រយៈពេល៩ឆ្នាំគណៈកម្មការដែលលោក ហ៊ុនសែន បង្កើតឡើង រកឃាតកសម្លាប់លោក ជា វិជ្ជា គ្មានលទ្ធផលអ្វីទាំងអស់

0:00 / 0:00

រយៈ​ពេល​៩ឆ្នាំ​ហើយ​ ដែល​គណៈកម្មការ​ពិសេស​មួយ​បង្កើត​ឡើង ​ដោយ ​អតីត​នាយក​រដ្ឋមន្ត្រី លោក​ ហ៊ុន សែន​ កាល​ពី​ឆ្នាំ​២០១៥ ​នៅ​មិន​ទាន់​បង្ហាញ ​ព័ត៌មាន​អ្វី​ទាំង​អស់ ​ពាក់ព័ន្ធ​នឹង​ ឃាតកម្ម​អតីត​មេ​ដឹក ​នាំ​សហជីព​លោក​ ជា វិជ្ជា។

សាច់​ញាតិ​របស់​មេ​ដឹក​នាំ ​សហជីព​រូប​នេះ ​លើក​ឡើង​ថា ​អ្នក​ដែល​បញ្ជា​ឱ្យ​ បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​គឺ​ជា​អ្នក​ធំ​និង​មាន​អំណាច​នៅ​កម្ពុជា​ ដូច្នេះ​ទើប ​សមត្ថកិច្ច​មិន​ហ៊ាន​ចាត់​ការ ​ហើយ​បាន​ត្រឹម​តែ​ឆ្លើយ​ថា ​សំណុំ​រឿង​នេះ ​កំពុង​បន្ត​ស៊ើបអង្កេត។

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ល្បាញ ​លោក​ ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់ ​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ ២០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​មិន​ អាច​ចាប់​ខ្លួន​ខ្មាន់​កាំ​ភ្លើង ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង​ ទោះបី​ជា​អតីត​ ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ពិសេស​ មួយ ​ដើម្បី​ស្រាវជ្រាវ​រក​ឃាតក​ពិត​ យក​មក​ផ្ដន្ទាទោស​ក៏​ដោយ។

គណៈកម្មការ​ពិសេស​នេះ ​មាន​សមាស​ភាព​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ​ ក្រសួង​យុត្តិធម៌​ ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ រួម​ទាំង​ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ មាន​ភារ​កិច្ច​ការងារ​ចុះ​ស្រាវជ្រាវ ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​អង្គ​ហេតុ​និង​អង្គ​ច្បាប់​ ប្រមូល​ព័ត៌មាន​និង​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ ឃាតកម្ម​លើ​លោក​ ជា វិជ្ជា។

ប៉ុន្តែ​រយៈពេល​៩​ឆ្នាំ​មក​ហើយ​ គណៈកម្មការ​នេះ មិន​ទាន់​ឃើញ​បង្ហាញ​លទ្ធផល​អ្វី​ ទាំង​អស់ ទាក់​ទង​នឹង​ឃាតកម្ម​លើ​លោក ​ជា វិជ្ជា នៅ​ឡើយ។

ចំណែក​ឯ​រដ្ឋាភិបាល​ថ្មី​ ដែល​ដឹក​នាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត ​ជា​កូន​ប្រុស​របស់​លោក ​ហ៊ុន សែន ​ក៏​មិន​ទាន់​បាន​បង្ហាញ​សញ្ញា​ណា​មួយ​អំពី​ការ​ប្រឹង​ប្រែង​ ស៊ើបអង្កេត​រក​ឃាតក​ពិត​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ បាន​ទេ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៦មករា ដល់​ថ្ងៃ​ទី ២១មករា ​ខណៈអ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ​លោក​ ទូច សុខៈ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ កាល​ពី​ថ្ងៃ​ ១៦​មករា ​ថា ​ក្រសួង​មហាផ្ទៃ​អាច​ខ្វះ​ចន្លោះ ​ក្នុង​ការ​អត្ថាធិប្បាយ ​អំពី​រឿង​នេះ ហើយ​បាន​ប្រាប់​ឱ្យ​អ្នកសារព័ត៌មាន​អាស៊ីសេរី​ទៅ​សួរ​ខាង​អគ្គ​ស្នង​ការ​ នគរ​បាល​ជាតិ។

