ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹង​តាមោក​ក្រាញននៀល​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹងតាមោក​ជាង ១០០​គ្រួសារ (១១៣) ក្រាញ​ននៀល​មិន​ចាក​ចេញ​ពី​លំនៅឋាន​ដើម្បី​ទាមទារ​សិទ្ធិ​កាន់កាប់​លើ​ដី​អាស្រ័យ​ផល និង​ប្រឆាំង​អំពើ​អយុត្តិធម៌​សង្គម។ ពួកគាត់​អះអាង​ថា ការ​មិន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ហាក់ដូចជា​សម្លាប់​ពលរដ្ឋ​ទាំង​រស់។

ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ពី​សំណាក់​អាជ្ញាធរ ប្ដេជ្ញា​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​ការពារ​ដី​លំនៅឋាន​ដែល​ជា​ទ្រព្យសម្បត្តិ​ចុងក្រោយ​របស់​ពួកគាត់។

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក លោក សឿន គឹមសាន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មូលហេតុ​ដែល​ពួកគាត់​នៅតែ​តស៊ូ​មិន​ព្រម​ចុះចេញ​ពី​ដី​លំនៅឋាន ដោយសារតែ​ពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​លើ​ដី​លំនៅឋាន​តាំងពី​ជំនាន់​ដូនតា​មក​។ លោក​បន្ត​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​បង្ខំ​ឱ្យ​ពលរដ្ឋ​ដោះដូរ​ដី​នេះ គឺ​គ្រាន់តែ​ជា​លេស​ចង់បាន​ដី​ពលរដ្ឋ​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​អាគារ ខុន​ដូ តែ​ប៉ុណ្ណោះ។

លោក សឿន គឹមសាន៖ «ខ្ញុំ​មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ដោយសារ​ការ​អភិវឌ្ឍ វា​កាន់​កៀក​ដល់​កន្លែង​ខ្ញុំ​រស់នៅ​អាស្រ័យ​ផល ខ្ញុំ​កំពុង​បារម្ភ​ខ្លាច​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ឬក៏​ប្រើ​ហិង្សា​លើ​កន្លែង​ណា​លើ​ពលរដ្ឋ​អ៊ីចឹង ពីព្រោះ​មួយ​រយៈ​ពេល​មុន អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​មានការ​វាយតប់​ផង​លើ​ស្ត្រី»។

ពលរដ្ឋ​ឱ្យ​ដឹង​ថា ផ្ទៃដី​បឹង​តាមោក​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧) អាច​ឱ្យ​ពលរដ្ឋ​ចំនួន​៤០០​គ្រួសារ អាស្រ័យ​ផល​ដូចជា រាវខ្យង រក​ត្រី និង​បេះ​ត្រកួន​លក់​ជាដើម។

ប៉ុន្តែ​ចាប់តាំងពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​តាមោក​ឱ្យទៅ​បក្ខពួក និង​សែស្រឡាយ​ដែល​ស្និទ្ធ​នឹង​លោក យក​ទៅ​ធ្វើជា​កម្មសិទ្ធិឯកជន មក​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ប្រភព​ចំណូល​ទាំងស្រុង។

ការ​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​តាមោក​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ធ្លាក់ខ្លួន​ក្រីក្រ ជំពាក់​បំណុល​ធនាគារ អ្នកខ្លះ​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ហើយ​អ្នក​ខ្លះទៀត​លក់​ប្រហុក​ផ្អក​បន្តិចបន្តួច គ្រាន់​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ជីវិត។

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក​ម្នាក់ទៀត​គឺ លោកស្រី សឿន ស្រីសុទ្ធ ថ្លែង​ថា លោកស្រី​គ្រាន់តែ​ចង់​បាន​សិទ្ធិ​រស់នៅ​លើ​លំនៅឋាន​របស់​ខ្លួន និង​អាច​រក​ប្រាក់​ចិញ្ចឹមជីវិត​តែប៉ុណ្ណោះ​។ លោកស្រី​បន្ត​ថា អាជ្ញាធរ​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ និង​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​កុមារ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺចាប់ ហើយ​ស៊ូស្លាប់​នៅ​លើ​ដី​លំនៅឋាន​មិន​ព្រម​ចុះ​ចេញ​ឡើយ។

