រដ្ឋាភិបាល​​កម្ពុជា​​ មិន​ទាន់​មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន

0:00 / 0:00

មន្រ្តីស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​រុស្ស៊ី​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​ផែន​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន (Ukraine) ទេ ​ដោយ​ត្រឹម​តែ​ទាក់ទង​ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​របស់​ពួកគេ។ ប៉ុន្តែ​ មន្រ្តី​សង្គមស៊ី​វិល​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ធានា​នូវ​សុវត្ថិភាព​ និង​ការពារ​អាយុ​ជីវិត​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់។

មន្រ្តី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​រុស្ស៊ី​បញ្ជាក់​ថា ស្ថានទូត​ពុំមាន​លទ្ធិភាព​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​នោះ​ទេដោយ​ទុក​ឱ្យ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​ចិត្ត​ជុំវិញ​រឿង​នេះខណៈដែល​សង្គ្រាម​រវាង​រុស្ស៊ីនិង​អ៊ុយក្រែនកំពុង​បន្ត​ផ្ទុះ​ឡើង​យ៉ាង​ក្តៅ​គគុក។

ទីប្រឹក្សា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក ម៉ែន ទន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ពលរដ្ឋខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ទាក់ទង​មក​ស្ថានទូត​ដោយ​បញ្ជាក់​ថា ពួកគាត់​មាន​សុវត្ថិភាពប៉ុន្តែ​លោក​នៅ​តែ​ព្រួយបារម្ភ​អំពី​ស្ថានភាព​និង​សុវត្ថិភាព​របស់​ពួកគេ​ដែល​កំពុង​រស់​នៅ​ទី​នោះខណៈប្រព័ន្ធ​ទំនាក់ទំនង​ជួបការ​លំបាកដោយសារ​ប្រទេស​រុស្ស៊ី​បិទ​បណ្តាញ​សង្គម​មួយ​ចំនួន។​លោក​បញ្ជាក់​ថារហូត​មក​ដល់​ពេល​នេះស្ថានទូត​នៅ​មិន​ទាន់​ទទួល​ការ​ណែនាំ​ពី​ក្រសួង​ការបរទេស​ជុំវិញ​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​នៅ​ឡើយ​ទេ។

លោក​រំពឹង​ថាក្នុង​កាលៈទេសៈសង្គ្រាម​បែប​នេះពួកគាត់​នឹង​យល់​ច្បាស់​អំពី​ការ​ត្រៀម​ស្បៀង​អាហារនិង​ការ​ស្វែង​រក​ទីកន្លែង​មាន​សុវត្ថិភាពព្រមទាំង​អនុវត្តតាម​វិធានការ​របស់​រដ្ឋាភិបាល​រៀងៗ​ខ្លួន៖ «​ក៏​ប៉ុន្តែ​រឿង​ជម្លៀស​ឬ​មិន​ជម្លៀស​ខ្ញុំ​អត់​បាន​ដឹង​ទេ សូម្បី​ជនជាតិ​ថៃ​ដែល​មាន​លទ្ធភាព​យក​យន្តហោះ​ក៏​គេ​ធ្វើ​អត់​កើត​ដែរ ចឹង​ដល់​ខ្មែរ​យើងពិបាក​មាន​លទ្ធភាព​ដូច​គេ​ចឹង ខ្ញុំ​មិន​ដឹង​ទេ​ ទុក​ឱ្យ​ថ្នាក់​លើ​ជា​អ្នក​សម្រេច​ចុះ អាហ្នឹង​ទាល់​តែ​សួរ​ទៅ​ក្រសួង​ការបរ​ទេស​បាទ ខ្ញុំ​នៅ​នេះ​រវល់​ការងារ​មិន​ទាន់​ទទួលព័ត៌​មាន​ខាង​ក្នុង​ប្រទេស​ដែរ ព្រោះ​បណ្តាញ​មួយ​ចំនួន​ពិបាក​ទាក់​ទង​គ្នា»

ចំណែក​ឯនិស្សិត​ខ្មែរ​សិក្សា​ផ្នែក​វិស្វកម្ម​នុយក្លេអ៊ែរ​នៅ​ប្រទេស​រុស្ស៊ីលោក ខឿន ចាន់តូ ឱ្យ​ដឹង​ថានៅ​ប្រទេស​អ៊ុយក្រែន​ពុំមាន​និស្សិត​ខ្មែរ​សិក្សា​នៅ​ទីនោះ​ទេប៉ុន្តែ​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅទី​នោះ​ដោយ​មួយ​ចំនួន​ពួកគាត់​កំពុង​ស្នាក់​នៅ​ក្នុង​ផ្លូវ​រថភ្លើង​ក្រោម​ដីដើម្បី​សុវត្ថិភាព​និង​រួច​ផុត​ពី​គ្រោះ​ថ្នាក់​នៃ​សង្គ្រោម។ លោក​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​មាន​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី៖ «គាត់​ថា​ ស្ថានភាព​នៅ​អ៊ុយក្រែន​ក៏​រាង​​វឹក​វរ​ដែរ ចឹង​គាត់​នៅក្រោម​មេត្រូ​ដើម្បី​មាន​សុវត្ថិ​ភាព ដោយ​សារ​នៅ​មេត្រូ​មាន​ជម្រៅ​ជ្រៅ​ក្នុង​ដី»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បា​ន​ទេ​ នៅថ្ងៃទី២៧ ខែកុម្ភៈ។