លោក​ ទូច សុខៈ​៖ «ក្នុង​នោះ​បើ​យល់​ល្អ ​ប្អូន​ទាក់ទង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​វិញ​ដោយ​សារ​តែ​លោក​ក្ដាប់​រឿង​ហ្នឹង​ជា​ប្រចាំ ដោយ​ឡែក ក្រសួង​មហាផ្ទៃ​នៅ​ពី​លើ​ជា​អ្នក​គ្រប់គ្រង​ទៅ​លើ​គោល​នយោបាយ​ដឹក​នាំ» ។

នៅ​ពេល​អ្នក​យក​ព័ត៌មាន ​របស់​អាស៊ីសេរី​ទាក់​ទង​ ទៅ​កាន់​អគ្គ​ស្នង​ការ​នគរ​បាល ​ជាតិ​ លោក​ ស ថេត ​ មេ​នគរ​បាល​ជាតិ​រូប​នេះ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​ឱ្យ​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ​ទាក់​ទង​ទៅ​កាន់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​វិញ​។

លោក​ ស ថេត​៖«អត់​ទេ​សួរ​ៗ ទៅ​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការ​ណា៎ខ្ញុំ​បាន​ប្រគល់ ​ភារកិច្ច​ ជូន​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​រួច​អស់​ហើយ ​ទាក់​ទង​ទៅ​»។

វិទ្យុ​អាស៊ីសេរី​បាន​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ​លោក​ ឆាយ គឹមខឿន តាម​ទូរ​សព្ទ​ និង​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក​ចាប់​តាំង​ថ្ងៃ​ទី​ ១៧ ​មករា​ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ផ្សាយ​ នេះ មិន​ទាន់​មាន​ការឆ្លើយ​តប​ចំពោះ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ​ដែល​ផ្ញើ​ជូន​ លោក នៅ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន ​វិញ​ បដិសេធ​ធ្វើ ​អត្ថាធិប្បាយ​ក្រោម​ហេតុ​ផល​ថា ​ស្ថាប័ន​រដ្ឋ​មិន​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ អាស៊ីសេរី ​ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ កត្ដា អ៊ន ​អ្នក​សារព័ត៌មាន​វិទ្យុ ​អាស៊ីសេរី​ បាន​ទូរស័ព្ទ​និង​ផ្ញើ​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ តែ​ក៏​គ្មាន​ការ​ឆ្លើយតប​ដែរ។

រីឯ​ប្រធាន​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​ ទិត សុធា ​វិញ វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ​នៅ​ថ្ងៃ​ទី​ ២១ ​មករា ដោយ​មាន​អ្នក​ចុច​ផ្ដាច់​ទូរស័ព្ទ ​ពេល​អ្នក​សារព័ត៌មាន​អាស៊ីសេរី ​សួរ​រឿង​ឃាត​កម្ម ​លោក​ ជា វិជ្ជា​។

លោក ​ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ត្រូវ​ បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​ នៅ​តូប​លក់​កាសែត​ កែង​របង​វត្ត​លង្កា​រាជធានី​ភ្នំពេញ ​ខណៈ​លោក​កំពុង​អាន​កាសែត​ នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មករា ​ឆ្នាំ​២០០៤។

ឃាត​កម្ម​នេះ ​កើត​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ ​រវាង​គណបក្ស​ធំ​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ គណបក្ស​ សម រង្ស៊ី ​ដែល​ជាប់​គាំង​មិន​អាច​សម្របសម្រួល​គ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០០៣​ នៅ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស ​សម រង្ស៊ី​ កាល​នោះ ​រួម​គ្នា​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ បោះឆ្នោត​ កាល​ពី២០​ឆ្នាំ​មុន​។

