អាជ្ញាធរខេត្តស្ទឹងត្រែង រារាំង និងបណ្ដេញព្រះសង្ឃ និងក្រុមយុវជន មិនឱ្យជួបជុំគ្នាជាមួយប្រជាសហគមន៍រៀបចំពិធីរំលឹកខួប ៤ឆ្នាំ នៃឃាតកម្មបណ្ឌិត កែម ឡី នៅភូមិស្រែគរចាស់ ស្ថិតក្នុងស្រុក សេសាននោះទេ ក្រោមហេតុផលថា មិនបានសុំច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ខកចិត្តចំពោះអាជ្ញាធរដែលបំបិទសិទ្ធិ សេរីភាពប្រជាពលរដ្ឋគ្រប់បែបយ៉ាង សូម្បីតែធ្វើពិធីបែបសាសនា។
ព្រះសង្ឃការពារបរិស្ថានព្រះតេជព្រះគុណ បូរ បេត មានថេរដីកាថា ការប្រារព្ធពិធីបែប សាសនានេះ មិនបានប្រព្រឹត្តទៅដោយរលួតឡើយ ដោយសារអាជ្ញាធរឃុំ និងស្រុក ព្រមទាំង មានព្រះរាជអាជ្ញាផង បានប្រើអំណាចផ្ទុយពីច្បាប់ចុះទៅរារាំង និងបណ្ដេញព្រះសង្ឃ និងក្រុមយុវជនឱ្យចាកចេញពីតំបន់នោះជាដាច់ខាត ទោះបីជាក្រុមយុវជន ស្នើសុំស្នាក់មួយយប់ទៀតក្ដី៖ «ប្រហែលជាខ្លាចស្រមោលលោកបណ្ឌិត កែម ឡី ឬយ៉ាងម៉េច រឿងទី១ហើយរឿងទី២ អាត្មាគិតថា ជារឿងដែលបិទសិទ្ធិសេរីភាពមិនឱ្យពលរដ្ឋយើងទូទៅ ប្រារព្ធកម្មវិធីបុណ្យទាក់ទិននឹងសាសនា។ មុននឹងធ្វើយើងមើលតាំងពីច្បាប់រដ្ឋធម្មនុញ្ញ ហើយយើងមើលទាក់ទិននឹងច្បាប់បាតុកម្មអីគឺយើងអត់មានឃើញច្បាប់ណាដែលហាមឃាត់ មិនឱ្យធ្វើបុណ្យតាមបែបសាសនាឧទ្ទិសកុសលដល់អ្នកដែលស្លាប់ ជាពិសេសលោកបណ្ឌិត កែម ឡី ដែលស្ថិតនៅក្នុងបេះដូងយើងគ្រប់គ្មាន»។
ព្រះអង្គមានថេរដីកាថា ព្រះសង្ឃ៤អង្គ និងក្រុមយុវជន ព្រមទាំងប្រជាសហគមន៍ជិត៣០នាក់ បាននាំគ្នាប្រារព្ធខួប៤ឆ្នាំ នៃឃាតកម្មបណ្ឌិត កែម ឡី ស្ថិតនៅក្នុងភូមិស្រែគរចាស់ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ពីព្រោះ បណ្ឌិត កែម ឡី នៅមានជីវិត ធ្លាប់បានចុះសិក្សាស្រាវជ្រាវអំពី ផលប៉ះពាល់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោមពីរ និងបានជួយបង្រៀនដល់ប្រជាពលរដ្ឋ រងគ្រោះដោយការបណ្តេញចេញនៅតំបន់នោះ។
