ស៊ីខៅឌូ​ថ្កោលទោស​ការ​ប្រើ​ហិង្សា​លើ​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ស្តាឡៃថ៍ អឹភេរែល

0:00 / 0:00

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU) ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ស្តាឡៃថ៍ អឹភេរែល (STARLIGHTAPPAREL)។ មន្ត្រី​សង្គម​ស៊ីវិល និង​សហជីព ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ពន្លឿន​តាម​ចាប់​ជន​ល្មើស​មក​ទទួល​ទោស​តាម​ច្បាប់។

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីខៅឌូ (C.CAWDU) ថ្កោលទោស​ចំពោះ​ករណី​ជន​មិន​ស្គាល់​មុខ បាន​ប្រើប្រាស់​អំពើ​ហិង្សា បណ្ដាល​ឲ្យ​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ ប្រចាំ​ក្រុមហ៊ុន ស្តាឡៃថ៍ អឹភេរែល ​លោក ស៊ីន ណាក់ រង​របួស​ក្បាល​ធ្ងន់ធ្ងរ កាល​ពី​ថ្ងៃទី២៤ ខែ​មករា។

ការ​ថ្កោលទោស​នេះ ធ្វើឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​​​​​ ៤ ខែ​កុម្ភៈ ដែល​ឲ្យ​ដឹង​ថា នៅ​មុន​ករណី​អំពើ​ហិង្សា​នេះ កើតឡើង គឺ​កាល​ពី​ថ្ងៃទី២០ ខែ​មករា លោក ស៊ីន ណាក់ បាន​ចូលរួម​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​ចំនួន ២​ចំណុច ដែល​មាន​តំណាង​ក្រុមហ៊ុន​ចំនួន ២នាក់ និង​ពុំ​ទទួល​បាន​លទ្ធផល​សះជា​ឡើយ ។ បន្ទាប់​មក​នៅ​ថ្ងៃទី២១ ខែ​មករា ស៊ីខៅឌូ បាន​ដាក់ពាក្យ​ទៅ​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​បន្ត​រក​ដំណោះស្រាយ។ លុះ​ដល់​ថ្ងៃទី២៤ ខែ​មករា លោក ស៊ីន ណាក់ បាន​ចូលរួម​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ ហើយ​ទាស់ពាក្យ​សម្ដី​ជាមួយ​នឹង​គ្រូពេទ្យ​ប្រចាំ​នៅ​រោងចក្រ​ស្ដាឡៃថ៍ ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោក ស៊ីន ណាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ កាប់​ពី​ក្រោយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រង់​ក្បាល នៅ​ខាង​មុខ​រោងចក្រ​ស្ដាឡៃថ៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​វិហារសួគ៍ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។ ភ្លាមៗ​បន្ទាប់​ពី​ហេតុការណ៍​បាន​កើត​ឡើង គ្រួសារ​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​វិហារ​សួគ៍។

ស៊ីខៅឌូ ឲ្យ​ដឹង​ថា គិត​មក​ទល់​នឹង​ថ្ងៃនេះ អាជ្ញាធរ​នៅ​មិន​ទាន់​ឃាត់​ខ្លួន ជន​ល្មើស​បាន​នៅ​ឡើយ​ទេ។

អនុ​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C-CAWDU) លោក អាត់ ធន់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៤ ខែ​កុម្ភៈ​ថា អាជ្ញាធរ គួរតែ​ពន្លឿន​តាម​ចាប់​ខ្លួន​ជន​បង្ក និង​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក អាត ធន់៖«អាជ្ញាធរ​ត្រូវ​តែ​រក​ជន​ដៃដល់ មក​ផ្ដន្ទាទោស ព្រោះ​បើ​មិន​អីចឹង​ទេ គាត់​អាច​បង្ក​បញ្ហា​ហ្នឹង​បន្ត​ទៀត​ដល់​ជន​ស្លូតត្រង់ ឬ​ជនរងគ្រោះ​ផ្សេងៗ​ទៀត ជាពិសេស​គឺ​ថ្នាក់ដឹកនាំ​សហជីព ហើយ​វា​ជា​គំរូ​អាក្រក់​ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​ចេញ​ទៅ​ខាងក្រៅ​មិន​ល្អ អំពី​ការ​ធ្វើទុក្ខបុកម្នេញ ឬ​ការ​គំរាមកំហែង ឬ​ការ​បំភិតបំភ័យ​ដល់​ថ្នាក់ដឹកនាំ​សហជីព ដែល​វា​ជះ​ឥទ្ធិពល​ចំពោះ​ប្រទេស​ជាតិ​ផង ក្រុមហ៊ុន​ផង ប៉ះពាល់​ដល់​អ្នក​បញ្ជាទិញ​ផ្សេងៗ​ទៀត​ផង ។ អីចឹង​ខ្ញុំ​គិត​ថា អាជ្ញាធរ​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ករណី​មាន​អំពើ​ហិង្សា​អីចឹង»។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន ស្តាឡៃថ៍ ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៤ ខែ​កុម្ភៈ។ ចំណែក ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល លោក ឈឿន សុចិត្ត ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល តែ​ត្រូវ​ចុច​បិទ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា អាជ្ញាធរ គួរតែ​ស្រាវជ្រាវ និង​ស្វែងរក​ជន​បង្ក ឲ្យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​អាជ្ញាធរ។

លោក យី សុខសាន្ត៖«ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក ខ្ញុំ​យល់​ថា រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ដែនដី មេត្តា​ពន្លឿន​ចាត់​វិធានការ​ឲ្យ​បាន​លឿន​បំផុត​ទៅ​លើ​អ្នក​ប្រើ​ហិង្សា​ទាំង​អស់​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់។ បើ​មិន​អីចឹង​ទេ ប្រជាពលរដ្ឋ​យើង​លែង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល ក៏​ដូចជា​អាជ្ញាធរ​ទៀត​ហើយ»។

កន្លង​ទៅ ករណី​ជន​មិន​ស្គាល់​មុខ ប្រើប្រាស់​អំពើ​ហិង្សា​លើ​សកម្មជន​សហជីព សកម្ម​បរិស្ថាន និង​សកម្មជន​គណបក្ស​នយោបាយ​ប្រឆាំង​ជាដើម អាជ្ញាធរ​មិន​ដែល​រក​ឃើញ​ជន​បង្ក​ឲ្យ​មក​ទទួល​ខុសត្រូវ​តាម​ច្បាប់​នោះ​ឡើយ។ ជាក់ស្ដែង​ករណី​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ត្រូវ​បាន​ទាហាន នៃ​កង​ឆ័ត្រយោង​៩១១ ចាប់​ខ្លួន និង​វាយ​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​មុន​នឹង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង កាល​ពី​ដើម​ខែមករា ឆ្នាំ​២០១៤ ក្នុង​ពេល​ចូលរួម​ឃ្លាំមើល ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​នៅ​រោងចក្រ​យ៉ាក់ជីន ក៏​អាជ្ញាធរ​នៅ​មិន​ទាន់​ស្វែង​រក​ជន​បង្ក និង​ផ្ដល់​យុត្តិធម៌​សម្រាប់​លោក​ដែរ។

ទោះជាយ៉ាងណា សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​អាជ្ញាធរ ស្វែងរក​ជន​ល្មើស​ឲ្យ​មក​ទទួល​ទោស​តាម​ច្បាប់ និង​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។