ប្អូន​ប្រុស​លោក​ ជា វិជ្ជា​ គឺ​លោក ​ជា មុនី ​ដែល​ធ្លាប់​ទទួល​ការងារ​ជា​ប្រធាន​ សហជីព​សេរី​កម្មករ​ បន្ទាប់​ពី​ការ​ស្លាប់​របស់​បង​ប្រុស ​និង​ បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ គណបក្ស​កម្លាំង​ជាតិ​ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រយៈពេល​២០ឆ្នាំ​មក​នេះ ​គ្មាន​ពន្លឺ​យុត្តិធម៌​ឡើយ ទោះបី​ជា​មាន​តម្រុយ​ពី​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ក៏​ដោយ ប៉ុន្តែ​សមត្ថកិច្ច​ដូច​ជា​មិន​អើពើ​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ថា​ ពួកគាត់​ជា​សាច់ញាតិ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ នៅ​ពេល​សមត្ថកិច្ច​មិន​ទាន់ ​ចាប់​ខ្លួន​ឃាតក​ពិត​ និង​អ្នក​ពាក់ព័ន្ធ​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាត​កម្ម​មក​ផ្ដន្ទា ទោស។

លោក ​ជា មុនី​៖ «​ឃាតកម្ម​នេះ ​មាន​លក្ខណៈ​សម្លាប់​ ប៉ុនប៉ង​សម្លាប់​ដោយ​ប្រព័ន្ធ​តែ​ម្ដង​បាទ ​ដោយ​ប្រព័ន្ធ​ហើយ​ការ​សម្លាប់​ហ្នឹង​ទៀត​ សុទ្ធ​សឹង​តែ​អ្នក​ធំ​ៗ ណាស់ ​អ្នក​មាន​អំណាច​ដូច​ការ​ដែល​លោក​ ជា វិជ្ជា​ធ្លាប់​ទៅ​បំភ្លឺ​ នៅ​ស្នងការ​ភ្នំពេញ ​អ៊ីចឹង​គេ​ប្រាប់​ថា ​អ្នក​ប៉ុនប៉ង​សម្លាប់​គាត់​ហ្នឹង​ធំ​ណាស់ ​មាន​អំណាច​ណាស់។ អ៊ីចឹង! អា​ធំ​ហើយ​មាន​អំណាច​ហើយ​ដែល​ធ្វើ​ឃាតកម្ម​លើ ​លោក​ ជា វិជ្ជា​ ទៅ​មេ​ដឹក​នាំ​សហជីព​នានា ​លើ​ឥស្សរជន​នយោបាយ ​សូម្បី​តែ​នៅ​លើ​ព្រះសង្ឃ​ សំ ប៊ុនធឿន ក៏​ដោយ​សុទ្ធ​សឹង​រក​ឃាតក​មិន​ឃើញ»។

ក្នុង​សំណុំ​រឿង​ឃាត​កម្ម​លើ​លោក​ ជា វិជ្ជា​ ដំបូង​អាជ្ញាធរ​ធ្លាប់​បាន​ចាប់​ខ្លួន​លោក ​ប៊ន សំណាង ​និង​លោក​ សុខ សំអឿន ​ដាក់​ក្នុង​ពន្ធនាគារ​រយៈពេល​ប្រមាណ ​៨ឆ្នាំ​ឱ្យ​ទទួល​ខុស​ត្រូវ​។ ប៉ុន្តែ​អ្នក​លក់​កាសែត ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​អំឡុង​ ពេល​ឃាតក​បាញ់​សម្លាប់​លោក​ ជា វិជា្ជ​ និង​មជ្ឈដ្ឋាន​នានា រួម​ទាំង​ក្រុម​គ្រួសារ របស់​លោក បាន​អះអាង​ថា​ លោក​ ប៊ន សំណាង ​និង​លោក​ សុខ សំអឿន​ គ្រាន់​តែ​ឃាតក​សិប្បនិមិត្ត​ប៉ុណ្ណោះ ​មិន​មែន ជា​ឃាតក​ពិត​នោះ​ទេ។

បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ ​៨ឆ្នាំ​នោះ តុលាការ​កំពូល​បាន​សម្រេច​ឱ្យ​ ឃាតក​សិប្បនិមិត្ត​ទាំង​ពីរ​រូប​ រួច​ផុត​ពី​បទ​ចោទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​លោក ​ជា វិជ្ជា​ និង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព។