យុវជនមួយរូបដែលចូលរួមរំលឹកខួបនេះដែរ គឺលោក ឃឿន កំសត់ ខកចិត្តយ៉ាងខ្លាំងចំពោះទង្វើ របស់អាជ្ញាធរ ដែលប្រើពាក្យសម្តីបែបសម្លុត និងគំរាមកំហែងដល់ព្រះសង្ឃ និងក្រុមយុវជន។ យុវជនរូបនេះ យល់ថា សកម្មភាពយុវជន និងព្រះសង្ឃដែលទៅទស្សនកិច្ច និងធ្វើពិធីរំលឹកខួប បណ្ឌិតកែម ឡី នៅតំបន់សេសានក្រោមពីរនេះ គឺជាសិទ្ធិសេរីភាពដែលធានាដោយច្បាប់ ហើយ ទង្វើរបស់អាជ្ញាធរទៅវិញទេ ដែលរំលោភច្បាប់ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ៖ «គាត់ថាយុវជនអត់បានស្នើសុំ ក៏ដូចជាអត់ប្រាប់ពួកគាត់ ប៉ុន្តែកាលពីល្ងាចមិញគាត់មកសួរនាំកត់ឈ្មោះយើងទាំងអស់គ្នា ហើយព្រឹកឡើងគាត់មកទៀត គាត់ថា គាត់ដឹង ហើយនិយាយយកៗ ហើយខ្ញុំមើលឃើញទិដ្ឋភាពនេះថា គ្រាន់តែហ្វូងយុវជន និងព្រះសង្ឃមកធ្វើបុណ្យរំលឹកខួបអីតិចតួចសោះ គាត់បែបមួយខ្លាច មិនចង់ឱ្យយុវជនធ្វើ ឬមួយ ក៏វាមានអីពាក់ព័ន្ធនឹងការស្លាប់របស់លោកបណ្ឌិត កែម ឡី ខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរ ប៉ុន្តែហេតុអីបានជាគាត់ខ្លាចយុវជនមិនចង់ឱ្យធ្វើរំលឹកឈ្មោះបណ្ឌិតកែម ឡី»។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ ទទួលស្គាល់ថា អាជ្ញាធរ ពិតជាបានដាក់កម្លាំង ទៅរារាំង និងបណ្ដេញក្រុមយុវជននិងព្រះសង្ឃទាំងនោះមែន ដោយសារពួកគេមិនបានសុំច្បាប់ អនុញ្ញាតពីអាជ្ញាធរដែនដី ។ លោកអះអាងថា ប្រសិនបើព្រះសង្ឃនិងយុវជន នៅតែមិនចាកចេញ ពីតំបន់នោះតាមសំណូមពរទេ អាជ្ញាធរនឹង ចាត់វិធានការតឹងរ៉ឹងតាមច្បាប់៖ «ជារួមច្បាប់អនុញ្ញាតឱ្យអង្គការសមាគមផ្សេងៗដែលទទួលស្គាល់ដោយច្បាប់គាត់ចូលមកធ្វើសកម្មភាពផ្សេងៗដោយពុំចាំបាច់ជូនដំណឹងទេ។ នេះគឺច្បាប់បាន បញ្ជាក់ជូនហើយប៉ុន្តែនៅពេលគាត់ធ្វើការនៅក្នុងមូលដ្ឋានដើម្បីធានានៅសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពរបស់គាត់ ខ្លាចមានគ្រោះមហន្តរាយណាមួយធ្វើឱ្យប៉ះពាល់ដល់គាត់ គឺគាត់ត្រូវតែ ធ្វើការជូនដំណឹងឬក៏សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដែរដើម្បីធានានូវសុវត្ថិភាពពួកគាត់ទេ។ ប៉ុន្តែបើគាត់ធ្វើសកម្មភាពនេះ វាមិនមានគោលជំហរអព្យាក្រឹត្យសម្រាប់សហគមន៍មូលដ្ឋានទេ អាជ្ញាធរ ក៏គាត់មានសមត្ថកិច្ចនៅក្នុងការអនុញ្ញាតមិនឱ្យធ្វើឬក៏ឱ្យផ្អាកបណ្ដោះអាសន្ន លុះត្រាតែមានការគោលការណ៍អនុញ្ញាតត្រឹមត្រូវសិនដែរ»។
