ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញវុឌ្ឍ នឹងប្រកាសសាលដីការឿងក្ដីសកម្មជនគណបក្សប្រឆាំង ៥រូប ដែលស្នើសុំឲ្យតុលាការជាន់ខ្ពស់នេះសម្រេចបញ្ចូលឈ្មោះពួកគេទៅក្នុងសំណុំរឿងឧទ្ធរណ៍អំពីមោឃភាពនីតិវិធី នៅព្រឹកថ្ងៃទី២៥ ខែមករា។
លោក ជូង ជូងី ជាមេធាវីការពារក្តីឲ្យសកម្មជនទាំង ៥រូប ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ មករា ថា នៅថ្ងៃប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៥ ខែមករា គឺកូនក្តីរបស់លោកទាំង ៥នាក់ដែលស្នើសុំមោឃភាពនីតិវិធីនេះ ទាមទារសុំមិនបង្ហាញខ្លួននៅថ្ងៃពេលប្រកាសសាលដីកាទេ។ ទន្ទឹមនឹងនេះ លោក ជូង ជូងី ឲ្យដឹងថា រូបលោកជាមេធាវីផ្ទាល់ក៏អវត្តមាននៅថ្ងៃប្រកាសសាលដីកានេះដែរ ដោយសារជាប់រវល់មិនអាចចូលរួមបាន៖ «៥នាក់ហ្នឹងស្នើសុំកុំអោយដឹកគាត់មក គឺ មាជ សុវណ្ណារ៉ា សាន សីហៈ ទេព ណារិន និង អាន បឋម ហើយខ្ញុំផ្អែកលើសំណើរបស់ពួកគាត់ ខ្ញុំបានសុំទៅតុលាការកំពូលសុំកុំដឹកគាត់មក»។
នៅថ្ងៃប្រកាសសាលដីការឿងក្ដីរបស់បក្សប្រឆាំងទាំង ៥រូបនេះ ដោយឡែកសំណុំរឿងរបស់អ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល គឺអ្នកស្រី គឹម សុថាវី ក៏នឹងប្រកាសសាលដីកាសុំនៅក្រៅឃុំក្នុងពេលជាមួយគ្នានេះដែរ។ សកម្មជនដីធ្លីដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានតុលាការចោទប្រកាន់ក្នុងអំពើហិង្សាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។