យ៉ាង​ណា អាជ្ញាធរ​រដ្ឋ​មិន​បាន​សង​ជំងឺ​ចិត្ត​ឱ្យ​លោក ប៊ន សំណាង ​និង​លោក​ សុខ សំអឿន ​ចំពោះ​ការ​សម្រេច​សេចក្ដី​ខុស ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​៨ឆ្នាំ​នោះ​ឡើយ ​ហើយ​បន្ទាប់​ពី​ចេញ​ពី​គុក បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់ ហាក់​បាក់​ស្មារតី​ ដោយ មិន​ហ៊ាន​និយាយ​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​រឿង​នេះ។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ និង​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​នឹង​លោក ​ជា វិជ្ជា ​គឺ​លោក​ រ៉ុង ឈុន ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត គ្រាន់​តែ ​បង្គ្រប់​កិច្ច​និង​ឱ្យ​ល្អ​មើល ដើម្បី​បំភ័ន្ត​ភ្នែក​អន្តរ​ជាតិ​ប៉ុណ្ណោះ។

លោក​យល់​ថា ​អាជ្ញាធរ​កម្ពុជា​មាន​សមត្ថកិច្ច​ក្នុង​ការ​ស្រាវជ្រាវ​និង​វែក​មុខ​ឃាតក​ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ ​ដោយសារ​ឃាត​កម្ម​នេះ ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ ដែល​មាន​ឋានៈ​និង​អំណាច​ធំ។

លោក​ រ៉ុង ឈុន​៖ «អ៊ីចឹង​បាន​ជា​ឃាតកម្ម​លើ​លោក ​ជា វិជ្ជា​មក​ពេល​នេះ ​២០ ឆ្នាំ​ហើយ ​នៅ​តែ​វែក​មុខ​រក​ឃាតក​ហ្នឹង ​អ្នក​នៅ​ក្រោយ​ខ្នង​ឃាតក ​យក​មក​ផ្ដន្ទាទោស ​មិន​បាន ​ទោះបី​មាន​គណៈកម្មការ​ក្ដី​ មិន​អាច​ស្រាវជ្រាវ​រក​ឃាតក ​ពិត​នឹង​អ្នក​ពី ​ក្រោយ​បាន​ដែរ» ។

អតីត​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ ​លោក​ ហេង ពៅ ​ធ្លាប់​ប្រាប់​កាសែត​ បរទេស​មុន​ពេល​លោក ​ហ៊ុន សែន ​ចាប់​ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ២០០៦​ថា ​អតីត​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ លោក​ ហុក ឡង់ឌី បាន​បញ្ជា​ ឱ្យ​លោក​ចាប់​លោក​ សុខ សំអឿន​ និង​លោក​ ប៊ន សំណាង ឱ្យ​ទទួល​ខុស​ ត្រូវ​លើ​ការ​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​លោក​ ជា វិជ្ជា។

មក​ដល់​ពេល​នេះ​ នៅ​មាន​ចម្ងល់​ជា​ច្រើន ​ថា ​លោក​ ហុក ឡង់ឌី ជា​មនុស្ស​ម្នាក់​ ដែល​ នៅ​ពី​ក្រោយ​អំពើ​ឃាត​កម្ម​លើ​លោក​ ជា វិជ្ជា​ ឬ​មាន​អ្នក​មាន​អំណាច​ផ្សេង​ ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ ខណៈ​គណៈកម្មការ​ស៊ើប​អង្កេត​៩ឆ្នាំ​ ដែល​បង្កើត​ឡើង ​ដោយ​អតីត​រដ្ឋាភិបាល​លោក​ ហ៊ុន សែន មិន​ទាន់​បាន​បង្ហាញ​អ្វី​ទាំង​អស់​នោះ។

ជុំវិញ​រឿង​ឃាត​កម្ម​លើ​មេ​ដឹកនាំ​សហជីព​លោក​ ជា វិជ្ជា ​នេះ ​ក្រុម​អង្គការ​ឃ្លាំ​មើល ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរ​ជាតិ​រិះគន់​ថា ​រដ្ឋាភិបាល ​លោក ហ៊ុន សែន​អាច​មាន​ ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ ករណី​ធ្វើ​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​ កម្ពុជា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។