លោកស្រី សឿន ស្រីសុទ្ធ៖ «ខ្ញុំ​នៅតែ​តស៊ូ​ជម្នះ​ទោះបី​ខ្ញុំ​ជាប់​បណ្ដឹង​តុលាការ ទោះបី​មានការ​គំរាមកំហែង​ក៏ដោយ​ខ្ញុំ​ត្រូវតែ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព ដើម្បី​លំនៅឋាន​ពួក​ខ្ញុំ និង​សហគមន៍​របស់​ពួក​ខ្ញុំ ។ ហេតុអ្វី​ចាំ​ចាច់​បណ្ដេញ​ពលរដ្ឋ​ខ្លួន​ឯង​ចេញ​?ដើម្បី​ផ្គត់ផ្គង់​អ្នក​មាន​លុយ​មានអំណាច​អ៊ីចឹង​វា​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ខ្ញុំ ជំរុញ​ឱ្យ​ខ្ញុំ​រឹតតែ​តស៊ូ ដើម្បី​ដី​លំនៅឋាន​ខ្ញុំ​រឹតតែ​ខ្លាំង​ជាង​ហ្នឹង»។

លោកស្រី សឿន ស្រីសុទ្ធ បន្ថែម​ថា សមាជិកគ្រួសារ​របស់​លោកស្រី​ចំនួន ៣​នាក់​កំពុង​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ដោយសារ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្ដឹង​ពួកគាត់ ពី​បទ​បង្ក​របួស​ស្នាម​លើ​មន្ត្រី​សាធារណៈ​។ ប៉ុន្តែ​លោកស្រី​ថា អាជ្ញា​ធរមាន​ចេតនា​បំបិទ​សំឡេង​ពលរដ្ឋ​មិន​ឱ្យ​ចេញ​តវ៉ា។ជារឿយៗ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​តែងតែ​គំរាមកំហែង ប្រើ​អំពើ​ហិង្សា និង​តាម​ឃ្លាំមើល​ពលរដ្ឋ​ដោយសារ​ពួកគាត់​មិន​ព្រម​ដោះដូរ​ដី​ទៅ​រស់នៅ​ទីតាំង​ថ្មី​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ​២០០​នាក់​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ដួលសន្លប់ និង​កុមារ​៧​នាក់​រង​របួស​ស្រាល។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា ការ​អូស​បន្លាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​នេះ​នឹង​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

លោក នី សុខា៖ «ជា​ធម្មតា​ប្រសិនបើ​ការងារ​ហ្នឹង​វា​អូស​បន្លាយ​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​កាន់តែ​រងគ្រោះ​ទៅ​ហើយ​មុខមាត់​រដ្ឋាភិបាល​ក៏​កាន់តែ​មិនល្អ ពីព្រោះ​ថា ចង់​មិន​ចង់​វា​ធ្វើ​ឱ្យ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​ប៉ះពាល់​ដល់​តម្លៃ​យុទ្ធ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ដែល​គេ​មើលទៅ​ឃើញ​ទៅ​ថា​សង្គម​ហ្នឹង​វា​អត់​មាន​ភាព​យុត្តិធម៌​សម្រាប់​ទាំងអស់គ្នា​អ៊ីចឹង​ទេ​ខ្ញុំ​គិតថា​គួរតែ​កុំ​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ»។

រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា ដោយ​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ពាក់ព័ន្ធ និង​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ទំនាស់ ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត ធ្លាប់​អះអាង​ថា ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​រឿង​សំខាន់ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅក្នុង​តុលាការ និង​ដើម្បី​កាត់បន្ថយ​ពេលវេលា​ក្នុង​ដំណើរការ​ក្ដីក្ដាំ​របស់​ពលរដ្ឋ។

ផ្ទុយ​ពី​ការ​អះអាង​របស់ លោក ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋ​រស់នៅ​ជាប់​បឹង​តា​មោក​តែង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​បែរជា​គ្មាន​ការ​អើពើ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់​ឡើយ​។ ក្រោយពី​គ្មាន​ដំណោះស្រាយ​ហើយ​នោះ ពលរដ្ឋ​ដែល​សកម្ម​ចេញមុខ​តវ៉ា​មួយចំនួន​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដើម្បី​គេច​ពី​ការ​យាយី​របស់​អាជ្ញាធរ។

ពលរដ្ឋ​លើកឡើង​ថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ពិត​ជា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​ពិតប្រាកដ​មិនមែន​បណ្ដែត​បណ្ដោយ​ឱ្យ​ពលរដ្ឋ​រស់នៅ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ គ្រួសារ​ប្រឈម​នឹង​ការ​បែកបាក់ ហើយ​កូនៗ​ត្រូវ​បាត់បង់​ការសិក្សា​នោះ​ទេ​។ ទោះបីជា​ត្រូវ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក បែបនេះ​ក្ដី ក៏​ក្រុម​ពលរដ្ឋ​នៅតែ​ក្រាញននៀល​មិន​ព្រម​ចាក​ចេញ​ពីផ្ទះ​សម្បែង​ឡើយ ពួកគាត់​ស៊ូស្លាប់​ដើម្បី​ការពារ​ដី​ផ្ទះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។