ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

0:00 / 0:00

ស្ត្រី​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បុរីកីឡា​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧មករា ចាប់​ខ្លួន​នាំ​ទៅ​អធិការ​ខណ្ឌ ខណៈ​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ ១០​នាក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សហគមន៍​បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ សីហា។

ស្ត្រី​សកម្មជន​ដីធ្លី​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ គឺ​អ្នកស្រី សរ ស៊ន។ អ្នកស្រី​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទៅ​អប់រំ​ចំនួន ៥​ដង​ហើយ ដោយសារ​តែ​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មួយ​រូប ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់ និង​សម​គំនិត​សូកប៉ាន់​សាក្សី។

ប៉ុន្តែ​ក្រោយ​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ពលរដ្ឋ​សកម្មជន​ដីធ្លី​ដែល​តែង​តែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ បាន​រួម​បញ្ចូល​នឹង​ការ​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ដល់​លោក កែម ឡី ផង។

ក្នុង​ពេល​ចាប់​ខ្លួន​អ្នកស្រី សរ ស៊ន គឺ​សមត្ថកិច្ច​បាន​ចុះ​មក​រារាំង​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ ១០​នាក់ ហើយ​ក៏​ប្រតាយប្រតប់​គ្នា និង​ហែក​រូប​បណ្ឌិត កែម ឡី ដែល​ពួក​គេ​បាន​កាន់​ក្នុង​ដៃ ដើរ​សំដៅ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ភោគ សុភិន ថ្លែង​ថា ពួក​គាត់​មិន​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​នោះ​ទេ ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​ក្នុង​ការ​ទាមទារ​ស្វែងរក​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​ជាប់​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​នោះ​ឡើយ។ លោកស្រី​ស្នើ​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌​ដល់​ពួក​គាត់​ផង៖ « គាត់​អ្នក​មាន​អំណាច ប្រើ​អំពើ​ហិង្សា។ ពួក​ខ្ញុំ​ជាំ​ដៃ​ជើង​ខ្លួន​អស់​ហើយ​ដោយសារ​ពួក​គាត់​អូស​ទាញ រុញ​ច្រាន​ពួក​ខ្ញុំ។ ប្រើ​អំពើ​ហិង្សា​លើ​ពួក​ខ្ញុំ។ តែ​មិន​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ ចេះ​តែ​បាត់​ទៅៗ ។ តើ​ក្តី​សង្ឃឹម​ខ្ញុំ​នៅ​ឯណា ? សូម​បង​ប្អូន​ជាតិ​អន្តរជាតិ មេត្តា​ជួយ​មើល​ជួយ​ពួក​ខ្ញុំ​ផង។ ពួក​ខ្ញុំ​ជា​ជន​រងគ្រោះ គេ​បិទ​សិទ្ធិ​ពួក​ខ្ញុំ »

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ទង្វើ​ដែល​អាជ្ញាធរ​ធ្វើ​នេះ គឺ​មិន​មាន​លទ្ធផល​ល្អ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​រឹត​តែ​បញ្ឆេះ​កំហឹង​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​ពេល​នេះ​ពួក​គាត់​កំពុង​ខឹងសម្បា​នឹង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី៖ « រដ្ឋាភិបាល​ជាមួយ​នឹង​តុលាការ លោក​គួរ​តែ​ពន្លឿន​នីតិវិធី និង​ពិចារណា​ក្នុង​ការ​ ដោះលែង​សកម្មជន ​ការពារ​សិទ្ធិ​មនុស្ស​ទាំង ​នាក់​នោះ​ទៅ បើ​សិន​ជា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ទេ ហើយ​ ទី​២ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​នៃ​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព និង​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​ចាប់​ជន​ដែល​ ពាក់ព័ន្ធ និង ​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង យក​ទៅ​ផ្ដន្ទាទោស​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​លោក​អស់​ចិត្ត ហើយ​ក៏​មិន​មាន​ការ​ខឹងសម្បា​ជាមួយ​អាជ្ញាធរ ហើយ​នឹង ​មិន​មាន​ ការ​ចោទ ​ប្រកាន់​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល​នោះ​បាទ »

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​សីហា នេះ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​អះអាង​ថា ពួក​គាត់​នៅ​តែ​បន្ត​ការ​ទាមទារ​ត​ទៅ​ទៀត​រហូត​ទទួល​បាន​ជោគជ័យ។

អ្នកស្រី សរ ស៊ន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​នោះ ត្រូវ​បាន​ដោះ​លែង​មក​វិញ​នៅ​ម៉ោង ៤​រសៀល​ថ្ងៃ​ដដែល​នោះ ប៉ុន្តែ​អាជ្ញាធរ​បាន​ឲ្យ​អ្នកស្រី​សន្យា​ថា នឹង​បញ្ឈប់​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​ដង្ហែ​ក្បួន​ទៅ​កាន់​តុលាការ ឬ​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​អាច​ឲ្យ​អ្នកស្រី​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ក្នុង​សហគមន៍​បាន។

ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ថ្ងៃ​ទី​៨ សីហា ថា គណបក្ស​នឹង​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៨ សីហា ថា ការ​ចូលរួម​នេះ គឺ​ធ្វើ​តាម​រយៈ​ការ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​ប្រមូល​ផ្តុំ​នៅ​ទីស្នាក់ការ​គណបក្ស និង​មាន​ការ​ថ្លែង​សារ​នានា។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​អំណាច​អ្វី​ឡើយ ដូច​នេះ​អ្វី​ដែល​គណបក្ស​នេះ​អាច​ធ្វើ​បាន គឺ​មាន​តែ​ការ​ប្រើប្រាស់​សតិសម្បជញ្ញៈ​មនសិការ ឬ​សម្ដី​ដើម្បី​តស៊ូ​មតិ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​គាប​សង្កត់​មក​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។