មន្ត្រីរដ្ឋាភិបាល និងបក្សប្រឆាំង ចាត់ទុកការគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) គឺជារឿងខុសច្បាប់។ កាលពីថ្ងៃទី២៩ ខែសីហា លោកបណ្ឌិត សុខ ទូច ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់សរសេរគំរាមសម្លាប់ ដោយចោទប្រកាន់ថា លោកលក់ក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន។ ករណីនេះ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា ជាករណីព្រហ្មទណ្ឌ និងស្នើឲ្យមន្ត្រីនគរបាលស៊ើបអង្កេត និងស្វែងរកម្ចាស់បណ្ដាញសង្គមហ្វេសប៊ុកនោះមកផ្ដន្ទាទោសតាមច្បាប់។
ទាំងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំង សុទ្ធតែជំរុញឲ្យសមត្ថកិច្ចចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកជនដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច មកទទួលខុសត្រូវនៅចំពោះមុខច្បាប់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលចាត់ទុកការគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ថាជាករណីព្រហ្មទណ្ឌ។ លោកមានប្រសាសន៍នៅថ្ងៃទី៣០ សីហា ថា គេមិនគួរប្រើប្រាស់រូបភាពហិង្សាគំរាមបាញ់សម្លាប់ជនណាមួយបាននោះទេ។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្តថា លោកបណ្ឌិត សុខ ទូច កំពុងទទួលបន្ទុក និងធ្វើការងារដើម្បីជាតិ។ លោកថា អ្នកដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច គឺមានចេតនាបំផ្លាញដំណើរការក្នុងការងារពិនិត្យមើលផែនទីរបស់ក្រុមលោកបណ្ឌិត សុខ ទូច ហើយដែល លោក ផៃ ស៊ីផាន ចាត់ទុកថា អាចជាភេរវកម្មនៅក្នុងការងាររដ្ឋ៖ «ការគំរាមនេះ វាប៉ះពាល់ដល់សតិសម្បជញ្ញៈ និងការបំផ្លិចបំផ្លាញដល់ដំណើរការរបស់គាត់ អាហ្នឹងវាមាននៅក្នុងទម្ងន់ទោស»។
នេះជាលើកទីមួយហើយដែលលោកបណ្ឌិត សុខ ទូច ទទួលនូវការគំរាមជាសាធារណៈពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចាប់តាំងពីលោកបានផ្ដួចផ្ដើមគំនិតដឹកនាំក្រុមស្រាវជ្រាវផែនទីកម្ពុជា នៅពេលផ្ទៃក្នុងកម្ពុជា ខ្វែងគំនិតគ្នារឿងផែនទីបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
អ្នកគំរាមនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះ បានចោទប្រកាន់លោកបណ្ឌិត សុខ ទូច ថាជាអ្នកកែប្រែប្រវត្តិសាស្ត្រ និងជាអ្នកលក់ខួរក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ការគំរាមយកជីវិតលោកនេះ នឹងមិនធ្វើឲ្យលោករួញរា ឬបញ្ឈប់ការស្រាវជ្រាវរបស់លោកឡើយ៖ «ខ្ញុំអត់បានដកជើងថយទេ ពីព្រោះខ្ញុំបានតាំងចិត្តហើយស្រេច ថាខ្ញុំដាក់ជីវិតរបស់ខ្ញុំ តែខ្ញុំធ្វើអ្វីតែការពិតទេ ខ្ញុំត្រូវតែធ្វើ ហើយធ្វើក្នុងនាមវិជ្ជាជីវៈ។ ខ្ញុំអត់មានបានទទួលលុយពីរដ្ឋាភិបាល ឬប្រទេសដទៃទេ»។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការគំរាមកំហែងជាទង្វើខុសច្បាប់។ ដូច្នេះលោកថា សមត្ថកិច្ចត្រូវតែស៊ើបអង្កេតមើលរឿងនេះឲ្យបានត្រឹមត្រូវ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានទេនៅថ្ងៃទី៣០ សីហា។
ចំពោះគម្រោងចុះពិនិត្យមើលការងារបោះបង្គោលព្រំដែនលើដីជាក់ស្តែងរបស់ក្រុមលោកបណ្ឌិត សុខ ទូច នៅពេលខាងមុខវិញ លោក យឹម សុវណ្ណ យល់ឃើញថា វាជាសិទ្ធិរបស់ក្រុមលោកបណ្ឌិត សុខ ទូច។ យ៉ាងណាក៏ដោយ លោកថា រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់ប្រកាសជំហររបស់ខ្លួនជុំវិញរឿងផែនទីនេះនៅឡើយ៖ «ទុកឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ប្រមែប្រមូលព័ត៌មានមុននឹងធ្វើសេចក្តីសម្រេច ពីព្រោះបញ្ហាព្រំដែននេះមិនអាចនិយាយតែមួយម៉ាត់ ដោយអត់មានមូលដ្ឋានអ្វីបានទេ ពីព្រោះមិនមែននិយាយតែរឿងផែនទី ការបោះបង្គោលខុសផែនទីក៏យើងត្រូវពិនិត្យមើល ការបោះបង្គោលរួចហើយភាគីពាក់ព័ន្ធគោរព មិនគោរព ក៏យើងត្រូវពិនិត្យមើល វាជាកិច្ចការមួយត្រូវធ្វើជាប់លាប់យូរអង្វែង»។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បើទោះជាក្រុមលោកចុះទៅពិនិត្យព្រំដែនតែឯងក្តី ប៉ុន្តែនៅក្រោយការសិក្សាចប់សព្វគ្រប់ ក្រុមលោកនឹងចងក្រងជានិក្ខេបបទ រួចធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវជាសាធារណៈ។ លោកថា បើមានភាគីណាមួយមិនអស់ចិត្ត ក្រុមលោកអាចជូនចុះពិនិត្យមើលជាក់ស្តែងបាន។
ចំពោះការគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច វិញ មកទល់ពេលនេះ ខាងអាជ្ញាធរមិនទាន់បង្ហាញជំហរធ្វើការស៊ើបអង្កេត ឬយ៉ាងណានៅឡើយទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។