ពលរដ្ឋ​នៅ​​ខេត្ត​ប៉ៃលិន​ព្រួយ​បារម្ភ​អំពី​ជនជាតិ​ថៃ​ទិញ​ដី​ខ្មែរ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តាម​ព្រំដែន

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​​ជនជាតិ​ថៃ ដែល​ចូល​មក​ទិញ​ដី​ពី​​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ជា​ច្រើន​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ពលរដ្ឋ​អះអាង​ថា ជនបរទេស​ដែល​ចូល​មក​​ទិញ​ដី​​ ទំនង​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ភាព​ធូរ​រលុង​ដោយ​​​មិន​បាន​ពិនិត្យ​ឯកសារ​​ទិញ​លក់ដី​ឲ្យ​បាន​ច្បាស់លាស់។ ប៉ុន្តែ​អភិបាល​ស្រុក​សាលាក្រៅ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលាក្រៅ ព្រួយ​បារម្ភ​ថា​ ដី​នៅ​ព្រំដែន​ផ្សារ​ព្រំ​មួយ​ចំនួន​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ​ព្រោះ​សព្វ​ថ្ងៃ​ជន​កំពុង​កាន់​កាប់។

ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ស្រុក​សាលាក្រៅ ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា ជនជាតិ​ថៃ បាន​ចូល​មក​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ នៅ​ជាប់​ព្រំប្រទល់​ប្រទេស​​​ថៃ​ ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៥​ហិកតារ នៅ​ភូមិ​អូរឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ហើយ​ការ​ទិញ​ដី​នេះ​​ក្នុង​រូបភាព​​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​អ្នក​ឈរ​ឈ្មោះ​ជំនួស ប៉ុន្តែ​ភាព​ពិត​ជាក់ស្ដែង​ជនជាតិ​ថៃ ធ្វើ​ជា​កម្មសិទ្ធិ​នៅ​លើ​ដី​នោះ។

ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ដី​ដែល​ជនជាតិ​ជា​ម្ចាស់​កម្មសិទ្ធិ​នេះ​ប្រមាណ ២​ហិកតារ​ម្ចាស់​ដី​បាន​ដាំ​ដំណាំ​ម្រេច និង​មួយ​ចំនួន​ទៀត​គេ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​នឹង​ព្រួយ​បារម្ភ​ចំពោះ​វាសនា​ជនជាតិ​របស់​ខ្ញុំ បើ​នៅ​តែ​មាន​បរទេស​អាច​ទិញ​ដី​ខ្មែរ​ដូច្នេះ នៅ​ថ្ងៃ​ខាង​មុខ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ ព្រោះ​​​ថ្ងៃ​នេះ​គេ​ទិញ​បាន​ថ្ងៃ​ក្រោយ​គេ​នឹង​មក​ទិញ​បន្ថែម​ទៀត»

​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​សាលាក្រៅ លោក សំ សារ៉េត​ មាន​ប្រសាសន៍​ថា​ ដី​នៅ​ព្រំដែន​ក្នុង​​ស្រុក​ដែល​លោក​គ្រប់គ្រង​គឺ​​​ពុំ​មាន​ជនបរទេស​ណា​មាន​សិទ្ធិ​​មក​ទិញ​ និង​ជួល​ដី​​ពី​ប្រជាពលរដ្ឋ​ជា​លាយលក្ខណ៍​អក្សរ​ដើម្បី​យក​ទៅ​ដាំ​ដុះ ឬ​ក៏​​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​​ឡើយ៖ «ការ​ឈរ​ឈ្មោះ​ទិញ​ដី​ឲ្យ​បរទេស​ដូច​អត់​ទាន់​ជួប​ប្រទះ​ទេ​នៅ​ខាង​ខ្ញុំ​ តែ​ការ​ទិញ​ដី​នេះ​គឺ​យើង​អត់​មែន​ តែ​គ្រាន់​តែ​ថា យើង​ដឹង​ថា​ខ្មែរ​ជា​អ្នក​ទិញ​ បើ​ទោះ​ជា​ឈ្មោះ​ថៃ​ក្ដី ព្រោះ​បើ​តាម​ធម្មតា​បើ​អ្នក​ទិញ​ខ្មែរ​យើង​ គេ​ដាក់​អត្តសញ្ញាណប័ណ្ណ​មក​ជាមួយ»

លោក​បន្ថែម​ទៀត​ថា រាល់​ឯកសារ​ការ​ទិញ​លក់​ដី​កន្លង​មក​លោក​បាន​ពិនិត្យ​យ៉ាង​ច្បាស់លាស់ គឺ​លុះ​ត្រា​តែ​ពលរដ្ឋ​ខ្មែរ​ទើប​ចុះ​ហត្ថលេខា​ទៅ​លើ​លិខិតស្នាម​​ជូន​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក ហេង សាយ មាន​ប្រសាសន៍​ថា បរទេស​ពុំ​មាន​សិទ្ធិ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន​នោះ​ទេ។ លោក​កត់សំគាល់​ថា ករណី​ជនជាតិ​ថៃ ទិញ​ដី​ពី​ពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​សាលា​ក្រៅ​​អាច​ជា​ការ​ពិត​ច្រើន​ជាង ព្រោះ​ការ​ទិញ និង​លក់​ដី​កន្លង​មក​​គឺ​អាជ្ញាធរ​មូលដ្ឋាន​​ច្រើន​ធ្វើ​ការ​ធ្វេសប្រហែស​ ដោយ​ពុំ​បាន​ពិនិត្យ​ឯកសារ​នៃ​ការ​ទិញ​លក់​ដី​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ៖ «កន្លង​មក​លើ​ដី​ក្រវាត់​ព្រំដែន​ដំបូង​ការ​ទិញ​គេ​មិន​ដែល​ដាក់​ឈ្មោះ​គាត់​ទេ​ ហើយ​ធ្វើ​ឲ្យ​កិច្ច​នេះ​មិន​ច្បាស់​លាស់ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ពិនិត្យ​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ជៀសវាង​ការ​បាត់បង់​ដីធ្លី​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​របស់​បរទេស»

ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលាក្រៅ អះអាង​ទៀត​ថា ជនជាតិ​ថៃ ដែល​មក​ទិញ​ពី​ពលរដ្ឋ​នេះ​ជា​អ្នក​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ ហើយ​ករណី​បរទេស​ទិញ​ដី​ពី​ពលរដ្ឋ​នៅ​​ព្រំដែន​ខេត្ត​ប៉ៃលិន ​​អាច​មាន​ជា​ច្រើន​កន្លែង​ផ្សេង គឺ​​ពុំ​មាន​អាជ្ញាធរ​ណា​ចាត់​វិធានការ​ទៅ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។