សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥ រូប ក្រោមហេតុផលថា ពួកគាត់នឹងបន្តប្រព្រឹត្តបទល្មើសបន្តទៀត។ គ្រួសារ និងសង្គមស៊ីវិលចាត់ទុកថា ការសម្រេចនេះគឺជារឿងអយុត្តិធម៌ ខណៈដែលពួកគាត់មិនបានប្រព្រឹត្តបទល្មើសតាំងពីដំបូង។
សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី១៧ ខែកុម្ភៈ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥ រូប ក្រោមហេតុផលថា ការដោះលែងឱ្យពួកគាត់មានសេរីភាពអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងអាចប្រព្រឹត្តបទល្មើសថ្មីបន្ថែមទៀត។
សាច់ញាតិសោកស្តាយដែលតុលាការបដិសេធសំណើសុំនៅក្រៅឃុំ
ប្អូនស្រីសកម្មជនចលនា មាតាធម្មជាតិ កញ្ញា ឡុង គន្ធា គឺ កញ្ញា ឡុង សុខលីន ដែលបានចូលរួមស្ដាប់សវនាការលើកឡើងថា បងស្រីកញ្ញាបានស្នើសុំទៅចៅក្រមថាចង់មានសេរីភាពឡើងវិញដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យឡើងវិញ។ ដោយឡែក លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី ប្រាប់ទៅកាន់ចៅក្រមថា ពួកគាត់ចង់នៅក្រៅឃុំដើម្បីមើលថែកូនៗតូចៗរបស់ពួកគាត់។ រីឯ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី ថាពួកគាត់ចង់ជួបជុំគ្រួសារ និងបន្តសកម្មភាពការពារធនធានធម្មជាតិ និងបរិស្ថានបន្តទៀត។
កញ្ញា ឡុង សុខលីន៖ «ការស្នើសុំរបស់ពួកគាត់ម្នាក់ៗដូចជាបងខ្ញុំជាដើមនៅក្រៅឃុំហ្នឹង គឺដើម្បីមានសេរីភាពមកបន្តការសិក្សា ដោយសារពេលដែលគេចាប់គឺគាត់កំពុងបន្តការសិក្សានៅអំឡុងឆ្នាំទី៣ ហើយដូចជាបងលាងហ៊ី បង ថុន រដ្ឋា គឺគាត់ស្នើសុំមកមើលគ្រួសាររបស់គាត់ ប្រពន្ធកូនរបស់គាត់ បងរដ្ឋា ប្រពន្ធគាត់ជិតឆ្លងទន្លេ ហើយគាត់មានកូនពីរនាក់ដែលជាបន្ទុក ប្រពន្ធគាត់បន្ថែមដើម្បីមកចិញ្ចឹមគ្រួសារគាត់»។
កញ្ញា ឡុង សុខលីន សោកស្ដាយជាខ្លាំងដែលតុលាការបដិសេធសុំសុំនៅក្រៅឃុំរបស់ពួកគាត់ដោយសារតែសកម្មភាពរបស់ពួកគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទាំងពីដំបូង ហើយពួកគាត់ក៏បានសន្យាថា នឹងគោរពតាមនីតិវិធីតុលាការនៅក្នុងរយៈពេលដែលពួកគាត់នៅក្រៅឃុំក៏ដោយ។
កញ្ញា ឡុង សុខលីន៖ «ក្នុងនាមខ្ញុំជាគ្រួសារ ហើយពួកខ្ញុំក៏យល់ពីបងៗដែលធ្វើការងារសង្គម យើងឃើញថាសកម្មភាពរបស់គាត់កន្លងទៅមិនបានបង្កអសន្តិសុខដល់សង្គមទេ គឺគាត់ធ្វើសកម្មភាពនីមួយៗ សុទ្ធតែជួយដល់សង្គម ហើយគាត់សុទ្ធតែបានបង្ហាញពីបំណងនៃការសុំនៅក្រៅឃុំរបស់ពួកគាត់ហើយ ដូច្នេះខាងសាលាឧទ្ធរណ៍គួរតែអនុញ្ញាតឱ្យពួកគាត់នៅក្រៅឃុំ»។
ដោយឡែក ប្រពន្ធសកម្មជនមាតាធម្មជាតិលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ថា លោកស្រីជួបការលំបាកជាខ្លាំងដែលគ្មានស្វាមីនៅមើលថែ ខណៈដែលលោកស្រីនឹងសម្រាលកូនទី៣ក្នុងរយៈពេលមួយខែទៀត។ ទោះជាយ៉ាងណាលោកស្រីថា ប្ដីលោកស្រីនៅតែរឹងមាំ និងបញ្ជាក់ទៅកាន់ពលរដ្ឋខ្មែរថា លោក និងសកម្មជនបរិស្ថានផ្សេងទៀតនឹងបន្តតស៊ូដើម្បីយុត្តិធម៌សង្គម និងបរិស្ថាន។
