សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យយុវជនចំនួន ១០នាក់ជួបជុំដាក់កម្រងផ្កាឧទ្ទិសដល់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែ កក្កដា ជាខួប៣ឆ្នាំ នៅចំណុចស្ថានីយប្រេង ឥន្ធនៈកាល់តិច (Caltex)ដែលជាទីតាំងឃាតកម្មឡើយ ក្រោមហេតុផលដដែលថា ប៉ះពាល់ពាល់សណ្ដាប់ធ្នាប់សាធារណៈ។ យុវជន និងសង្គមស៊ីវិល ចាត់ទុកទង្វើរបស់សាលារាជធានី ជាការឹតត្បិតសិទ្ធិសេរីភាពជួបជុំ និងជាទង្វើអសីលធម៌។
អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់ក្នុងលិខិតមួយច្បាប់ថា មូលហេតុ ដែលអាជ្ញាធរបដិសេធសំណើរបស់យុវជនព្រោះទីតាំងស្នើសុំជួបជុំនោះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជន។ លោកបន្តថា សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរអាចប្រារព្ធពិធីនេះនៅផ្ទះគ្រួសារសព និងនៅទីស្នាក់ការរបស់ខ្លួនបាន។ សេចក្ដីជូនដំណឹងនេះព្រមានថា ក្នុងករណីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនៅតែជួបជុំនៅទីតាំងខាងលើ ឬតាមផ្លូវសាធារណៈដែលបណ្ដាលឱ្យប៉ះពាល់សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ គឺត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីថ្ងៃទី១ ខែកក្កដា បានដាក់លិខិតស្នើសុំសាលារាជធានីភ្នំពេញ ជួបជុំគ្នាប្រមាណ១០នាក់ដែលជាកូនសិស្សបណ្ឌិត កែម ឡី ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ដើម្បីរំលឹកខួប ៣ឆ្នាំ នៃអំពើឃាតកម្ម។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក មួង សូនី យល់ថា ការបដិសេធនេះពុំសមហេតុ ផល ព្រោះទីតាំងស្នើសុំជួបជុំនោះគឺជាកន្លែងឯកជនហើយការជួបជុំនេះ ក៏មិនមានអី្វដែលត្រូវប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះដែរ ព្រោះពួកលោកមានគ្នាតែប្រមាណ ១០នាក់ប៉ុណ្ណោះ។ លោកយល់ថា បម្រាមរបស់អាជ្ញាធរនេះគឺជាការរឹតត្បិតសិទ្ធិសេរីភាពជួបជុំរបស់យុវជននិងជាទង្វើ រំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ម្យ៉ាងវិញទៀតការលើកហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់ដដែលៗនេះ ក៏ជាទង្វើរើសអើង និងបញ្ជាក់ថា សាលារាជធានីភ្នំពេញអនុវត្តន៍ផ្ទុយពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលតែងតែអះអាងថា មានការបើកលំហសិទ្ធិសេរីភាព និងការបញ្ចេញមតិពេញលេញនៅកម្ពុជា៖ «លិខិតដែលគាត់លើកឡើងបែបនេះគឺវាខុសពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដែលថ្លែងនៅចំពោះមុខអង្គការអន្តរជាតិចំពោះមុខប្រទេសលោកសេរីចំពោះមុខយូអ៊ិន (UN) និងប្រទេសសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការធានានូវសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំ។ ជាពិសេសវាប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់សម្ដេច ស ខេង ដែលលោកជំរុញឱ្យបើកលំហសិទ្ធិសេរីភាពចំពោះសង្គមស៊ីវិលនិងប្រជាពលរដ្ឋទូទាំងប្រទេស»។
កាលពីថ្ងៃព្រហស្បតិ៍មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលរបស់លោកមិនដែលមានបំណងបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនោះទេ និងមានតែខិតខំលើកកម្ពស់សិទ្ធិនេះថែមទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការ ដែលលើកហេតុផលថា ប៉ះពាល់សណ្ដាប់ធ្នាប់ ប៉ុន្តែមិនជួយសម្របសម្រួលឱ្យយុវជនមានដែលមានគ្នាត្រឹម១០នាក់ជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី គឺបង្ហាញថា អាជ្ញាធររាជធានីភ្នំពេញអសមត្ថភាពក្នុងការរក្សាសណ្ដាប់ធ្នាប់ និងមិនបានបើកទូលាយដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋនោះទេ៖ «ក្នុងដំណាក់កាលនេះ កម្ពុជាកំពុងតែត្រូវបានគេឃ្លាំមើលអំពីលំហនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយបើគ្រាន់តែការគោរពវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតទៅហើយនោះ ក៏មិនផ្ដល់ឱកាសឱ្យមានការគោរពបានល្អប្រសើរដែរ គឺបង្ហាញថាកម្ពុជាយើងសូម្បី តែវិញ្ញាណក្ខន្ធវីរបុរសដែលខ្មែរយើងគោរពស្រឡាញ់រាប់លាននាក់នៅពេលដែលដង្ហែសពលោកនោះ វាគឺជារឿងមួយដែលអសីលធម៌ និងជាការប្រមាថលើអាយុជីវិតអ្នកចេះដឹងដែលបានលះបង់ជីវិតដើម្បីប្រយោជន៍សង្គមជាតិយើង។ គួរតែប្ដូរផ្លាស់នូវឥរិយាបថបែបនេះព្រោះឥរិយាបថនេះត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ជាបន្តបន្ទាប់»។
ចាប់តាំងពីឆ្នាំ២០១៣មក របបក្រុងភ្នំពេញបានហាមប្រាមការជួបជុំគ្រប់រូបភាពរបស់ប្រជាពលរដ្ឋក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ប៉ុន្តែអាជ្ញាធររបបក្រុងភ្នំពេញតែងតែបើកទូលាយសម្រាប់គណបក្សកាន់អំណាច និងក្រុមអ្នកដែលគាំទ្ររបបក្រុងភ្នំពេញឱ្យជួបជុំគ្រប់ទីកន្លែងតាមអ្វីដែលពួកគេប្រាថ្នា។
ទោះយ៉ាងណាលោក មួង សូនី ប្រកាសថា លោកនឹងនៅតែយកកម្រងផ្កាទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោដដែល ព្រោះចាត់ទុកថាអ្វីដែលលោក ធ្វើគឺជារឿងត្រឹមត្រូវ និងមិនបានធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់នោះទេ។ បន្ទាប់មកលោក ក៏នឹងទៅចូលរួមពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ នៅឯស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។