ពលរដ្ឋខ្មែរនៅក្រៅប្រទេស គ្រោងធ្វើបុណ្យរួមគ្នា រម្លឹកខួបពីរឆ្នាំជូនលោកបណ្ឌិត កែម ឡី។ នៅប្រទេសអូស្ត្រាលី សហគមន៍ខ្មែរ ក្នុងទីក្រុងអាដឺឡែត (Adelaide) ស៊ីដនី (Sydney) និង មែលប៊ន (Melbourne) នឹងធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។ លោក ខៀវ តារ៉ា ដែលជាពលរដ្ឋខ្មែរ នៅក្រុងអាដឺឡែត ប្រាប់អាស៊ីសេរីកាលពីចុងសប្ដាហ៍នេះ ការរម្លឹកនឹកគុណ ដល់លោក បណ្ឌិត កែម ឡី គឺជារឿងសំខាន់បំផុត សម្រាប់ប្រវត្តិសាស្ត្រ នៃស្រលាញ់ប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរជាវិជ្ជមាន។ លោក ខៀវ តារ៉ា អំពាវនាវឲ្យពលរដ្ឋខ្មែរនៅកម្ពុជា ឲ្យតស៊ូមតិ ដាក់បញ្ចូលថ្ងៃទី១០ ខែកក្កដា ដែលជាថ្ងៃស្លាប់របស់លោក បណ្ឌិត កែម ឡី ជាថ្ងៃឈប់សម្រាកផ្លូវការ «ខ្ញុំគិតថានៅប្រទេសកម្ពុជា គួរណាស់តែរម្លឹកធ្វើបុណ្យនេះ ឲ្យបានទៀងទាត់មួយឆ្នាំម្តង។ ពិសេសជាងនេះទៅទៀត យើងគួរអាចដាក់ថ្ងៃស្លាប់ របស់លោកបណ្ឌិត កែម ឡី ដាក់ជាថ្ងៃឈប់សម្រាកសាធារណៈ។ នេះបានបញ្ជាក់ ថាយើងគោរពវីរភាព របស់អ្នកចេះដឹងខ្មែរយើងមួយរូប ដែលលោកហ៊ានលះបង់ជីវិត សម្រាប់សង្គមជាតិ»។
ចំណែកឯភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ក៏នឹងរៀបចំពិធីនេះដែរ នៅថ្ងៃទី៧ ខែ កក្កដានោះ នៅក្រុងមែលប៊ន រដ្ឋវ៉ិកតូរីយ៉ា ដើម្បីនឹកដល់គុណតម្លៃ និងវីរភាពរបស់លោកបណ្ឌិត កែម ឡី ដែលបានពលីជីវិត ដើម្បីប្រទេសជាតិទាំងមូល។ អ្នកស្រី ប៊ូ រចនា នឹងបរិច្ចាគ ប្រាក់ ៤០% នៃបច្ច័យដែលប្រមូលបាន ពីការធ្វើបុណ្យខួបនេះ ដើម្បីជួយដល់អ្នកនិយមប្រជាធិបតេយ្យ ដែលកំពុងរងគ្រោះ ដោយការធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន «ថវិកាដែលទទួលបានក្នុងកម្មវិធីបុណ្យ នាងខ្ញុំនឹងបរិច្ចាគទៅឲ្យខាងសហគមន៍ ដែលយកទៅចាត់ចែង ជួយសង្គ្រោះដល់អ្នកដែលរងគ្រោះ នៅប្រទេសខ្មែរ និង ជនភៀសខ្លួនផ្សេងៗទៀត ដែលកំពុងរងទុក្ខវេទនា ដោយខ្វះខាត»។
ដោយឡែកសហគមន៍ខ្មែរនៅអាមេរិកឯណេះវិញ ក៏នឹងរៀបចំពិធីរម្លឹកខួបពីរឆ្នាំនេះ នៅថ្ងៃ០៧ ខែកក្កដានេះដែរ។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិអាមេរិក លោក ប៉ែន សុខផល ដែលចូលរួមចាត់ចែងពិធីបុណ្យនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត លើកឡើងថា ពលរដ្ឋខ្មែរនៅគ្រប់ទិសទី មិនភ្លេចលោក បណ្ឌិត កែម ឡី នោះឡើយ។ លោកចាត់ទុកលោកបណ្ឌិត កែម ឡី ថាជាវីរជន និង បុព្វបុរសខ្មែរមួយ រូប ដែលស័ក្ដិសមបំផុត នឹងទទួលបានការគោរព និង ដឹងគុណជារៀងរហូត។ លោក ប៉ែន សុខផល បញ្ជាក់ថា ថវិកាដែលប្រមូលបានពីការចូលបុណ្យនេះ នឹងចាត់ចែងទៅជួយក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ផង និងសល់ប៉ុន្មាន គឺយកទៅជួយជនរងគ្រោះ និង សកម្មជនដែលរងគ្រោះ ដោយការធ្វើទុក្ខម្នេញពីរបបលោក ហ៊ុន សែន ដែលសព្វថ្ងៃ កំពុងរត់ជ្រកកោននៅទីមានសុវត្ថិភាព «រាល់ថវិកា រាល់បច្ច័យដែលបានមកពីការចូលបុណ្យ គឺយើងមានបេសកកម្មច្រើនណាស់ ដែលត្រូវបំពេញ ដូចជាការរក្សាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយមានអ្នកធ្វើចំណាកស្រុកជាច្រើន ដែលរត់គេចខ្លួនពីការចាប់ខ្លួន នៃរដ្ឋាភិបាលលោក ហ៊ុន សែន ពួកគាត់ត្រូវការណាស់ ព្រោះពួកគាត់គេចផុតពីសេចក្តីស្លាប់មែន ប៉ុន្តែពួកគាត់កំពុងរស់ស្ទើរស្លាប់។ ដូច្នេះអ្វីដែលយើងកំពុងធ្វើនេះ គឺដើម្បីជួយផ្គត់ផ្គង់ដល់ពួកគាត់»។
លោកបណ្ឌិត កែម ឡី គឺជាសកម្មជនសង្គមមួយរូបដែលលេចធ្លោខ្លាំង និងហ៊ានវិភាគរិះគន់របបលោក ហ៊ុន សែន ដោយឥតសំចៃមាត់។ លោកត្រូវបានឃាតកឆក់យកជីវិត ទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងស្តារម៉ាត នៃស្ថានីយចាក់សាំងកាល់តិច ក្នុងទីក្រុងភ្នំពេញ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបញ្ចេញមតិរបស់លោក ជុំវិញរបាយការណ៍អង្គការ Global Witness ដែលរកឃើញ អំពីអំពើពុករលួយចាក់ស្រេះ នៃគ្រួសារត្រកូលហ៊ុន។
លោកបណ្ឌិត កែម ឡី ស្ថិតក្នុងចំណោមសកម្មជនសង្គម និងសកម្មជននយោបាយជាង ១០០នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើឃាតចាប់ពីឆ្នាំ១៩៩៣ មកទល់នឹងសព្វថ្ងៃនេះ។ សំណុំរឿងទាំងជាង ១០០ករណីនេះ គ្មានសំណុំរឿងណាដែលជនរងគ្រោះទទួលបានយុត្តិធម៌នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។