តី​ជំរុញ​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅតុលាការ ដើម្បី​ធានា​ដាក់ទោសទណ្ឌ​អ្នកប្រព្រឹត្ត​អំពើ​បៀតបៀន​ផ្លូវភេទ​ស្រ្តី និង​ផ្ដល់យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ។

ការលើកឡើង​នេះ​គឺ​នៅពេល ដែល​ក្រសួងមហាផ្ទៃ​សម្រេច​ដក​តំណែង លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្ត កំពង់ធំ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា ក្រៅ​ពី​ដក​តួនាទី​ជាស្នងការ​ហើយ ក្រសួង​ក៏សម្រេច​ដកហូត​ងារ​ជា​ឧត្តមសេនីយ៍​របស់​លោក អ៊ុក កុសល អោយ​មក​ជា​មន្រ្តី​នគរបាល​ធម្មតា។ បើទោះជាយ៉ាងណា​បើតាម លោក ឆាយ គឹមខឿន ថា ករណីនេះ​នឹង​មិនត្រូវ​បញ្ចូន​ទៅតុលាការ​ឡើយ បើទោះបីជា​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ថា លោក អ៊ុក កុសល ពិតជា​ជាប់ទាក់ទង​នឹង​ការបៀតបៀន​ផ្លូវភេទ​មន្រ្តី​នគរបាល​នៅ​ក្រោមបង្គាប់​របស់​លោក​យ៉ាងណាក្ដី។

នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា លើកឡើងថា​កញ្ញា​សាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ដែល​បាន​ផ្ដួចផ្ដើម​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ប៉ុន្តែ​នៅមិនទាន់​មិនគ្រប់គ្រាន់​នៅ​ឡើយ ប្រសិនបើ​អាជ្ញាធរ​មិន​បញ្ជូន​រឿង​នេះ​ទៅតុលាការ ព្រោះការបៀតបៀន ការរុកគួន​ផ្លូវភេទ​នេះ​ជាបទល្មើសព្រហ្មទណ្ឌ៖ «អ្វីដែល​ជនរងគ្រោះ​ចង់បាន​គឺ​យុត្តិធម៌ ប្រហែល​ជា​មិន​ចង់​ឃើញ​ត្រឹមតែ​ការដក​តំណែង​ទេ ហើយ​បើសិនជា​គាត់​ភ័យបារម្ភ​ពាក់ព័ន្ធ​ដល់​ការប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្រ្តី​ហ្នុង ការពិតទៅ​យើង​បាន​ដឹង​ហើយ​ថា​ពាក្យបណ្ដឹង​ហ្នឹង​បាន​បែក​ខ្ចរខ្ចាយ​ជាសាធារណៈ ហើយ​មាន​ទាំង​អត្តសញ្ញាណ​របស់​គាត់ផង​ដែរ។ អ៊ីញ្ចឹង​ទាំងអស់​គ្នា​សុទ្ធ​តែ​ដឹង​ថា​គាត់​ជា​ជនរងគ្រោះ​នៃ​ការបៀតបៀន​ផ្លូវភេទ​ពី​សំណាក់​អតីត​មេដឹកនាំ​របស់​គាត់​ហ្នឹង។ ខ្ញុំគិតថា​វាអត់មាន​រឿងអី​ទាក់ទង​ដល់​ការខូច​ឈ្មោះ​ទេ ប៉ុន្តែ​បើសិនជា​រឿងហ្នឹង​ជនប្រព្រឹត្ត​អត់ត្រូវបាន​ផ្ដន្ទាទោស​តាមច្បាប់​ទើបធ្វើ​អោយគាត់​មិន​ទទួល​បាន​យុត្តិធម៌ ហើយ​អាច​នឹង​ថា​បាត់បង់​កេរ្តិ៍ឈ្មោះ​អីចឹង​មែន។»

អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ក្រោយពី​បាន​ស៊ើបអង្កេត​ក្រសួង​បាន​រកឃើញថា លោក អ៊ុក កុសល ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​មន្ត្រី​នគរបាល​ស្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន។ លោក នេត សាវឿន បាន​បញ្ជាក់​ថា បើទោះជា​លទ្ធផល​ស៊ើបអង្កេត​បានរក​ឃើញ​បែបនេះ​ក្តីក៏សំណុំរឿង​នេះមិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារតែ​អាជ្ញាធរ​លំបាក​ក្នុង​ការ​ចងក្រង​ឯកសារនិង​ធាតុផ្សំ​នៃ​រឿង ហើយ​រឿង​នេះ​បាន​កើតឡើង​ជា​យូរឆ្នាំមកហើយ និង​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​បស់​ជនរងគ្រោះ​ជា​នគរបាល​ស្រ្តី​ទាំងនោះ​ផង​ដែរ។ លោកថា​កាលណា​ដាក់​ទៅ​តុលាការ ត្រូវ​មេធាវី​ដេញដោល ដើម្បី​ការពារ​ក្តី​ទាំង​សង្ខាង បើសិនណា​ដេញដោល​រឿង​នេះ គឺជា​ការអៀនខ្មាស់​សម្រាប់​នារី​ជនរងគ្រោះ ឬក៏​នារី​ខ្មែរ​គ្រប់រូប ព្រោះ​រឿង​សុបិន្ត​អាក្រក់​កើតឡើង​ហើយ មិនចង់​យក​មក​សារឡើងវិញ​ទេ នេះ​ហើយ​ជាគោលបំណង​មួយ​ការពារ​ឥទ្ធិពល ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ ដែល​អាជ្ញាធរ​ត្រូវតែ​ធ្វើ​របៀប​នេះ ​បាន​ជាស​ម្រេច​ចិត្ត​មិន​បញ្ជូន​ទៅ​ផ្លូវច្បាប់។

បន្ថែម​ពីនេះ លោក ឆាយ គឹមខឿន ប្រាប់ថា​មូលហេតុមួយទៀត​នោះគឺ​ជនរង​គ្រោះ​បាន​សម្រេច​ថាមិន​ចង់អោយ​ដាក់បណ្ដឹង​បន្ដ​ទៅ​តុលាការ។

ឆ្លើយតប​រឿងនេះ​ដែរ នាយិកា​អង្គការ​យេនឌ័រ និងអភិវឌ្ឍន៍ ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើកឡើង​ថា​ អាជ្ញាធរ​មិនគួរ​លើកយក​បញ្ហា​ភាពអៀនខ្មាស់​របស់​ស្រ្តី​ជាជនរងគ្រោះ ​មក​ធ្វើ​ជាបញ្ហា​ទៅ​បង្អាក់​ការបញ្ជូន​រឿង​នេះ​ទៅ​តុលាការ​ឡើយ។ អ្នកស្រី​ថា​ករណីនេះ​ភាគីពាក់ព័ន្ធរួមទាំង​ក្រសួងកិច្ចការនារីផង​ត្រូវ​ធានាការពារ​សុវត្ថិភាព​របស់​ជនរងគ្រោះ និង​សម្របសម្រួល​អោយរឿងក្ដីនេះ​អាចដំណើរ​នៅ​តុលាការ៖ «ព្រួយបារម្ភ​ធំ​បំផុត​គឺ​ដកហូត​មុខតំណែង​អ៊ីញ្ចឹង​គឺ​បុគ្គល​ហ្នឹង​គាត់​អាចមាន​សេរីភាព ដើរ​ហើរ​ហើយដែល​គាត់​អាច​ធ្វើការ​អីមួយ ឬ​គាត់​អាច​គុំគួន។ ខ្ញុំ​គ្រាន់​តែចង់​អោយ​អាជ្ញាធរ​ក៏ដូចជា​រាជរដ្ឋាភិបាល​មើល​ទៅ​លើ​បញ្ហា​ហ្នឹង ដើម្បី​រក្សាសុវត្ថិភាព​របស់​ស្រ្តី។»

អាស៊ីសេរី​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការនារី អ្នកស្រី ម៉ាន ចិន្តា អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់ អ្នកស្រី ស ស៊ីណែត ជុំវិញ​ជំនួយ​ដល់​អ្នករងគ្រោះ​នេះ ប៉ុន្តែ​ពុំមាន​អ្នកទទួល​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី៨ ខែ​កញ្ញា។

ចំណែក​ប្រធានមន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ អ្នកស្រី ស៊ិន ស៊ីផាន ឆ្លើយ​ប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​តែង​តាមដាន​រឿងនេះ​ជាប់​ជានិច្ច និង​ថា​ប្រសិនបើ​ជនរងគ្រោះ​ស្នើសុំ​ជំនួយ​នោះ​មន្ទីរ​នឹង​ផ្ដល់ជំនួយ​ផ្លូវច្បាប់​ដល់​ជនរងគ្រោះ។ ប៉ុន្តែ​ទោះជាយ៉ាងណា​អ្នកស្រី​ថា​រឿងនេះ​ឋិត​ក្នុង​ការទទួលខុសត្រូវ​របស់​ក្រសួង​មហាផ្ទៃ៖ «យើង​គ្រាន់តែ​ជួយ​សម្របសម្រួល​រក​មេធាវី ហើយ​បញ្ជូន​ទៅ​តុលាការ ទៅអី​ទៅ បើ​គេមករក​យើង គឺ​យើង​នឹង​ជួយ ប៉ុន្តែគេ​មហាផ្ទៃ​ប៉ុណ្ណាណី​ហើយ យើង​មិនទៅ​លូក​ដៃអីទេ។»