ទោះជាយ៉ាងណា ក្រុមយុវជន និងព្រះសង្ឃ ប្ដេជ្ញារួមគ្នាថា នឹងបន្តស្នាក់នៅទីនោះមួយយប់ទៀត ហើយនៅថ្ងៃស្អែក ទើបនាំគ្នាចាកចេញពីទីនោះ វិលទៅកាន់កន្លែងរស់នៅរៀងៗខ្លួនវិញ។
ប្រធានមូលនិធិ កែម ឡី លោក សៅ កុសល ថ្លែងថា ទង្វើរបស់អាជ្ញាធរដែលបំបិទសិទ្ធិប្រជាពលរដ្ឋ មិនឱ្យរំលឹកខួបបណ្ឌិត កែម ឡី នេះ គឺជាការរំលោភច្បាប់ និងកាន់តែធ្វើឱ្យសាធារណជន សង្ស័យ ថា ឃាតកម្មបណ្ឌិត កែម ឡី ពាក់ព័ន្ធនឹងអាជ្ញាធររដ្ឋ ឬក្រុមអ្នកមានអំណាចកំពូលៗនៅកម្ពុជា។ លោកយល់ថា ប្រសិនបើអាជ្ញាធររដ្ឋ មិនពាក់ព័ន្ធនឹងឃាតកម្មនេះទេ ត្រូវតែស្វែងរកឃាតកពិត ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងអ្នកនៅពីក្រោយអំពើឃាតកម្មនេះ ជាជាងធ្វើទុក្ខបុកម្នេញ គ្រប់បែបយ៉ាងលើអ្នកគោរពស្រលាញ់វីរភាពបណ្ឌិត កែម ឡី៖ «ធ្វើទុក្ខបុកម្នេញ ប្រើវិធានការច្បាប់ផ្សេងៗ ចាប់ដាក់គុកអីនេះ បំភិតបំភ័យ ឬរារាំងកម្មវិធីនេះ បង្ហាញថា ឃាតកម្មនេះមានការរៀបចំដោយអាជ្ញាធររដ្ឋហើយ ទើបបានជាគាត់ព្យាយាមរារាំងបិទបាំង។ ខ្ញុំទទួលបានព័ត៌មានចុងក្រោយនេះ ខ្ញុំសន្និដ្ឋានថា អ្នកជាប់ពាក់ព័ន្ធនឹងឃាតកម្មដ៏ព្រៃផ្សៃដោយបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺក្រុមគ្រួសារ លោកនាយរដ្ឋមន្ត្រី ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់តែម្ដង ដោយសារកាលពីឆ្នាំ២០១៧ ខែ១០ លោកនាយករដ្ឋមន្ត្រីបានឱ្យមនុស្សជំនិតម្នាក់ទាក់ទងទៅលោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិតកែម ឡី ត្រឡប់ទៅកម្ពុជាវិញ តែការទាក់ទងនេះមិនបានសម្រេចក៏បានយកព័ត៌មាននេះមកប្រាប់ខ្ញុំ ដើម្បីឱ្យខ្ញុំទាក់ទងអ្នកស្រី ប៊ូ រចនា ឱ្យចូលស្រុកវិញជាថ្នូរនឹងប្រាក់ ៤លានដុល្លារ ផ្ទះ និងប្រាក់បង់សាលាសម្រាប់កូនៗ»។
រហូតមកដល់ម៉ោងជាង ៥ល្ងាចថ្ងៃដដែលនេះ ក្រុមយុវជន និងព្រះសង្ឃ សម្រេចផ្លាស់ប្ដូរចិត្តឡើង វិញ នាំគ្នាចាកចេញពីតំបន់សេសានក្រោមពីរនោះហើយ បន្ទាប់ពីឃើញអាជ្ញាធរទាំងស៊ីវិល និង កម្លាំងប្រដាប់អាវុធ កាន់តែច្រើនប្រមាណ ៣០នាក់បានចុះទៅទីនោះ ហើយបារម្ភខ្លាចមានករណីធ្វើ បាបតាមរូបភាពផ្សេងៗនៅពេលយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។