តុលាការកំពូល ចេញសាលដីកាច្រានចោលបណ្ដឹងរបស់ក្រុមមេធាវីដែលការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ទាក់ទងសំណុំរឿងមុនអង្គសេចក្ដី ដែលក្រុមមេធាវីយល់ឃើញថា សាលក្រមដែលចេញដោយចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញ មិនត្រឹមត្រូវ ហើយប៉ះពាល់សិទ្ធិកូនក្ដីរបស់ខ្លួន។
ការប្រកាសសាលដីកានៅថ្ងៃទី២៦ ខែតុលា នេះ គឺគ្មានវត្តមានលោក មាជ សុវណ្ណារ៉ា ទេ ដោយលោកស្នើសុំអវត្តមានក្នុងបន្ទប់សវនាការតាមរយៈមេធាវី។
លោកមេធាវី ជូង ជូងី យល់ឃើញថា វាជារឿងអយុត្តិធម៌ចំពោះលោក មាជ សុវណ្ណារ៉ា ចំពោះសាលដីកាដែលចេញដោយតុលាការជាន់ខ្ពស់មួយនេះ៖ «»។
ក្រុមមេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា បានដាក់បណ្ដឹងសារទុក្ខស្នើឲ្យតុលាការកំពូល មោឃភាពសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា ទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ ដែលបណ្ដាលមកពីរបួសចាស់ដោយគ្រោះថ្នាក់ចរាចរណ៍។
លោក មាជ សុវណ្ណារ៉ា ត្រូវបានចៅក្រមជំនុំជម្រះ លោក លឹម មករន្ទ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។ ចំណែកសកម្មជន ១០នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗពី ៧ ទៅ ២០ឆ្នាំក្នុងសំណុំរឿងហិង្សានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។