លោក គឹម សុខ ទៅដល់​ប្រទេស​ហ្វាំងឡង់​​ក្រោយ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ និង​កូនស្រី​តូច​អាយុ ៦​ឆ្នាំ បាន​ទៅដល់​ប្រទេស​ហ្វាំងឡង់​ដោយ​សុវត្ថិភាព​ហើយ នៅ​ថ្ងៃ​សុក្រ ទី១២ ខែ​តុលា​នេះ ក្រោយពី​រដ្ឋាភិបាល​ប្រទេស​នេះ ផ្ដល់​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ។ ថ្លែងប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ទីក្រុង ហែលស៊ិនគី (Helsinki) នៅមុន​ការផ្សាយ​នេះ​បន្តិច លោក គឹម សុខ ថា ​លោក​ត្រូវ​បន្ត​ដំណើរ​ទៅ​រស់នៅ​ទីក្រុង​មួយ​ផ្សេងទៀត ឈ្មោះ តំប៉េរ៉េ (Tampere) ដែល​ស្ថិតនៅ​ភាគ​នីរតី​នៃ​ប្រទេស​ហ្វាំងឡង់៖ «ខ្ញុំ​បាន​ចុះចត​នៅ​ទីក្រុង​ហែលស៊ិនគី (Helsinki) នៅ​ម៉ោង​ប្រមាណ​ជាង ១២ ជិត ១ ហើយ​មកដល់​ទីនេះ ប្រើ​ពេល​ប្រហែល​មួយ​ម៉ោង​ដើម្បី​បំពេញ​សំណុំ​បែបបទ​មួយ​ចំនួន​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍ នៃ​ប្រទេស​ហ្វាំងឡង់ មុននឹង​ធ្វើដំណើរ​តាម​រថយន្តក្រុង​ទីក្រុង​តំប៉េរ៉េ (Tampere) ជាទី​ក្រុង​ទំនើប​មួយ​នៃ​ប្រទេស​ហ្វាំងឡង់ ដែល​ខ្ញុំ​ត្រូវ​ទៅ​រស់នៅ។ ទីក្រុង​នេះ មាន​ចម្ងាយ​ប្រមាណ ១៧០​គីឡូ​ម៉ែត្រ​​ពី​​ទីក្រុង​ហែល​ស៊ិនគី»។

សំណុំរឿង​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​របស់​លោក គឹម សុខ បាន​ប្រព្រឹត្តទៅ​យ៉ាង​ឆាប់រហ័ស ដោយមាន​កិច្ច​អន្តរាគមន៍ ពី​ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ និង​មន្ត្រី​អន្តោប្រវេសន៍​ថៃ។ លោក គឹម សុខ ថា​ករណី​របស់​លោក ត្រូវ​បាន​មន្ត្រី​ទាំង​នោះ​​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង ហើយ​លោក​មិន​ភ្លេចគុណ អ្នក​ដែល​ខំ​ជួយ​លោក និង​កូនស្រី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នេះ៖ «ខ្ញុំ​​សូម​​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាលជ្រៅ ដល់​អង្គការ UNHCR និង អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ IOM ដែល​បាន​ជួយ​​ជំរុញ ធ្វើ​​កិច្ច​ការ​​បញ្ជូន​​ខ្ញុំ​​មក​កាន់​ប្រទេស​ទី​បី គឺ​ប្រទេស​ហ្វាំងឡង់​នេះ យ៉ាង​លឿន​បំផុត តែ​ក្នុង​រយៈពេល​បួន​សប្ដាហ៍​ប៉ុណ្ណោះ»។

មុន​បាន​មកដល់​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ ត្រូវ​បង្ខំចិត្ត​និទ្ទេស​ខ្លួន ជាមួយ​កូនស្រី​របស់​លោក ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា​កន្លង​ទៅ​នេះ មួយ​ថ្ងៃ​ក្រោយ​លោក ហ៊ុន សែន គំរាម​ខ្លាំងៗ ថា នឹង​ប្ដឹង​លោក​​ដាក់​​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង ៨០០​លាន​រៀល ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយ​ជាប់​ពន្ធនាគារ ១៨​ខែ គ្រប់​តាម​កាលកំណត់។ លោក​ជាប់​ពន្ធនាគារ ដោយសារតែ​លោក ហ៊ុន សែន ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ ទោះបីជា​សំណុំរឿង​ទី​១ នេះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​ដែល​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​តុលាការ​នឹង​បន្ត​ចាត់ការ​ឬទេ។

សំណុំរឿង​នោះ​គឺ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។ អ្នកច្បាប់​ថា តុលាការ​មិន​អាច​បំបែក​សំណុំ​បែបនេះ​ជា​ពីរ​ទេ ព្រោះ​វា​ជា​ករណី​តែមួយ ឬ​ស្រដៀង​គ្នា ហើយ​លោក គឹម សុខ បាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​នោះ គឺ​ស្រដៀង​គ្នា ធ្វើឡើង​ក្នុង​ពេល​តែមួយ ហើយ​តុលាការ​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ។ យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បើ​បទល្មើស​ដូចគ្នា​ឬ​ស្រដៀង​គ្នា តុលាការ​អាច​ស្រូប​ទោស ដោយ​កាត់សេចក្ដី​តែមួយ​ដង។ តាមច្បាប់​គេ​មិន​អាច​កាត់ទោស​មនុស្ស​ពីរ​ដង​ទៅលើ​បទល្មើស​ដូចគ្នា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។