សង្គម​ស៊ីវិល​ប្រមូល​ផ្ដុំ​គ្នា​​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ការពារ​សុវត្ថិភាព​ក្រុម​គ្រួសារ

0:00 / 0:00

បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ សព​លោក​បណ្ឌិត កែម ឡី នឹង​ធ្វើ​នៅ​ខែ​តុលា ខាង​មុខ។ ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព​កំពុង​រៀបចំ​ធ្វើ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី និង​ចេតិយ​ក្បែរ​ផ្នូរ​លោក​នៅ​ខែត្រ​តាកែវ។ ទន្ទឹម​នឹង​ការ​រៀបចំ​បុណ្យ​រូប​សំណាក​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រមូល​ផ្ដុំ​គ្នា និង​បែក​ចែក​ជា​ក្រុម​ដើម្បី​ទាមទារ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​ការពារ​សុវត្ថិភាព​ជូន​ក្រុម​គ្រួសារ​របស់​លោក។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​តែងតែ​ជួប​គ្នា​ជា​ប្រចាំ​ពិភាក្សា​អំពី​បញ្ហា​នានា​នៅ​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​និមិត្តរូប​នៃ​ការ​បញ្ចេញ​មតិ។

លោក មឿន តុលា ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​បាន​បែងចែក​ជា​ច្រើន​ក្រុម គឺ​ទី​១ ក្រុម​ត្រូវ​ពន្យល់​សហគមន៍​ជាតិ និង​អន្តរជាតិ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​កំពុងតែ​ញាំញី និង​គាបសង្កត់ រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ ទី​២ ក្រុម​រៀបចំ​ធ្វើ​រូបសំណាក​លោក​បណ្ឌិត កែម ឡី និង​ចេតិយ ក្រុម​ទី​៣ ក្រុម​ឃ្លាំមើល​និង​រក្សា​សុវត្ថិភាព​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ក្រុម​ទី​៤ ក្រុម​អ្នក​ច្បាប់​ដើម្បី​សិក្សា​ពី​ករណី​ឃាតកម្ម និង​ផ្ដល់​មេធាវី​ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​តតាំង​ផ្លូវ​ច្បាប់ និង​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត។

​លោក មឿន តុលា បញ្ជាក់​ថា ប្លង់​រូបសំណាក​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​ដាក់​តាំង​នៅ​ក្បែរ​ផ្នូរ​លោក​បណ្ឌិត កែម ឡី។ លោក​បញ្ជាក់​ថា ទាំង​រូបសំណាក និង​ចេតិយ ក្រុម​ការងារ​ចង់​ធ្វើ​ឲ្យ​រួចរាល់​នៅ​ចំ​ថ្ងៃ​ពិធី​បុណ្យ​សព ១០០​ថ្ងៃ លោក​បណ្ឌិត។ លោក​បន្ថែម​ថា រូបសំណាក​នេះ​នឹង​មាន​កម្ពស់​ជាង ២​ម៉ែត្រ រួម​ទាំង​ជើង​ទម្រ៖ «យើង​ឆ្លង​ទាំង ១០០​ថ្ងៃ ឆ្លង​រូបសំណាក និង​ចេតិយ​តែម្ដង ប៉ុន្តែ​យើង​ត្រូវ​ការ​ថវិកា និង​ពេល​វេលា ដូច្នេះ​យើង​នឹង​អាច​ធ្វើ​មិន​ទាន់ តែ​យើង​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​ធ្វើ​រូប​សំណាក​នេះ»

ភរិយា និង​កូនៗ​របស់​លោក កែម ឡី ក្នុង​ពិធី​បុណ្យ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ភរិយា និង​កូនៗ​របស់​លោក កែម ឡី ក្នុង​ពិធី​បុណ្យ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth (RFA/Cheu Sideth)

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ គាំទ្រ​ចំពោះ​ការ​ធ្វើ​រូប​សំណាក​នេះ ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​ក្រុម​ការងារ​រៀបចំ​ធ្វើ​រូបសំណាក​នេះ បើក​ទូលាយ​ដើម្បី​ឲ្យ​សាធារណជន​ជួយ​ឲ្យ​គំនិត​យោបល់ ថា​តើ​រូបសំណាក​នេះ​ធ្វើ​ឡើង​មាន​រូបរាង​បែប​ណា៖ «ខាង​ព្រះពុទ្ធ​សាសនា​គេ​អភិសេក​រូប​ព្រះ​ហ្នឹង គេ​ធ្វើបុណ្យ ហើយ​មាន​ការ​ចូលរួម មាន​ភាព​សកា្ករៈ ហើយ​រូប​ហ្នឹង​លែង​ទៅ​ជា​ថ្ម ទៅ​ជា​រូប​ជា​ទី​សក្ការៈ ទៅ​ជា​អវតារ​តំណាង»