ជនរងគ្រោះ​ជា​នគរបាល​ជាស្ត្រី​ចំនួន​៤​នាក់​បាន​ទម្លាយ​ករណី​បៀតបៀន​ផ្លូវភេទ​ពួកគេ​ប្រព្រឹត្ត​ដោយ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ លោក អ៊ុក កុសល ដោយពួកគេ​បាន​ដាក់បណ្ដឹង​ទៅ​រដ្ឋមន្រ្តី​ក្រសយង​មហាផ្ទៃ លោក ស ខេង អោយ​ជួយ​រក​យុត្តិធម៌។ កាលពី​ថ្ងៃ​តី​១៣ ខែ​សីហា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន សម្រេច​ផ្អាកការងារ លោក អ៊ុក កុសល បណ្ដោះអាសន្ន ដើម្បី​អោយ​មន្រ្តី​នៅ​ក្រសួង​នេះ​បើក​ការស៊ើប​អង្កេត។

បើទោះជា​យ៉ាងណា​ពេលនោះ លោក អ៊ុក កុសល ​បាន​ចេញ​វីដេអូឃ្លីប​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា រឿងនេះ​អាច​ជាការកាច់កុង​ចង់បាន​តំណែង​ជាស្នងការ​របស់​លោក ប៉ុណ្ណោះ និង​ថា​លោក​តែងតែខិតខំ បំពេញ​ការងារ និង​យកចិត្តទុកដាក់​ដល់​កូនចៅ​ក្រោមបង្គាប់ ព្រមទាំង​ផ្ដួចផ្ដើម​គំនិត​លើកតម្កើង​ក្រុម​នគរបាល​ជានារី​ថែមទៀត។

យ៉ាងនេះ​ក្ដី​នៅ​ក្នុង​លិខិត​មួយ​កាល​ពី​ខែ​មីនា លោក ស ខេង ធ្លាប់​ព្រមាន​លោក​ស្នងការរូបនេះ​ពីការខ្វះការយកចិត្តទុកដាក់ក្នុងការងារ​គ្រប់គ្រង និង​ដឹកនាំ ដែល​ត្រូវ​តែកែប្រែ អោយ​មាន​របៀប​រៀបរយ​ឡើងវិញ។

ចំពោះ​ករណី​មិន​បញ្ជូន​រឿង​លោក អ៊ុក កុសល ទៅ​តុលាការ​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរ​នៅ​លើហ្វេសប៊ុក​របស់​អ្នកស្រី​ថា ការបញ្ចប់ ត្រឹម តែ ការបញ្ចប់​តំណែង និង​បន្ថយ​ឋានៈ ហើយ​មិនមាន​ចំណាត់ការ​តាមផ្លូវច្បាប់​នេះ មិនមែន​ដំណោះស្រាយ​ប្រកប​ដោយ​គតិយុត្តិ​នោះទេ ហើយ​ជា​ការផ្តល់​សារ​ដល់​ជនល្មើស​ថា​ ខ្លួន​នឹង​រួច​ពី​សំណាញ់​ច្បាប់​នូវ​ទង្វើ​បំពាន​របស់​ខ្លួន។ អ្នកស្រី​បន្តថា ហេតុផល​នៃ​សេចក្តីថ្លៃថ្នូរ​ កិត្តិយស​ដល់​ជនរងគ្រោះ​អាច​ការពារ​តាម​នីតិវិធី​របស់​តុលាការ​ដែល​មាន​ជាធរមាន បើមិន​ដូច្នោះ​បាន​ន័យ​ថា​ គ្រប់​ករណី​បៀតបៀន​បែបនេះ​នឹង​មិនត្រូវ​បញ្ជូន​ទៅតុលាការ និង​បានយុត្តិធម៌ទេ ​ព្រោះ​វា​បញ្ជាក់​ថា តុលាការ​កម្ពុជា​មិនមាន​យន្តការ​ការពារ​ជនរងគ្រោះ​ផង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។