សហគមន៍ឡពាង ដែលមកពីកំពង់ឆ្នាំង ប្រមាណ ៤៥នាក់ប្រមូលផ្ដុំគ្នាមុខតុលាការក្រុងភ្នំពេញជាថ្មីនៅថ្ងៃទី៧ កុម្ភៈ ខណៈតំណាងពួកគេ ចូលដាក់ភស្តុតាងបន្ថែមតាមការកំណត់របស់ចៅក្រម ពាក់ព័ន្ធនឹងបណ្ដឹងមោឃភាពកិច្ចព្រមព្រៀងជាមួយអ្នកស្រី ជា ខេង ប្រធានក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) កាលពីឆ្នាំ២០១៤។ ប្រជាពលរដ្ឋស្នើសុំតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ និងតម្រូវឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី ទទួលស្គាល់ដីធ្លីរបស់អ្នកភូមិ។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ប្រាប់អាស៊ីសេរីថា អ្នកភូមិឡពាង ដាក់ឯកសារបន្ថែម ជូនតុលាការក្រុងភ្នំពេញរួចរាល់ហើយ ក្រោយពីរកឃើញកិច្ចព្រមព្រៀងនោះ លើទំព័រកាសែតកោះសន្តិភាព ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។ ចំពោះកិច្ចព្រមព្រៀងពិតប្រាកដវិញ ពួកគាត់ រកមិនឃើញឡើយ ទាំងនៅសាលាឃុំតាជេស និងសាលាស្រុកកំពង់ត្រឡាច ក្នុងកំឡុង៣សប្ដាហ៍កន្លងមកនេះ ដែលចៅក្រម លោក សំ ប៊ុនពៅ ទុកពេលឱ្យតំណាងពលរដ្ឋ រកភស្តុតាងទាំងនោះដើម្បីដាក់ជូនតុលាការ។
តំណាងពលរដ្ឋ លោកស្រី អ៊ុំ សុភី ឱ្យដឹងថាទាំងមន្ត្រីថ្នាក់ឃុំ និងស្រុក និយាយដោះសារយករួចខ្លួនជានិច្ច ទាក់ទងនឹងសំណៅឯកសារទាំងនោះ ពេលពលរដ្ឋនាំគ្នាទៅជួបម្ដងៗ។ លោកស្រី យល់ថា មានតែភាគីក្រុមហ៊ុនខេ.ឌី.សី (DKC)ទេ ដែលមានកិច្ចព្រមព្រៀងនោះ។
កិច្ចព្រមព្រៀង ឬសំណងគោលនយោបាយ ដែលចុះផ្សាយក្នុងសារព័ត៌មានក្នុងស្រុក កាលពីឆ្នាំ២០១៤នោះ សរសេរថា ក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) បានផ្ដល់ថវិកា ឱ្យតំណាងពលរដ្ឋម្នាក់ឈ្មោះ រាជ សីម៉ា ៧ពាន់ដុល្លារ សម្រាប់សំណងការឈូសឆាយផ្ទះសម្បែង និងផលដំណាំ ហើយថវិកា ១ម៉ឺនដុល្លារផ្សេងទៀត ជាថ្នូរនឹងការបញ្ឈប់សកម្មភាពចេញដើរតវ៉ារឿងដីធ្លី ប្រឆាំងនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ ស៊ែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ប៉ុន្តែ លោកស្រី អ៊ុំ សុភី ថា ចំនួនទឹកប្រាក់ ដែលចុះផ្សាយនោះ គឺក្លែងបន្លំ ហើយមាននៅលើតែក្រដាសប៉ុណ្ណោះ ព្រោះពួកគាត់មិនដែលបានទទួលថវិកា ពីក្រុមហ៊ុនឡើយ សូម្បីមួយរយរៀល ចាប់តាំងពីមានវិវាទដីធ្លី នៅឆ្នាំ២០០៦។ លោកស្រី បញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងនោះទៀតសោត មិនបាននិយាយ អំពីការទទួលលុយពីក្រុមហ៊ុន ជាថ្នូរនឹងការដោះដូរដីស្រែចម្ការរបស់ពលរដ្ឋឡើយ។ តំណាងអ្នកភូមិឡពាង ស្នើសុំតុលាការជួយផ្ដល់ដល់យុត្តិធម៌ជូនពួកគាត់ ដែលជាពលរដ្ឋក្រីក្រ ដោយសារបាត់បង់ដីធ្វើស្រែចម្ការ អស់ជាង១៣ឆ្នាំមកហើយ៖ «សូមឱ្យគាត់យករឿងហ្នឹង យកមកសវនាការ ឬក៏កោះហៅប្រជាពលរដ្ឋ សួរហេតុផលហើយ ដោះស្រាយឱ្យប្រជាពលរដ្ឋជាមួយក្រុមហ៊ុនឱ្យបានឆាប់ទៅៗ ព្រោះខ្ញុំមិនចង់អូសបន្លាយពេលយូរទេ។ បើតុលាការអូសបន្លាយពេលយូរទៅ ធ្វើឱ្យប្រជាពលរដ្ឋពួកខ្ញុំកាន់តែខ្សត់ខ្សោយទៅ។ ខំប្រឹងរកលុយមកចិញ្ចឹមកូន ចិញ្ចឹមគ្រួសារផង ហើយមួយចំណែកទៀតយើងត្រូវចំណាយថវិកាខ្លួនឯងមកក្រុងភ្នំពេញ ដើម្បីទាមទារតវ៉ាទៀត។ អ៊ីចឹង យើងត្រូវបែកចែកចំណែកច្រើនជាបន្ទុកសម្រាប់ពួកយើងទាំងអស់គ្នា»។
ជុំវិញបណ្ដឹងរដ្ឋប្បវេណី វាងអ្នកភូមិឡពាង ជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ីនេះ ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ពន្យល់ថា ការដាក់បន្ទុកទៅលើភាគីណាមួយទៅបាន គឺអាស្រ័យទៅលើភស្តុតាង របស់ភាគីដើមបណ្ដឹង ថាតើមានភាពច្បាស់លាស់ និងត្រឹមត្រូវកម្រិតណា។ លោក អំ សំអាត យល់ថា អ្វីដែលពលរដ្ឋ បានរកឃើញ ដើម្បីដាក់ជូនតុលាការនៅពេលនេះ អាចជាតម្រុយមួយសម្រាប់តុលាការ ធ្វើការពិចារណាលើដំណើរការនីតិវិធី។ លោក អំ សំអាត លើកទឹកចិត្តឱ្យពលរដ្ឋស្វែងរកមេធាវី ជួយផ្នែកច្បាប់ ក្នុងរឿងក្ដីនេះ៖ «វាអាស្រ័យទៅលើតុលាការ ដែលលោកពិចារណាទៅលើរឿងទាំងអស់នេះ ហើយនឹងពិនិត្យទៅលើភស្តុតាងទាំងអស់ហ្នឹង។ ប៉ុន្តែគ្រាន់តែថា ទោះយ៉ាងណាក៏ដោយ យើងសង្ឃឹមថា យុត្តិធម៌សម្រាប់ពលរដ្ឋអាចនឹងកើតមានឡើង»។
អាស៊ីសេរី មិនអាចទាក់ទង តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បីឆ្លើយតបនឹងការលើកឡើង របស់ពលរដ្ឋបាននៅឡើយទេ។ ប៉ុន្តែកាលពីពេលកន្លងទៅ លោកធ្លាប់ប្រាប់អាស៊ីសេរីថា ភាគីក្រុមហ៊ុននៅតែប្រកាន់ជំហរដោះស្រាយជូនពលរដ្ឋចំនួន ១៦គ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលនៅសេសសល់ ពីការដោះស្រាយកន្លងទៅ។
លោកថា អ្នកដែលទទួលសំណងហើយនៅបន្តតវ៉ា និងអ្នកប្ដឹងថ្មី គឺជាមនុស្សខូច លោភលន់ និងពុំមានឯកសារកាន់កាប់លើដី ដែលខ្លួនកំពុងទាមទារនោះត្រឹមត្រូវឡើយ។
ក្រោយពីដាក់ភស្តុតាងបន្ថែមនៅរដ្ឋបាលតុលាការក្រុងភ្នំពេញ អ្នកឡពាងដែលភាគច្រើនជាស្ត្រី ក៏នាំគ្នា ដើរទៅដាក់ញត្តិ សុំកិច្ចអន្តរាគមន៍បន្ថែមទៀត ពីក្រសួងយុត្តិធម៌ ស្ថិតនៅក្បែរព្រះបរមរាជវាំង។ អ្នកភូមិឡពាងប្រកាន់ជំហរថា ពួកគាត់នឹងនាំគ្នាឡើងមកតុលាការក្រុងភ្នំពេញជាថ្មី ប្រសិនបើតុលាការ មិនជូនដំណឹងឱ្យពួកគាត់ ដឹងពីដំណើរការក្ដីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី ក្នុងរយៈពេលមួយសប្ដាហ៍ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។