អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយសារច្បាប់នេះមានសារៈសំខាន់ក្នុងការជួយលើកស្ទួយសិទ្ធិសេរីភាពនៅកម្ពុជា។ ក្រសួងព័ត៌មានរំពឹងថា សេចក្ដីព្រាងបឋមនៃច្បាប់នេះអាចនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីប្រជុំអនុម័តនៅដើមឆ្នាំ២០២០ ខាងមុខ។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ថ្លែងថា សេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មិនទាន់មានលក្ខណៈប្រសើរឥតខ្ចោះនៅឡើយទេ ក៏ប៉ុន្តែលោកថា ការបង្កើតច្បាប់នេះមិនគួរអូសបន្លាយតទៅមុខទៀតនោះទេ។ លោកថា រដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានគួរតែពន្លឿនច្បាប់នេះឱ្យលេចចេញជារូបរាង ដើម្បីយកទៅអនុវត្តសម្រាប់ផលប្រយោជន៍ជាតិ។ លោក បន្ថែមថា ជំហានដំបូង គឺធ្វើយ៉ាងណាឱ្យច្បាប់នេះ ត្រូវបានអនុវត្ត រួចបើមានកំហុសឆ្គង ឬចន្លោះប្រហោងត្រង់ណានោះ សឹមធ្វើវិសោធនកម្មនៅពេលក្រោយទៀតក៏បាន៖« ទីមួយរឿងការអនុវត្តថា តើមានការជំរុញឱ្យមានការអនុវត្តច្បាប់ហ្នឹងកម្រិតណា។ រឿងទីពីរ អ្វីដែលយើងត្រូវគិតដែរនោះ គឺថាតើនៅពេលដែលយើងអនុវត្តហ្នឹង ចំណុចណាដែលវាមានភាពប្រទាំងប្រទើសគ្នា។ ពេលហ្នឹងគឺយើងអាចនឹងពិនិត្យ ដកស្រង់នូវអ្វីដែលយើងគិតថាជាចំណុចប្រទាំងប្រទើសនៅក្នុងការបកស្រាយផ្សេងៗ ដើម្បីធ្វើម៉េចរៀបចំឱ្យមានការធ្វើវិសោធនកម្មឡើងវិញ » ។
ការអំពាវនាវរបស់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ធ្វើឡើងដោយសារសេចក្ដីព្រាងបឋមនៃច្បាប់នៃសិទ្ធិទទួលបានព័ត៌មានត្រូវបានតាក់តែងចប់សព្វគ្រប់តាំងតែពីដើមឆ្នាំ២០១៨ មកម៉្លេះ ក៏ប៉ុន្តែច្បាប់ដែលភាគីពាក់ព័ន្ធទន្ទឹងរង់ចាំដោយផ្សាភ្នែកនេះ នៅមិនទាន់បានទៅដល់ដៃគណៈរដ្ឋមន្ត្រីនៅឡើយទេ។
សេចក្ដីព្រាងច្បាប់បឋមនេះមាន ៩ជំពូក ចែកចេញជា ៣៨ មាត្រា មានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ និងតម្រូវឱ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ចផ្ដល់ និងផ្សព្វផ្សាយព័ត៌មានឱ្យបានជាអតិបរមាជូនសាធារណជន។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ថ្លែងថា សេចក្ដីព្រាងច្បាប់បឋមនេះបានឆ្លងផុតដំណាក់កាលជជែកពិភាក្សាថ្នាក់អន្តរក្រសួងហើយ កាលពីចុងខែវិច្ឆិកា កន្លងទៅ។ លោកថា ពេលនេះក្រសួងព័ត៌មានកំពុងពិភាក្សាបន្ថែមជាមួយក្រសួងយុត្តិធម៌ទាក់ទងនឹងបញ្ញត្តិមួយចំនួន មុននឹងបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីនៅពេលឆាប់ៗ ខាងមុខ៖« យើងសង្ឃឹមថា នៅដើមឆ្នាំក្រោយនេះ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី រួចហើយឆ្លងទីស្ដីការគណៈរដ្ឋមន្ត្រីទៅកាន់ស្ថាប័ននីតិបញ្ញត្តិទៀត » ។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន គឺជាច្បាប់ដ៏សំខាន់មួយ ដែលសហគមន៍ជាតិ និងអន្តរជាតិបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីរដ្ឋាភិបាលបានរៀបចំក្រុមការងារបច្ចេកទេសតាក់តែងច្បាប់នេះកាលពីឆ្នាំ២០១៥ កន្លងទៅ។ ច្បាប់នេះមានសារៈសំខាន់ដោយសារតែវាធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ដែលរដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់ឱ្យ។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈត្រូវផ្ដល់ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ ច្បាប់នេះតម្រូវឱ្យគ្រប់ស្ថាប័នសាធារណៈត្រូវបង្កលក្ខណៈងាយស្រួល និងបើកទូលាយក្នុងការផ្ដល់ព័ត៌មានគ្រប់ប្រភេទដល់សាធារណជនតាមការស្នើសុំ ដោយគ្មានការរើសអើង តាមបែបបទដែលងាយយល់ ក្នុងពេលវេលា និងតម្លៃសមស្រប លើកលែងតែព័ត៌មានសម្ងាត់ ដែលអន្តរាយដល់សន្តិសុខជាតិ តែទោះជាបែបនេះក្តី អ្នកជំនាញថា គេត្រូវតែកំណត់និយមន័យនៅក្នុងច្បាប់នូវអ្វីទៅដែលហៅថា សន្តិសុខជាតិ។
ទន្ទឹមនឹងនេះ ច្បាប់នេះតម្រូវឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវពិនិត្យសំណើសុំព័ត៌មានឱ្យបានឆាប់បំផុត និងត្រូវឆ្លើយតបទៅអ្នកស្នើសុំវិញជាលាយលក្ខណ៍អក្សរថា មាន ឬគ្មានព័ត៌មាននោះ ឬមួយក៏ជាប្រភេទព័ត៌មានសម្ងាត់ មិនឱ្យលើសពីរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃទទួលបានសំណើសុំ ហើយបើមានការឯកភាពទទួលយកថ្លៃសេវាពីអ្នកស្នើសុំរួចហើយ ស្ថាប័នសាធារណៈនោះត្រូវផ្ដល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល ១៥ ថ្ងៃ។ ក្នុងករណីមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ពុំបានបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិនៃច្បាប់នេះទេ ពួកគេនឹងត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតឡើយ។
ទោះជាយ៉ាងណា សេចក្ដីព្រាងបឋមនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ត្រូវបានអង្គការអន្តរជាតិពីរធំៗ គឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការមាត្រា១៩ វាយតម្លៃថា មិនទាន់ស្របតាមទៅតាមបទដ្ឋានអន្តរជាតិទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាននៅឡើយទេ។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរនេះពិនិត្យឃើញថា សេចក្ដីព្រាងច្បាប់បឋមនេះនៅមានចំណុចខ្វះខាតជាច្រើន ដូចជា និយមន័យមិនច្បាស់លាស់នៃប្រភេទព័ត៌មាន និងស្ថាប័នព័ត៌មានដែលច្បាប់នេះត្រូវគ្របដណ្តប់ ព្រមទាំងមិនមានការបង្កើតយន្តការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពជាដើម។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាមិនបានដាក់បញ្ចូលអនុសាសន៍ល្អៗ ជាច្រើនទៅក្នុងសេចក្ដីព្រាងច្បាប់បឋមនេះឡើយ ទោះជាបានប្រើពេលដ៏យូរក្នុងដំណើរការប្រឹក្សាយោបល់បែបណាក្តី។
