យុវជន កែម ឡី និយម គឺលោក គង់ រ៉ៃយ៉ា បានចាប់ផ្ដើមទទួលទានអាហារឡើងវិញហើយ បន្ទាប់ពីបានការសម្របសម្រួលដោះស្រាយបញ្ហាមួយចំនួន ដោយមន្ត្រីពន្ធនាគារទៅតាមអ្វី ដែលលោកបានទាមទារ។
ភរិយាលោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ឱ្យដឹងថា លោក គង់ រ៉ៃយ៉ា បានចាប់ផ្ដើមហូបអាហារឡើងវិញ កាលពីថ្ងៃទី២១ ខែកក្កដា ក្រោយមន្ត្រីពន្ធនាគារផ្ដល់ឱ្យ ២ចំណុចក្នុងចំណោម៣ចំណុច ដែលបានទាមទារ គឺផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យចេញពីបន្ទប់ឃុំឃាំងដើម្បីហាត់ប្រាណគឺ៣ម៉ោង ក្នុងមួយថ្ងៃ និងអាចទទួលសៀវភៅពីខាងក្រៅឱ្យយកទៅអានបាន៖ «កាលពីថ្ងៃទី១៥ ចាប់ផ្ដើមលេចឮ ដល់មន្ត្រីពន្ធនាគារគាត់ឱ្យចេញមកបាន ៣ម៉ោង កាលពីថ្ងៃទី១៥ ហ្នឹង ដល់ថ្ងៃទី១៨ ខ្ញុំទៅមើលគាត់ គាត់អត់អាហារទៀត។ គាត់ថាដោយសារថ្ងៃទី១៥ គេបានឆ្លើយតបការទាមទាររបស់គាត់ តែក្រោយមកទៀតគេដូចបិទសិទ្ធិគាត់អត់ចង់ឱ្យគាត់ចេញក្រៅ អ៊ីចឹងគាត់ចាប់ផ្ដើមពហិការអត់អាហារ ២ទៅ ៣ថ្ងៃទៀត ខ្ញុំក៏ទាក់ទងទៅអ្នកគេស្គាល់មន្ត្រីពន្ធនាគារសុំគេឱ្យជួយសម្រួលទៀតទៅបានគាត់ព្រមហូបបាយវិញកាលពីថ្ងៃទី២១។ សំនួរ៖ អ៊ីចឹងគាត់អាចចេញខាងក្រៅ៣ម៉ោង និងអាចទទួលសៀវភៅទៅអានបាន?ចាស សៀវភៅអាចអានបានតែខ្លះទេទៅតាមការកំណត់របស់គេ »។
លោក គង់ រ៉ៃយ៉ា ចាប់ផ្ដើមពហិការទទួលទានអាហារក្នុងពន្ធនាគារចាប់តាំងពីថ្ងៃដែលត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសកាលពីថ្ងៃទី១១ ខែកក្កដា ដោយទាមទារបីចំណុចពីមន្ត្រីពន្ធនាគារ គឺមានពេលវេលាហាត់ប្រាណ អាចអានសៀវភៅគ្រប់គ្រាន់ ព្រមទាំងមានកន្លែងគេងល្មមអាចធ្វើវិបស្សនាបាន។
លោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ដោយត្រូវចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌក្រោយបានផ្សព្វផ្សាយលក់អាវយឺតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ អាវយឺតនោះមានរូប និងទស្សនៈលោកបណ្ឌិត កែម ឡី ដែលថា «បើអ្នកមិនធ្វើអ្វីសោះក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
លោកស្រី សុខ ស្រីនិច លើកឡើងថា ដ្បិតថា ការចាប់ឃុំខ្លួនប្ដីលោកស្រី ជារឿងអយុត្តិធម៌ ហើយត្រូវស្នាក់ក្នុងបន្ទប់ចង្អៀតណែនខ្វះអនាម័យមែនពិត តែលោកស្រីមិនចង់ឃើញប្ដីបង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារទៀតទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពព្រោះលោក គង់ រ៉ៃយ៉ា មានជំងឺក្រពះដែលត្រូវទទួលទានអាហារទៀងទាត់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។