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​មាន​យោបល់​លើ​ការ​ធ្វើ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នេះ​ទេ ព្រោះ​ថា ការ​កំណត់​តម្លៃ​​លោក​បណ្ឌិត កែម ឡី ជា​វីរបុរស ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ៖ «ខ្ញុំ​សុំ​មិន​មាន​មតិ​ទេ​អា​ហ្នឹង ស្រេច​លើ​ប្រជាពលរដ្ឋ​លោក​មាន​យល់​ឃើញ​យ៉ាង​ម៉េច ហើយ​នឹង​ស្នើ​សុំ​ទៅ​តាម​នីតិវិធី​ទៅ​រដ្ឋាភិបាល​បាន​បាន ព្រោះ​ការ​វាយ​តម្លៃ​ជា​វីរជន អា​ហ្នឹង​មិន​សំខាន់​លើ​ក្រុម​គាំទ្រ ឬ​មិន​គាំទ្រ​ទេ បើ​លើក​ត្រួសៗ​ទៅ​មិន​មាន​ការ​វាយ​តម្លៃ​ជាក់លាក់​ទេ អា​ហ្នឹង​មិន​មាន​តម្លៃ​សម្រាប់​លោក​បណ្ឌិត​ទេ»

​ក្រុម​ការងារ​រៀបចំ​ធ្វើ​រូបសំណាក​លោក​បណ្ឌិត កែម ឡី ដាក់​តាំង​នៅ​ខែត្រ​តាកែវ​នេះ គឺ​នៅ​ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ស្នើ​សុំ​តម្កល់​រូបសំណាក​លោក​បណ្ឌិត កែម ឡី សង់​អំពី​ស្ពាន់​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​គោលបំណង​រំលឹក​ដល់​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ផង និង​ចាត់​ទុកជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញមតិ​ផង ព្រមទាំង​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ផង។

គណបក្ស​ប្រឆាំង​លើក​ឡើង​ថា កន្លែង​ដែល​ប្រសើរ​បំផុត​សម្រាប់​តម្កល់​រូបសំណាក​លោក​បណ្ឌិត កែម ឡី គឺ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ​លោក​បណ្ឌិត កែម ឡី ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ ដូច្នេះ​ទីលាន​ប្រជាធិបតេយ្យ​គឺ​ជា​កន្លែង​សក្ដិសម​បំផុត​សម្រាប់​រូបសំណាក​លោក​បណ្ឌិត កែម ឡី ដែល​ហ៊ាន​បញ្ចេញមតិ​រហូត​ដល់​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។

ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​ពេញ​នគរ​បាន​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​វីរបុរស​ខ្មែរ​នៅ​សតវត្ស​ទី​២១ ដែល​ពួកគេ​គោរព​ស្រលាញ់ និង​ចាត់​ទុក​ជា​អ្នក​ក្លាហាន ហ៊ាន​និយាយ​ការ​ពិត​ដ៏​ឆ្នើម​ឧត្ដម​ម្នាក់ ដើម្បី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គមជាតិ​ខ្មែរ។

ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ និង​សំខាន់​ម្នាក់​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​លោក​ជា​អ្នក​វិភាគ​ឥត​សំចៃ​មាត់ ដែល​ផ្អែក​លើ​ភស្តុតាង​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​តាមរយៈ​ការ​ស្រាវជ្រាវ​រក​ឃើញ​របស់​លោក។ ថ្វី​ដ្បិតតែ​រូប​កាយ​របស់​លោក​បាន​បាត់បង់​ពី​លោកិយ តែ​ស្នាដៃ ពាក្យ​សម្ដី សេចក្ដី​ក្លាហាន​របស់​លោក​បាន​បន្សល់ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គឺ​មិន​បាត់បង់​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​នោះ គឺ​ការ​រក្សា​រូបរាង​របស់​លោក​ឲ្យ​បាន​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​មុខមាត់​របស់​លោក​ដូច​មនុស្ស​នៅ​សម័យ​នេះ​ដែរ គឺ​ការ​សាងសង់​រូប​សំណាក។

ក្រោយ​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ ពលរដ្ឋ​ជាច្រើន​ស្រែក​ទ្រហោយំ សំដែង​ការ​សោកស្ដាយ និង​ទាមទារ​ឲ្យ​ស្វែងរក​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង។

អ្នក​ចូលរួម​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា ២០១៦។ RFA/Brach Chev
អ្នក​ចូលរួម​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា ២០១៦។ RFA/Brach Chev (RFA/Brach Chev)

