រាជបណ្ឌិត្យសភាផ្ដល់គំនិតដល់អ្នកនយោបាយឲ្យធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ ក្នុងករណីបញ្ហាព្រំដែនពុំអាចរកច្រកចេញឃើញ។
អ្នកនាំពាក្យគណបក្សកាន់អំណាចយល់ថា ការស្នើនេះគឺជាសិទ្ធិនៃការបញ្ចេញមតិ ប៉ុន្តែមន្ត្រីបក្សប្រឆាំងបដិសេធការយល់ឃើញនេះ។ ទោះបីជាគណបក្សកាន់អំណាច និងបក្សប្រឆាំងនៅខ្វែងគំនិតគ្នារឿងផែនទី តែគណបក្សទាំង២ បានឯកភាពគ្នាលើផែនទី ខ្នាតមួយលើរយពាន់ដែលចែងក្នុងមាត្រានេះ។
ជម្លោះព្រំដែនកម្ពុជា-វៀតណាម ជំរុញឲ្យក្រុមបណ្ឌិតនៃរាជបណ្ឌិត្យសភាស្វះស្វែងរកឯកសារ និងផែនទីយកផ្ទៀងផ្ទាត់ដើម្បីប្រៀបធៀបទៅនឹងផ្ទៃដីពិតប្រាកដ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរាជបណ្ឌិត្យសភា នៅថ្ងៃទី២២ ខែកក្កដា លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាបង្ហាញថា អ្វីដែលក្រុមលោកធ្វើ គឺដើម្បីមានការឯកភាពជាតិក្នុងការដោះស្រាយបញ្ហាព្រំដែន និងចង់បានឯកសារផែនទីពីអ្នកស្នេហាជាតិ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ថ្លែងថា អនុសាសន៍វិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ គឺចំណុចខ្នាតផែនទី១លើមួយរយពាន់។ លោកបន្តថា ក្នុងករណីអ្នកនយោបាយ មានផែនទីខ្នាតផ្សេងទៀតដែលផ្តល់ប្រយោជន៍ច្រើនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៖ «ក្នុងករណីអង្គការសហប្រជាជាតិអត់មានផែនទីបោន និងប្រទេសមហាអំណាចមានផែនទីផ្សេងដែលល្អជាងនេះទៀត បើយើងមិនវិសោធនកម្ម ធ្វើម៉េចយើងបានផែនទីប្រើ»។
អនុសាសសន៍ដែលរាជបណ្ឌិត្យសភាអាចផ្តល់ជាគំនិតទៅអ្នកនយោបាយបានមាន ៥ចំណុចធំៗរួមមាន ទី១ សូមភាគីពាក់ព័ន្ធរក្សាឯកភាពជាតិក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនទី២ ក្រោយបោះបង្គោលព្រំដែន ដែលរដ្ឋាភិបាលគប្បីយកលទ្ធផលទៅសុំការយល់ព្រមពីអង្គនីតិប្បញ្ញត្តិ ទី៣ ប្រសិនបើមានការរាំងស្ទះណាមួយពីការប្រើប្រាស់ផែនទីដែលមិនឆ្លើយតបនៃរដ្ឋធម្មនុញ្ញ គប្បីវិសោធនកម្មមាត្រា ២ នៃរដ្ឋធម្មនុញ្ញ ទី៤ គួរប្រែតំបន់ព្រំដែនទៅជាកន្លែងអភិវឌ្ឍន៍ និងចំណុចចុងក្រោយ ការដោះស្រាយបញ្ហាព្រំដែនត្រូវផ្អែកគោលសន្តិភាពសហវិជ្ជមានដោយស្របច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត និយាយថា នេះជាមតិរបស់រាជបណ្ឌិត្យសភា ប៉ុន្តែលោកថា មាត្រា២ នៃរដ្ឋធម្មនុញ្ញនេះ ពុំមែនអ្នកនយោបាយចេះតែវិសោធនកម្មនោះទេ ព្រោះត្រូវការសំឡេងភាគច្រើនដាច់ខាត ២ ភាគ ៣ នៅក្នុងសភា។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ លើកឡើងបញ្ហាព្រំដែនកើតឡើងនេះ មិនមែនជារឿងថ្មីឡើយ ព្រោះនៅពេលបោះឆ្នោតខិតជិតមកដល់អ្នកនយោបាយមួយចំនួន តែងតែសើរើរឿងព្រំដែន៖ «នេះជាការមានមតិរបស់គាត់ ខ្ញុំមិនយល់ដែររឿងហ្នឹង»។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
ទោះយ៉ាងណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មិនយល់ស្របការលើកឡើងរបស់រាជបណ្ឌិត្យសភាកម្ពុជាទេ។ លោកថា ប្រសិនប្រទេសកម្ពុជា មិនប្រើខ្នាតផែនទី ១/១០០.០០០ កម្ពុជានឹងខាតបង់ដីរបស់ខ្លួន៖ «បើសិនធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ គឺបើកផ្លូវឲ្យប្រើផែនទីដែលភ្ជាប់សន្ធិសញ្ញាទសវត្សទី៨០ ដែលវៀតណាម គ្រប់គ្រង។ ដូច្នេះ លោក សុខ ទូច និយាយចង់ឲ្យប្រើផែនទីវៀតណាម ហើយ»។
លោកបណ្ឌិត សុខ ទូច ឲ្យដឹងទៀតថា រាជបណ្ឌិត្យសភាបានស្នើសុំផែនទីពីរដ្ឋាភិបាល អង្គការសហប្រជាជាតិ ប្រទេសមហាអំណាច។ ប៉ុន្តែទើបទទួលពីរដ្ឋាភិបាល និងលោក ស៊ាន ប៉េងសែ។ ដោយឡែក រាជបណ្ឌិត្យសភា មិនទាន់ទទួលបានផែនទីពីអង្គការសហប្រជាជាតិ គណបក្សសង្គ្រោះជាតិ ពីប្រទេសមហាអំណាចទាំង៣ ដូចជា បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។
នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា យល់ថា មាត្រា២នៃរដ្ឋធម្មនុញ្ញមានសារសំខានសម្រាប់កម្ពុជា ដែទាក់ទងបូរណភាពទឹកដី។
លោក គល់ បញ្ហា លើកឡើងថា ទោះសព្វថ្ងៃនេះ គណបក្សកាន់អំណាច និងបក្សប្រឆាំងនៅខ្វែងគំនិតគ្នារឿងផែនទី ប៉ុន្តែគណបក្សទាំង២ បានឯកភាពគ្នាលើផែនទីមួយលើមួយរយពាន់ដែលចែងក្នុងមាត្រានេះ៖ «រឿងនេះមិនអាចទៅធ្វើវិសោធនកម្មទេ ព្រោះទាក់ទងបូរណភាពទឹកដី ធម្មតាមិនងាយបានត្រូវគ្នា»។
លោកបណ្ឌិត សុខ ទូច ឲ្យដឹងថា ជំហានដំបូងនៃការដោះស្រាយបញ្ហាដំបូងឡើយគឺសិក្សាទ្រឹស្ដីសិន បន្ទាប់មកក្រុមលោកនឹងចុះសិក្សា និងសម្ភាសពលរដ្ឋតាមព្រំដែន និងមន្ត្រីជំនាញ បន្ទាប់មកគឺចេញរបាយការណ៍នៃការងារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។