កូនភ្លោះពីរនាក់ដែលជាសកម្មជនបរិស្ថាន និងជាមនុស្សស្និទ្ធស្នាលនឹងលោកបណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត បានទទួលឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទៅរស់នៅប្រទេសទីបីហើយ ក្រោយពីមានការជួយជ្រោមជ្រែងរបស់អង្គការសភាអន្តរជាតិ (IKARE) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។
ប្រធានអង្គការសភាអន្តរជាតិ លោក សេក កុសល ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ថា មូលហេតុដែលអង្គការលោកជួយសង្គ្រោះយុវជនការពារបរិស្ថានពីរនាក់បងប្អូននេះ ដោយសារលោកចង់ឲ្យពួកគេបន្តកិច្ចការជាច្រើនទៀតដែលនៅសេសសល់ពីគម្រោងរបស់លោកបណ្ឌិត កែម ឡី។
យុវជន ជុំ ហួរ និង ជុំ ហួត ជាសាក្សីរស់ដែលបានជួបជាមួយលោកបណ្ឌិត កែម ឡី មួយថ្ងៃមុនខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ទាំងកណ្ដាលថ្ងៃត្រង់ក្នុងទីក្រុងភ្នំពេញ។ ពួកគេធ្លាប់ទាមទារឲ្យសមត្ថកិច្ចត្រូវបង្ហាញរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់ក្នុងហាងស្តារម៉ាត ក្បែរស្តុបបូកគោ ទីដែលឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីបង្ហាញឲ្យសាធារណជនបានដឹងអំពីសកម្មភាពដែលដៃដល់ធ្វើការបាញ់ប្រហារនេះ។
យុវជន ជុំ ហួរ និង ជុំ ហួត បានភៀសខ្លួនចេញក្រៅប្រទេសប៉ុន្មានថ្ងៃក្រោយការធ្វើឃាតលោក កែម ឡី ដោយសារពួកគេភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបានប្រាប់អំពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធការធ្វើឃាតលោកបណ្ឌិត កែម ឡី ដល់ស្ថានទូតសហរដ្ឋអាមេរិក រួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។