ការ​ទាមទារ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី នេះ ក្រៅ​ពី​អង្គការ​សង្គម​ស៊ីវិល គឺ​សហគមន៍​រងគ្រោះ​ដីធ្លី​បាន​រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​បុគ្គលិក​ការងារ​សិទ្ធិមនុស្ស​អង្គការ​អាដហុក (ADHOC) ចំនួន ៤​រូប អគ្គលេខាធិការ​រង គ.ជ.ប និង​ទាមទារ​ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី។ តែ​ក្រុម​អ្នក​ទាមទារ​នេះ​បែរ​ជា​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ចំនួន​ពីរ​រូប គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា

​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​កំពុងតែ​រង់ចាំ​មើល​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​លាតត្រដាង​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង។ លោក​បញ្ជាក់​ថា ខាង​អង្គការ​សង្គម​ស៊ីវិល​វិញ ក៏​មិន​នៅ​ស្ងៀម​ដែរ​ចំពោះ​ករណី​ទាមទារ​យុត្តិធម៌​នេះ៖ «ការងារ​ស៊ើប​អង្កេត​នេះ ប្រហែលជា​អង្គការ​ជាតិ និង​អន្តរជាតិ​នេះ​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ធ្វើ តែ​មើល​ទៅ​យើង​ព្រួយ​បារម្ភ ការងារ​ស៊ើប​អង្កេត​នេះ រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិនទាន់​បាន​ចេញ​របាយការណ៍​អ្វី​សោះ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​ជំរុញ​ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​ដែរ ប៉ុន្តែ​លោក​ករណី​នេះ​លោក​ថា ទុក​ពេល​ឲ្យ​តុលាការ​និង​សមត្ថកិច្ច​រដ្ឋាភិបាល​ធ្វើការ​បន្តិច​សិន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ឲ្យ​ដឹង​ថា ភរិយា​លោក​បណ្ឌិត កែម ឡី បាន​សម្រេច​ពឹង​ពាក់​មេធាវី​នៃ​អង្គការ​របស់​លោក​ហើយ ដើម្បី​ប្ដឹង​ទាមទារ​យុត្តិធម៌​ជូន​ស្វាមី​របស់​អ្នកស្រី។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដែល​ជា​អ្នក​កាន់​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ឲ្យ​អាស៊ីសេរី ដឹង​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ចៅក្រម​កំពុង​បន្ត​ការ​ស៊ើបសួរ។

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ប្រកាស​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​ឃាតកម្ម​លោក កែម ឡី។ អង្គការ​អន្តរជាតិ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ករណី​បាញ់​សម្លាប់​លោក កែម ឡី ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​ពិតប្រាកដ​មក​ផ្ដន្ទាទោស មិនមែន​តែ​ខ្មាន់​កាំភ្លើង។ រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ប្រកាន់ និង​មាន​ប្រវត្តិ​មិន​ល្អ​រាប់​សិប​ឆ្នាំ​ពី​ការ​សម្លាប់​សកម្មជន​នយោបាយ សិទ្ធិមនុស្ស និង​កម្មករ ដែល​អាជ្ញាធរ​កម្រ​ចាប់​ខ្លួន​ជនល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស។

Global Witness ក៏​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា ថ្កោលទោស​ឲ្យ​ខ្លាំងក្លា និង​ទាមទារ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ការ​បាញ់​សម្លាប់​លោក កែម ឡី នេះ។

លោក មឿន តុលា បញ្ជាក់​ថា ក្រៅពី​ក្រុម​ការងារ​ធ្វើ​រូប​សំណាក​រូប​បណ្ឌិត កែម ឡី និង​ចេតិយ​នោះ គឺ​ក្រុម​អង្គការ​ស៊ីវិល​ក៏​ទាមទារ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​អ្នក​ផ្សេង​ទៀត រួម​មាន​លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​លោក ហង្ស សេរីឧត្តម ជាដើម។ លោក​បញ្ជាក់​ថា បើសិនជា​តុលាការ​សព្វថ្ងៃ​មិន​ឯករាជ្យ ដែល​មិន​អាច​ជា​ទី​សង្ឃឹម​សម្រាប់​ជនរងគ្រោះ​បាន​ទេ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​រក្សា​ជំហរ​ទាមទារ​យុត្តិធម៌​នេះ នៅ​ពេល​ណា​ដែល​តុលាការ​អាច​ផ្លាស់ប្ដូរ​របៀប​ធ្វើ​ការ​របស់​ខ្លួន ពោល​គឺ​តុលាការ​ដែល​ជា​ទីពឹង​សម្រាប់​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​បាន។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាតក​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី សិល្បករ សហជីព កម្មករ​រោងចក្រ និង​ចុង​ក្រោយ​គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ គឺ​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។