បុរសឆ្នើមផ្នែកដោះមីនលោក អឿន យក្ស ហៅអាគីរ៉ា ដែលជាប្រធានអង្គការសារមន្ទីរមីន ត្រូវបានតុលាការលើកលែងការចោទប្រកាន់ រឿងរក្សាទុកអាវុធខុសច្បាប់។ តាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ឲ្យដឹងថា តុលាការខេត្តសៀមរាប កាលពីថ្ងៃ២៦ ខែធ្នូ បានទម្លាក់ចោលបទចោទប្រកាន់ លើរូបលោក អឿន យក្ស និងសហការីលោកពីររូបទៀត។ ជាងនេះទៅទៀត តុលាការក៏អនុញ្ញាត ឲ្យអង្គការសារមន្ទីរមីនរបស់លោក បើកដំណើរការឡើងវិញដែរ។
លោក អាគីរ៉ា ដែលជាប់ក្នុងបញ្ជីវីរបុរសឆ្នើមទាំង ១០នាក់របស់ទូរទស្សន៍អាមេរិក CNN ផ្នែកកិច្ចការជួយសង្គម ដោយសកម្មភាពស្ម័គ្រចិត្តដោះមីនរបស់លោក ត្រូវបានចាប់ និងឃុំខ្លួនកាលពីចុងខែ សីហាកន្លងទៅនេះ។ សហការីពីររូបរបស់លោក ក៏ត្រូវបានឃុំខ្លួនដែរ។ អង្គការសារមន្ទីររបស់លោក ក៏ត្រូវបិទទ្វារ តាំងពីពេលនោះមក ដោយអាជ្ញាធរដាក់ពង្រាយកម្លាំងយាមការពារ នៅមុខនោះផង។ ប៉ុន្តែ នៅថ្ងៃទី២០ ខកញ្ញា អ្នកទាំងបី ត្រូវបានតុលាការ អនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
របាយការណ៍របស់នគរបាលខេត្តសៀមរាបកាលណោះ រៀបរាប់ពីមូលហេតុ នៃការចាប់ខ្លួនថ្នាក់ដឹកនាំអង្គការសារមន្ទីរគ្រាប់មីន និងបិទសារមន្ទីរនេះ ថា ដោយសារតែអាជ្ញាធរ រកឃើញគ្រឿងផ្ទុះ នៅក្នុងអង្គការនេះ ក្រោយមានករណីអគ្គីភ័យមួយកាលពីចុងខែសីហា។ ការឃុំខ្លួន ចោទប្រកាន់ និងបិទអង្គការនេះ រងការរិះគន់យ៉ាងខ្លាំង ពីមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ រកឃើញភាពមន្ទិល និងសង្ស័យជាច្រើន ជុំវិញការចាប់ខ្លួនថ្នាក់ដឹកនាំអង្គការសារមន្ទីរគ្រាប់មីន ព្រោះបើតាមការបញ្ជាក់ពីភាគីពាក់ព័ន្ធ អង្គការសារមន្ទីរគ្រាប់មីននេះ មិនមានការតាំងគ្រាប់រំសេវជាផ្ទុះនោះទេ។
លោក អឿន យក្ស ហៅ អាគីរ៉ា ទទួលបានភាពល្បីល្បាញ ដោយសារ សកម្មភាពស្ម័គ្រចិត្ត ដោះមីន កាលពីកំឡុងឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៧។ ជាង១៧ឆ្នាំ លោកបានដោះមីន ចេញពីផ្ទៃដី បានប្រមាណ ៥ម៉ឺនគ្រាប់ ហើយការដោះមីនរបស់លោក មិនត្រូវការប្រើតាមបច្ចេកទេស ឬឧបករណ៍ ដោះមីនដូចអង្គភាពស៊ីម៉ាក់ទេ ដោយពេលខ្លះ លោកបានប្រើប្រាស់ដៃទទេ ដើម្បីដោះមីន ក៏មានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។