អង្គការមាត្រា១៩ និងអង្គការ Human Rights Watch សង្កត់ធ្ងន់ថា ចន្លោះប្រហោងទាំងនេះប្រាសចាកទៅនឹងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិទទួលព័ត៌មាន ហើយនិងកាតព្វកិច្ចរបស់កម្ពុជាក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងអាចធ្វើឱ្យខូចដល់អំណាចនៃច្បាប់នេះផងដែរ ហើយអង្គការទាំងពីរបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាកែលម្អសេចក្ដីព្រាងច្បាប់បឋមនេះឡើងវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ឆ្លើយតបថា ក្រសួងនឹងមិនកែប្រែសេចក្ដីព្រាងច្បាប់បឋមនេះទេ ដោយសារតែវាបានឆ្លងផុតដំណាក់កាលពិភាក្សាបច្ចេកទេស និងអន្តរក្រសួងរួចទៅហើយ៖« អ្វីដែលគាត់ធ្វើអត្ថាធិប្បាយ អ្វីដែលគាត់លើកឡើងនេះ គឺជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែអ្វីដែលយើងបានធ្វើកន្លងមកជាមួយយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ សង្គមស៊ីវិលដែលចូលរួមនៅក្នុងកិច្ចការនេះ គឺយើងបានឯកភាពគ្នាទៅលើសេចក្ដីព្រាងហ្នឹងហើយ ហើយយើងបានជជែកគ្នាច្រើនមែនទែន » ។
ផ្ទុយពីការលើកឡើងនេះ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយលោក ណុប វី យល់ថា រដ្ឋាភិបាលគួរតែពិចារណា ចំពោះអនុសាសន៍ដែលស្នើឡើងដោយអង្គការមាត្រា១៩ និងអង្គការ Human Rights Watch ព្រោះសេចក្ដីព្រាងច្បាប់នេះមិនទាន់ត្រូវបានអនុម័តនៅឡើយ៖« ដំណាក់កាលនេះ ជាដំណាក់កាលដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋាភិបាលកំពុងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អ៊ីចឹងគួរតែយកចំណុចទាំងអស់ហ្នឹងមកពិនិត្យមើលជាមួយនឹងខ្លឹមសារ ហើយបើចំណុចណា ដែលគួរតែបញ្ចូលបានពីយោបល់អ្នកបច្ចេកទេសដែលគេមានជំនាញផ្នែកសិទ្ធិមនុស្ស ផ្នែកសេរីភាពបញ្ចេញមតិនោះ ខ្ញុំគិតថា គួរតែបញ្ចូលបន្ថែមទៅក្នុងខ្លឹមសារហ្នឹង » ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗ នេះថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅមុនការបោះឆ្នោតឆ្នាំ២០១៨។ ទង្វើរំលោភបំពានទាំងនោះ មានជាអាទិ ការចាប់ខ្លួន ការចោទប្រកាន់ និងការយាយីក្រុមសកម្មជន អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងបំបិទចោលសំឡេងរិះគន់ និងសំឡេងឯករាជ្យនៅកម្ពុជា។
Human Rights Watch វាយតម្លៃទៀតថា វិធានការផ្នែករដ្ឋបាល និងតុលាការតាមអំពើចិត្តនេះ បាននាំទៅរកការរំលាយគណបក្សសង្គ្រោះជាតិ និងការបិទអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានឯករាជ្យអស់ជាច្រើន ហើយរដ្ឋាភិបាលមិនបានបញ្ឈប់ទង្វើបង្ក្រាបទាំងនេះឡើយ ទោះជាបានកាន់អំណាចជាង ១ឆ្នាំមកហើយក្ដី។ ជាងនេះទៅទៀត រដ្ឋាភិបាលលោក ហ៊ុន សែន បានកែប្រែ និងបង្កើតច្បាប់មួយចំនួនដែលមានលក្ខណៈគាបសង្កត់លើសិទ្ធីសេរីភាពបញ្ចេញមតិ ហើយអ្នករិះគន់រដ្ឋាភិបាល បានក្លាយជាមុខព្រួញនៃការតាមយាយី ញ៉ាំងឱ្យពួកគេជាច្រើននាក់ត្រូវរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួនតាមទំនើងចិត្តពីសំណាក់អាជ្ញាធរកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។