មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR រកឃើញថា នៅក្នុងឆ្នាំ២០២៣ មានហេតុការណ៍ចំនួន ២៣៨ដង ពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសេរីភាពខាងការបញ្ចេញមតិ។
របាយការណ៍គម្រោងការឃ្លាំមើលសេរីភាពមូលដ្ឋាន ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា បង្ហាញថា ចំនួនការរឹតត្បិតសេរីភាពបញ្ចេញមតិ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអ៊ីនធឺណិត ពេញមួយឆ្នាំ២០២៣ មានចំនួនជាង២រយហេតុការណ៍ (២៣៨) ដែលចំនួននេះកើនឡើងជិតពីរដងប្រៀបធៀបនឹងឆ្នាំ២០២២។ ការរឹតត្បិតសេរីភាពខាងការបញ្ចេញមតិទាំងនោះមានដូចជា ការបង្ខំឱ្យលុបរូបភាព ការតាមដាន និងថតរូបនៅពេលចុះយកព័ត៌មាន ការចាប់យកឧបករណ៍អ្នកសារព័ត៌មាន និងអំពើហិង្សាទៅលើអ្នកសារព័ត៌មានជាដើម។
សាស្ត្រាចារ្យផ្នែកសារព័ត៌មាន លោក ម៉ៃ ទិត្យថារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមេសា ថា ដោយសារតែអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅតែបន្តលាបពណ៌អ្នកសារព័ត៌មាន ដូច្នេះ អ្នកសារព័ត៌មានវិជ្ជាជីវៈភាគច្រើន នៅតែមិនអាចបំពេញការងារដោយរលូននោះឡើយ។ លោកចាត់ទុកថា ការតម្រូវឱ្យអ្នកសារព័ត៌មានសុំការអនុញ្ញាតិអាជ្ញាធរនៅតាមមូលដ្ឋានជាមុនសិន មុននឹងចុះយកព័ត៌មាន គឺជាឧបសគ្គចម្បងដែលធ្វើឱ្យអ្នកសារព័ត៌មានឯករាជ្យ មិនអាចរាយការណ៍អំពីព័ត៌មាននៅតាមមូលដ្ឋាន ជាពិសេសនៅតំបន់ដែលមានការអភិវឌ្ឍ រំលោភបំពានសិទ្ធិប្រជាពលរដ្ឋ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើកឡើងថា ការផ្ដល់សេរីភាពពេញលេញសម្រាប់ក្រុមអ្នកសារព័ត៌មានឯករាជ្យ ជាគ្រឹះដ៏មានសារសំខាន់ នៅក្នុងសង្គមប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ ពួកគេចង់ឱ្យមានស្ថាប័នសារព័ត៌មានឯករាជ្យ ធ្វើការដោយគ្មានការបំភិតបំភ័យ ដើម្បីជួយឆ្លុះបញ្ចាំងអំពីការពិតនៅក្នុងសង្គម និងជួយផ្ដល់ព័ត៌មានចម្រុះបែបដល់រដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។