សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រាប់​មេ​ដឹកនាំ​សាសនា​ពិភព​លោក​ពី​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​សាសនា​ពី​សំណាក់​វៀតណាម

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជូន​តំណាង​ចូល​រួម​កិច្ច​ប្រជុំ​​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភពលោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ រយៈ​ពេល​ពីរ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ។ ក្នុង​កិច្ច​ប្រជុំ​នោះ សហព័ន្ធ​បាន​ជម្រាប​ជូន​មន្ត្រី​សហរដ្ឋអាមេរិក ​មេដឹកនាំ​សាសនា និង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អំពី​ការ​ធ្វើ​ទុក្ខ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​មក​លើ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម។

អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ម៉ៅ មុន្នី ប្រាប់​អង្គ​ប្រជុំ​​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភព​លោក​ថា ព្រះសង្ឃ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូប​ភាព​ពី​សំណាក់​ អាជ្ញាធរ ​និង​ព្រះ​សង្ឃ​វៀតណាម។

លោក ម៉ៅ មុន្នី៖«ខ្ញុំ​លើក​ឡើង​ពីរ​រឿង​សំខាន់​រឿង​ទី១ រដ្ឋាភិបាល​វៀតណាម ប្រើប្រាស់​សាសនា​វៀតណាម​គាប​សង្កត់​សាសនា​ខ្មែរ​ក្រោម​យើង​ហ្នឹង។ សព្វ​ថ្ងៃ​ហ្នឹង​គេ​មាន​សិទ្ធិ​បញ្ជា​ថា អ្នកណា​ជា​ព្រះ​ចៅអធិការ​វត្ត​ខ្មែរ​ក្រោម​យើង ហើយ​ពេល​ខ្មែរ​ក្រោម​យើង​ទៅ​បួស​ហ្នឹង ក៏​ត្រូវ​សុំ​ច្បាប់​គេ​ដែរ»។

បច្ចុប្បន្ន​វៀតណាម​ចាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​សិទ្ធិ​មនុស្ស ៨នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ជា​ច្រើន​ឆ្នាំ​ដោយសារ​តែ​ព្រះ​សង្ឃ​ការពារ​សិទ្ធិ​សាសនា ស្រប​ពេល​សកម្មជន​សិទ្ធិ​មនុស្ស​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។ ព្រះសង្ឃ ៥អង្គ​នោះ រួម​មាន ​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះតេជ​ព្រះគុណ ថាច់ ចន្ទតារា ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​​ទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ និង​ព្រះតេជ​ព្រះគុណ យឿង ខាយ ៥ឆ្នាំ។ តុលាការ​វៀតណាម​ចោទ​ប្រកាន់​ព្រះ​សង្ឃ អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ»។ ទោះបីជា​យ៉ាងណា​ក្ដី សហព័ន្ធ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​គាប​សង្កត់​សិទ្ធិ​ផ្នែក​សាសនា​និង​សិទ្ធ​សេរីភាព​របស់​ខ្មែរ​ក្រោម​ដើម្បី​កុំ​ឲ្យ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។

ក្នុង​កិច្ច​ប្រជុំ​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ កាល​ពី​ថ្ងៃទី៤ និង ៥កុម្ភៈ វាគ្មិន​ផ្ដោត​ការ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ ​របៀប​ណា​ទើប​ពហុ​សាសនា អាច​កសាង​ស្ថិរភាព​និង​សន្តិភាព​ ស្រប​ពេល​នៃ​ ការ​បម្លាស់ទី និង​ការ​បាត់​បង់​ផ្ទះ​សម្បែង​បណ្ដាល​មក​ពី​ជម្លោះ។

លោក ម៉ៅ មុន្នី អះអាង​ថា តំណាង​មេ​ដឹកនាំ​សាសនា​ពិភព​លោក អង្គការ​សិទ្ធិមនុស្ស និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ទទួល​បាន​ព័ត៌មាន​ជុំវិញ​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម ដែល​វៀតណាម​កំពុង​គ្រប់គ្រង។

