សាលាឧទ្ធរណ៍សម្រេចច្រាលចោលបណ្ដឹងរបស់ក្រុមមេធាវី ស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ទាក់ទងនឹងការឃុំខ្លួនសកម្មជនបក្សប្រឆាំងកាលពីពាក់កណ្ដាលឆ្នាំ២០១៥។ ក្រុមមេធាវីចាត់ទុកការសម្រេចនេះថា មិនឈរលើគតិច្បាប់នោះទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេចតម្កល់ចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការ ដោយបដិសេធបណ្ដឹងរបស់ក្រុមមេធាវីនៃសកម្មជន និងមន្ត្រីបក្សប្រឆាំងចោលនោះ គឺក្រោមហេតុផលថា មិនអាចទទួលយកបាន ហើយមិនត្រឹមត្រូវតាមច្បាប់។
ក្រោយពីតុលាការបញ្ចប់ការកាត់ក្ដីរឿងនេះអស់ពេលជាង ៦ម៉ោង តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ២រសៀលមក មេធាវីម្នាក់ក្នុងចំណោមមេធាវី ៣នាក់ ដែលការពារក្ដីឲ្យសកម្មជនបក្សប្រឆាំង គឺលោក ជូង ជូងី ថ្លែងថា នីតិវិធីកាត់ទោសកូនក្ដីលោកនៅតុលាការក្រុងភ្នំពេញ ក្នុងរឿងហិង្សានៅក្បែរស្ពាននាគ ជាបទឧក្រិដ្ឋកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នោះ គឺធ្វើឡើងដោយគ្មានមេធាវីការពារដែលប្រាសចាកពីច្បាប់បានចែង។ នេះជាដើមហេតុដែលក្រុមមេធាវីទទួលបានសិទ្ធិពីជនជាប់ចោទសម្រេចដាក់ប្ដឹងមកសាលាឧទ្ធរណ៍ដើម្បីពិនិត្យមើលឡើងវិញចំពោះនីតិវិធីបើកសវនាការកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិ ៦នាក់ នៅតុលាការក្រុងភ្នំពេញ។

មេធាវី ជូង ជូងី ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នេះ ថាមិនឈរលើគោលការណ៍ច្បាប់ដែលមានចែងនោះ ហើយនេះជារឿងដែលក្រុមមេធាវីមិនអាចទទួលយកបាន៖ «ខ្ញុំគ្រាន់តែមានការសោកស្ដាយត្រង់ថា សម្រាប់ខ្ញុំ ខ្ញុំការពារសិទ្ធិឲ្យគាត់ គាត់អត់មានបានប្រើហិង្សាអីសូម្បីតែបន្តិច ប៉ុន្តែគាត់ត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំជាច្រើនឆ្នាំមកហើយ។ មកដល់ឥឡូវហ្នឹង ពិបាកនឹងរកពន្លឺយុត្តិធម៌សម្រាប់គាត់ ហើយដែលថា មិនដឹងជាទៅដល់ពេលណាដែលគួរឲ្យកក់ក្ដៅ បានថាអាចមានពន្លឺយុត្តិធម៌។ ទោះបីខ្ញុំជឿថា គាត់នឹងបានរួចនៅពេលណាមួយ ប៉ុន្តែពិបាករំពឹងច្បាស់លាស់ថា តើនៅពេលណានោះ»។
មន្ត្រី និងសកម្មជនបក្សប្រឆាំង ១១រូប មានលោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពីបទចូលរួម និងដឹកនាំកុប្បកម្មដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ជុំវិញរឿងរ៉ាវដែលប្ដឹងនៅតុលាការជាន់ខ្ពស់សារចុះសារឡើង វិលដូចជាកង់រទេះនេះ ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិយល់ថា ដរាបណាស្ថានភាពនយោបាយនៅកម្ពុជា មិនទាន់ត្រូវរ៉ូវគ្នា និងទុកចិត្តគ្នាបានរវាងថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សអំណាច ដរាបនោះក្ដីសង្ឃឹមរបស់សកម្មជនបក្សប្រឆាំង ១១នាក់ ដែលរំពឹងថា នឹងរួចផុតពីការឃុំខ្លួនក៏មិនអាចលេចជាពន្លឺបានដែរ។
ថ្វីត្បិតដឹងថា រឿងក្ដីនេះហាក់គ្មានសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់ខ្លួនបាន ក្រុមមេធាវីនឹងពិភាក្សានឹងជាកូនក្ដីរបស់ពួកគេ ដើម្បីដាក់ពាក្យប្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត។
ទាក់ទងនឹងសវនាការសាធារណៈនៅសាលាឧទ្ធរណ៍នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងសាច់ញាតិអ្នកជាប់ឃុំផង មិនត្រូវបានមន្ត្រីនគរបាលអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការឡើយ ដោយសំអាងថា ធ្វើតាមបញ្ជាថ្នាក់លើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។