សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​សំណុំរឿង​លោក គឹម សុខ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​នឹង​បើក​ការ​ជំនុំជម្រះ​លើ​បណ្ដឹង​ជំទាស់​របស់​លោក គឹម សុខ នៅ​ពេល​ព្រឹក​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា នៅ​ថ្ងៃ​កំណត់​បើក​សវនាការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដូច​ដីកា​ជូន​ដំណឹង​របស់​សាលាឧទ្ធរណ៍​នោះ រូប​លោក​ក្នុង​នាម​ជា​មេធាវី​នឹង​ចូលរួម​ការពារ​ក្ដី។ លោក​បន្ត​ថា សវនាការ​ដែល​សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា គឺ​ជា​សវនាការ​លើ​អង្គ​សេចក្ដី​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ។ លោក ជូង ជូងី យល់​ឃើញ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដល់​ភាព​មិន​ត្រឹមត្រូវ​ដល់​កូន​ក្តី​របស់​ខ្លួន​ណា​មួយ​នោះ​ឡើយ៖ «»។

លោក គឹម សុខ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឬទ្ធី ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​ពិន័យ​លុយ​ចូល​រដ្ឋ ៨​លាន​រៀល។ ក្រៅ​ពី​នេះ តុលាការ​ក៏​បង្គាប់​ឲ្យ​លោក គឹម សុខ ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ៨០០​លាន​រៀល​ផ្សេង​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ បើ​ទោះ​ជា​បែប​ណា អ្នក​ដែល​ស្និទ្ធ​នឹង​លោក គឹម សុខ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ នៅ​ក្នុង​បន្ទប់​ឃុំឃាំង ខាង​ពន្ធនាគារ​បាន​ដក​សិទ្ធិ​រូប​លោក​ស្ទើរ​ទាំង​អស់ ដូច​ជា​ហាម​មិន​ឲ្យ​ចេញ​មក​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​បន្ទប់ មិន​ឲ្យ​អាន​សៀវភៅ និង​មិន​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​រាប់​រក​លោក គឹម សុខ ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។