លោក ម៉ៅ មុន្នី៖«នេះ​ជា​សន្និសីទ​យើង​ផ្សព្វផ្សាយ​ព័ត៌មាន និង​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ ​ពេល​ប្រជុំ​ខ្ញុំ​យក​ឯកសារ​ខ្មែរ​ក្រោម​ ទៅ​ដាក់​ ទូត​វៀតណាម​គេ​យក​ដែរ។ មនុស្ស​ប្រមាណ មួយ​ពាន់​នាក់​ចូល​រួម ជា​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស និង​សាសនា ​យើង​សង្ឃឹម​ថា បញ្ហា​របស់​ខ្មែរ​ក្រោម​គេ​ដឹង​លឺ​ច្រើន​។»​​​​​​​​​​​​​​​​

បទ្ថបទដែលទាក់ទង៖

សហព័ន្ធខ្មែរកម្ពុជាក្រោម​ដាក់គោលដៅ​បន្តទាមទារសិទ្ធិស្វ័យសម្រេច ​សម្រាប់​ឆ្នាំ២០២៥

សហព័ន្ធខ្មែរកម្ពុជា​ក្រោម ស្នើ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. ឱ្យ​បង្កើត​យន្តការ​នាំ​ជនជាតិ​ដើម​ចូលរួម​ប្រជុំ​ដោយផ្ទាល់ ជា​ជាង​តំណាង​របស់​ពួកគេ

ខ្មែរក្រោមធ្វើបាតុកម្មនៅមុខ UN នៅ​បុរីញូវយ៉ក ទាមទារ​វៀតណាម​ឱ្យ​ដោះលែង​ខ្មែរក្រោម​កំពុង​ជាប់ឃុំ

អាជ្ញាធរវៀតណាម ចាប់ផ្សឹក និងឃុំ​ព្រះកាយ​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា នៅកម្ពុជាក្រោម

របាយការណ៍​សេរីភាព​សាសនា​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ផ្សាយ​សម្រាប់​ឆ្នាំ២០២៣ រក​ឃើញ​ថា ទោះបី​រដ្ឋធម្មនុញ្ញ​វៀតណាម​ចែង​ថា បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ខាង​ជំនឿ និង​សាសនា ប៉ុន្តែ ច្បាប់​នេះ​ផ្តល់​ឲ្យ​សិទ្ធិ​រដ្ឋាភិបាល​លើ​ការ​អនុវត្ត​សាសនា និង​រួម​បញ្ចូល​នូវ​បទប្បញ្ញត្តិ​មិន​ច្បាស់​លាស់ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រឹតត្បិត​លើ​សេរីភាព​សាសនា ដោយ​យក​លេស ដើម្បី​ជា​ផល​ប្រយោជន៍ នៃ​សន្តិសុខជាតិ និង​ឯកភាព​សង្គម និង​អនុញ្ញាត​ឱ្យ​មន្ត្រី​មូលដ្ឋាន​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​អំពើ​ចិត្ត​លើ​ការ​ចុះ​ឈ្មោះ និង​ការ​ទទួល​ស្គាល់​ក្រុម​សាសនា​ថ្មី ឬ​កន្លែង​គោរព​បូជា។

ជុំវិញ​ការ​ចូល​រួម​ កិច្ច​ប្រជុំ​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភពលោក ក៏​ជា​ផ្នែក​នៃ​យុទ្ធនាការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ដាក់​គំនាប​ឲ្យ​វៀតណាម​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម។

កាល​ពី​សប្ដាហ៍​មុន​ព្រះសង្ឃ សកម្មជន​ខ្មែរ​ក្រោម និង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​នាំ​គ្នា​ដាក់​ញាតិ​នៅ​កុងស៊ុល​វៀតណាម​នៅ​រដ្ឋ (California) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នៅ​លើ​ឆាក​អន្តរជាតិ​រហូត​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។