លោកស្រី ប៉ាត់ រស្មី៖ «និយាយទៅចាប់តាំងពីគេដាក់ពួកគាត់នៅពន្ធនាគារមក ធម្មតាទេគាត់គឺជាបង្គោលគ្រួសារអ៊ីចឹង យើងបាត់បង់គាត់ យើងមានការលំបាកមែនទែន យើងត្រូវមើលថែកូនទាំងពីរផង ហើយយើងទម្ងន់ទៀត ហើយអ៊ីចឹងសម្រាប់ជីវភាពពីក៏យើងខ្វះខាតដែរ តែយើងព្យាយាមតស៊ូ ធ្វើមិចបើប្ដីយើងជាអ្នកស្រលាញ់ធនធានធម្មជាតិ អ្នកការពារធនធានធម្មជាតិអ៊ីចឹង ក្នុងនាមខ្ញុំជាភរិយាអត់មានអីទេ មានតែការតស៊ូ និងការលើកទឹកចិត្តគាត់ប៉ុណ្ណឹង»។
ការបើកសវនាការសុំនៅក្រៅឃុំដែលធ្វើដោយប្រធានចៅក្រមជំនុំជម្រះ លោក អ៊ីត សុធា នេះ ធ្វើឡើងក្រោយមេធាវីរបស់សកម្មជនចលនាមាតាធម្មជាតិបានដាក់ពាក្យស្នើសុំកាលពីចុងខែមករា ខណៈមេធាវីក៏បានដាក់ពាក្យប្ដឹងទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទៅកាន់សាលាឧទ្ធរណ៍កាលពីខែកក្កដាឆ្នាំមុន។ នៅខាងមុខសាលាឧទ្ធរណ៍ភ្នំពេញក៏មានយុវជន ព្រះសង្ឃ និងមន្ត្រីសិទ្ធិមនុស្សប្រមាណ ៣០នាក់បានចូលរួមលើកទឹកចិត្ត និងឃ្លាំមើលផងដែរ។
អត្ថបទដែលទាក់ទង៖
សមត្ថកិច្ចឃុំខ្លួនសកម្មជនមាតាធម្មជាតិទាំង៥នាក់នៅពន្ធនាគារតាមខេត្តផ្សេងៗគ្នា
សហគមន៍អន្តរជាតិ ថ្កោលទោសការចាប់ឃុំខ្លួនសកម្មជនបរិស្ថានជាថ្មី
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានទេ នៅថ្ងៃ ១៧ ខែកុម្ភៈ។
មន្ត្រីសង្គមស៊ីវិល៖ «អនុញ្ញាតឱ្យពួកគាត់នៅក្រៅឃុំ គឺជារឿងល្អសម្រាប់កម្ពុជា»
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក យី សុខសាន្ត ថា លោកសោកស្ដាយដែលតុលាការច្រានចោលសំណើសុំនៅក្រៅឃុំនេះ ហើយការសម្រេចនេះធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែរិះគន់ និងដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
លោក យី សុខសាន្ត៖ «ខ្ញុំគិតថា វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ អ្វីដែលមេធាវីការពារក្ដីឱ្យពួកគាត់សុំឱ្យនៅក្រៅឃុំគឺជារឿងមួយល្អសម្រាប់ប្រទេសកម្ពុជាយើង ដែលជាជានិច្ចជាកាលគេកំពុងផ្ដោតអារម្មណ៍ទៅលើនីតិវិធីនៃការចាប់មនុស្សអត់មានកំហុសយកទៅឃុំឃាំង»។
សកម្មជនបរិស្ថានទាំង១០នាក់ ក្នុងនោះមានសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួមមាន លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី ត្រូវបានជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ តុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំពីបទចោទ«បទរួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» ។ ទោះជាយ៉ាងណា សកម្មជនបរិស្ថានទាំង៥នាក់នេះគឺជាម្ចាស់ពានរង្វាន់អន្តរជាតិចំនួនពីរគឺ ពានរង្វាន់សកម្មជនជួរមុខ (Frontline Defenders) កាលពីឆ្នាំ២០២១ និង ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood)កាលពីឆ្នាំ២០២៣ ដោយសារសេចក្ដីលះបង់ និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។