សាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី៣០ ខែធ្នូ ដោយចាត់ទុកសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពាក់ព័ន្ធនឹងបទចោទ“ផលិតនិងកាន់កាប់រូបភាពអាសអាភាស” របស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី។ មេធាវីនិង សង្គមស៊ីវិល ចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ប្រកាសថា បណ្ដឹងសាទុក្ខរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលស្នើសុំឱ្យសាលាឧទ្ធរណ៍បដិសេធចោលសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញនោះ គឺមិនអាចយកជាការបានទេ។ លោក ប្លង់ សំណាង លើកហេតុផលថា សាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទប្រកាន់“ផលិតនិងកាន់កាប់រូបភាពអាសអាភាស” គឺមិនទាន់ចប់នីតិវិធីនៅឡើយ ហើយលោកអះអាងថា ការបន្តស៊ើបអង្កេតលើបទចោទមួយនេះ គឺជាការជួយស្វែងរកយុត្តិធម៌សម្រាប់អ្នកទាំងពីរ និងមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនោះទេ ព្រោះអ្នកទាំងពីរ កំពុងរស់នៅក្រៅឃុំបណ្ដោះអាសន្ន។
ផ្ទុយពីការលើកឡើងនេះ មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ព្រោះលោកថា វាកាន់តែធ្វើឱ្យសំណុំរឿងនេះអូសបន្លាយពេលវេលាតទៅទៀត និងប៉ះពាល់ដល់សិទ្ធិសេរីភាពកូនក្តីរបស់លោក។ លោកបន្តថា លោកនឹងជួបជជែកជាមួយកូនក្តីបន្ថែមទៀតថា តើនឹងត្រូវបន្តប្តឹងជំទាស់ទៅតុលាការកំពូលឬយ៉ាងណា៖ «សេចក្តីសម្រេចបែបនេះ គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាព កូនក្តីរបស់ខ្ញុំដោយមិនអាចប្រកែកបានឡើយ»។
កាលពីថ្ងៃសប្ដាហ៍មុន សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ពាក់ព័ន្ធនឹងបទចោទពីរឿង«ផលិត និងកាន់កាប់រូប ភាពអាសអាភាស»។ ចំណែកពាក់ព័ន្ធនឹងបទចោទរឿង «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» សាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ខាងមុខ។ បណ្ដឹងសាទុក្ខនេះ ជាការប្រឆាំងទាស់នឹងសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញដែលតម្រូវឱ្យស៊ើបអង្កេតសំណុំរឿងនេះបន្ថែមទៀត ហើយនិងស្នើសុំឱ្យសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់នេះទាំងស្រុង។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែងថា ការសម្រេចរបស់សាលាឧទ្ធរណ៍ គឺជារឿងអយុត្តិធម៌។ លោកបន្តថា សំណុំរឿងរបស់លោកគ្មានអ្វីត្រូវស៊ើបអង្កេតបន្ថែមទៀតនោះទេ ប៉ុន្តែលោកយល់ថា តុលាការមានបំណងធ្វើបាបពួកលោក។ លោកបន្ថែមថា ចាប់តាំងពីតុលាការសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងរបស់លោក កាលពីថ្ងៃទី៣ ខែតុលា មក ចៅក្រមស៊ើបសួរមិនដែលហៅពួកលោកទៅសួរនាំអ្វីទៀតនោះទេ។ លោកអះអាងជាថ្មីទៀតថា ពួកលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ៖ «ខ្ញុំចេះតែឆ្ងល់ដែរថា បើរឿងនេះស៊ើបអង្កេតហើយមិនឃើញ មានអី ហេតុអីចេះតែទុកបែបនេះ ហេតុអីមិនបញ្ចប់ការស៊ើបអង្កេត ហើយប្រកាសសាលក្រម ឬក៏ធ្វើការជំនុំជម្រះឡើងវិញបែបណាឱ្យបានឆាប់ទៅ ហេតុអីចេះតែទុករឿងរ៉ាវយើងខ្ញុំនៅអ៊ីចឹង។ ខ្ញុំគិតថា តុលាការដូចជាមានចេតនាធ្វើបាបយើងខ្ញុំទាំងពីរនាក់ ចង់ឱ្យយើងខ្ញុំទាំងពីរនាក់រស់នៅរបៀបនេះ។ ទោះបីជាខ្ញុំរស់នៅក្រៅឃុំក៏ដោយ ប៉ុន្តែការស់នៅខុសពីគេពីឯង ព្រោះពួកខ្ញុំ នៅមានបម្រាមរបស់តុលាការ ដូច្នេះសេរីភាពរបស់ខ្ញុំមិនបានពេញលេញដូចគេទេ។ សូមឱ្យ តុលាការ បញ្ចប់ការស៊ើបអង្កេតឱ្យបានលឿនទៅ»។
ស្រដៀងគ្នានេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកសោកស្ដាយចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ព្រោះសំណុំរឿង នេះនឹងត្រូវអូសបន្លាយពេលតទៅទៀត ទាំងដែលតុលាការគ្មានមូលដ្ឋាន និងភស្តុតាងគ្រប់គ្រាន់បង្ហាញពីពិរុទ្ធភាពរបស់អ្នកទាំងពីរនោះឡើយ ក្នុងពេលសវនាការកន្លងមក។ លោកសង្ឃឹមថា ក្រោយការសម្រេចបែបនេះរបស់សាលាឧទ្ធរណ៍តុលាការក្រុងភ្នំពេញ នឹងពន្លឿននីតិវិធីលើអង្គសេចក្ដីឡើងវិញ ដើម្បីឱ្យអតីតអ្នកយកព័ត៌មានទាំងពីរបានរួចផុតពីការចោទប្រកាន់៖ «វាបង្កផលលំបាកច្រើនសម្រាប់ពួកគាត់ទី១ គឺពួកគាត់មិនមានសេរីភាពពេញលេញក្នុងការដើរហើរទេ ដោយសារការហាមឃាត់របស់តុលាការ។ ពួកគាត់មិនអាច ចេញក្រៅប្រទេសបាន ដូចលោក យាង សុធារិន្ទ មិនអាចទៅសួរសុខទុក្ខឪពុកម្ដាយនិងសាច់ញាតិ នៅកម្ពុជាក្រោម។ ទី២ពួកគាត់បាត់បង់សិទ្ធិស្វែងរកការងារធ្វើសម្រាប់ចិញ្ចឹមជីវិត ដោយសារ ជាប់សំណុំរឿងក្នុងតុលាការ។ ទី៣ ករណីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នេះ នឹងនៅតែបន្ត រងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិ ជាពិសេសពីសហគមន៍អឺរ៉ុបដែលគេថា វាប៉ះពាល់ដល់ សេរីភាព អ្នកសារព័ត៌មានជាដើម»។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិជិត៤០ ស្ថាប័នបានទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប និងអ្នកសារព័ត៌មានមួយចំនួនទៀត ព្រោះពួកគេពិនិត្យឃើញថា ចំណាត់ការនេះមិនមែនជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែជាវិធានការបង្ក្រាបលើសំឡេងរិះគន់ និងសារព័ត៌មានឯករាជ្យទៅវិញ។ ក្រុមសង្គមស៊ីវិលយល់ថា ការបន្តសំណុំរឿងទាំងនេះ មានន័យស្មើនឹងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន និងជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ស្នើសុំឱ្យអាជ្ញាធរកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការយាយី ការឃុំខ្លួន ការគំរាមកំហែង ការបំភិតបំភ័យ និងការរើសអើងលើអ្នកសារព័ត៌មានឯករាជ្យផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។