ក្រសួង​ការបរទេសក​ម្ពុជា ធ្លាប់​ឲ្យដឹងថា អតីត​និស្សិត​ខ្មែរ​ចំនួន ២៣នាក់ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​​កំពុង​រស់​នៅ​ប្រទេស​អ៊ុយក្រែន​ (Ukraine)។​ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ​លោក​ ជុំ​ សុន្ទរី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថាកម្ពុជា​គ្មាន​និស្សិត​រៀន​នៅ​ប្រទេស​អ៊ុយក្រែន​ទេប៉ុន្តែ​មាន​តែ​អតីត​និស្សិត​ខ្មែរដែល​កំពុង​រស់​នៅ​ទី​នោះតាំង​ពី​ទសវត្សរ៍ឆ្នាំ១៩៨០ និង​ខ្លះ​ទៀត​តាំង​ពី​ទសវត្សរ៍១៩៩០។ លោក​ថាបច្ចុប្បន្ន​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​រុស្សី​ (Russia) កំពុង​ព្យាយាម​​ទាក់ទង​ពលរដ្ឋទាំង​នោះ​ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​​ថា លោក​ចង់​ឃើញ​ជម្លោះ​ប្រទេស​អ៊ុយក្រែន និងរុស្សី ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​។ ក៏ប៉ុន្តែ លោកពុំ​បាន​ថ្កោលទោស​ឬហៅ​អំពើ​វាយ​ប្រហាររបស់​ប្រទេស​រុស្ស៊ី​មកលើ​ប្រទេសអ៊ុយក្រែន​ថាជា​ការ​ឈ្លាន​ពាន​នោះទេ ខណៈកម្ពុជា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​រុស្ស៊ី។

រីឯ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​វិញក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ស្ថានការណ៍​នៅ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ បង្ហាញ​ពី​ក្តីបារម្ភនិង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អត់​ធ្មត់​ដើម្បី​បន្ត​សន្ទនា​តា​ម​គ្រប់​មធ្យោបាយ​ការទូត​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ស្រប​តាម​អន្តរជាតិ​និង​គោលការណ៍​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិនិង​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកលោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថារដ្ឋាភិបាល​មាន​កាតព្វកិច្ចជម្លៀស​​​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​រស់នៅ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ព្រោះថា​ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​អន្តរជាតិ​ដែល​ធានា​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ពលរដ្ឋរបស់​ខ្លួនទោះបី​ពួកគេ​រស់​នៅ​ប្រទេសណាក៏​ដោយ។​ លោក​សង្កេត​ឃើញថា ស្ថានភាព​នេះរដ្ឋាភិបាល​ហាក់​មិន​ទាន់​មានចំណាត់ការ​ឱ្យ​បាន​ច្បាស់​លាល់​ដើម្បី​ជួយ​អន្តរាគមន៍​ពលរដ្ឋ​ខ្លួន​នៅ​ឡើយ​ទេ។

លោក​ទទូច​ឱ្យរដ្ឋាភិបាល​អន្តរាគមន៍​លើបញ្ហា​នេះ​ជា​បន្ទាន់ ដោយត្រូវ​​ធានាថា ​ពលរដ្ឋខ្មែរមិន​ត្រូវ​បាត់បង់​ជីវិត​ក្នុង​ភ្លើង​សង្គ្រាម​នេះ​ទេ​៖ «យើង​មាន​ពលរដ្ឋ​ដែល​ជា​ឈាម​ជ័រ​ដូច​គ្នា​នៅ​ប្រទេស​អ៊ុយ​ក្រែន ចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សេចក្តី​សុខ និង​សុវត្ថិភាព​របស់​ពួក​គាត់ ហើយ​ទន្ទឹង​នឹង​ការ​ព្រួយ​បារម្ភ​នេះ យើង​ក៏​ទទូច​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ពិនិត្យ​មើលលទ្ធភាព​យ៉ាង​ណា​ជួយ​ឱ្យ​ទាន់​ពេល​វេលា ហើយ​គួរ​ជជែក​បញ្ហា​នេះ​ជា​អាទិភាព»

ខុសពី​ប្រទេស​កម្ពុជាមកទល់​ពេល​នេះ​រដ្ឋាភិបាល​ថៃបាន​ចាប់​ផ្តើម​ជម្លៀស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ជា​បណ្តើរៗមកកាន់​ប្រទេស​ប៉ូឡូញ​ (Poland)​ ហើយ​ ដែល​មាន​ព្រំដែន​ជាប់​នោះ។បន្ទាប់​មក​ពួកគេនឹង​ឡើង​យន្ដហោះ​ពិសេស​មក​កាន់​ប្រទេស​ថៃ។

មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ»។ចំណែក​មាត្រា​៣៥ ចែងថា «សេចក្ដី​ស្នើទាំង​ឡាយ​របស់​ប្រជាពលរដ្ឋត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះ​ស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។