អ្នក​តាមដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដាប់​យោបល់​របស់​​មន្ត្រី​UN​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថាការ​ដែល​ប្រេសិត​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​បំណង​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​គាំទ្រ​ឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​ហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា​នោះ ពុំមែន​មានន័យថា​ជាការ​គាំទ្រ​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ខាងមុខ​ទេ​។ អ្នកជំនាញ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​មតិ​យោបល់​បន្ថែម​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ តែ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជឿថា ប្រមុខ​រដ្ឋាភិបាល​ពិត​ជាមាន​សមត្ថភាព​ដោះស្រាយ​រឿងនេះ។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថាអង្គការ​សហប្រជាជាតិ​ពុំ​មាន​ទំនុកចិត្ត​ចំពោះ​មេដឹកនាំ​កម្ពុជា​ថា នឹង​អាច​បញ្ចប់​អំពើហិង្សា និង​វិបត្តិ​នយោបាយ​នៅ​ភូមា​បាន​ឡើយ។​

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក គៀន ពន្លក យល់​ថា ជំនួប​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ជាមួយ​ភាគី​កម្ពុជា​នៅពេល​នេះ គឺ​ដើម្បី​ផ្ដល់​មតិយោបល់​សម្រាប់​កម្ពុជា​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា​តែប៉ុណ្ណោះ ព្រោះ​អង្គការ​ពិភពលោក​មួយ​នេះ មិន​ទុកចិត្ត​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​តាមរបៀប​ផ្ដាច់ការ​អាច​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ភូមា​ដែល​កំពុង​គ្រប់គ្រង​ដោយ​របប​ផ្ដាច់ការ​ដូចគ្នា​នោះទេ​។ ទោះជា​យ៉ាង​ណា លោក​ថា វា​ក៏​ជា​ឱកាសល្អ​មួយ​ដែរ ដែល​កម្ពុជា​គួរតែ​ពឹងពាក់ និង​ទទួលយក​មតិ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បីឱ្យ​កម្ពុជា​អាច​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បានល្អ​ប្រសើរ៖ «ប្រទេស​លោក​សេរី​ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សុទ្ធតែជា​សមាជិក​សំខាន់ៗ ហើយ​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទៀត​នោះ ក៏​គេ​មើលឃើញថា​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​កំពុងតែ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការរំលាយ​ប្រជាធិបតេយ្យ ហើយ​មាន​ការចាប់​សកម្មជន​អី​ផ្សេងៗ​ជាដើម​។ អ៊ីចឹង​គេ​មើលឃើញ​ប្រទេស​កម្ពុជា​ហ្នឹង​គឺជា​គំរូ​មិនល្អ​ទេ ហើយ​គេ​មិន​ទុកចិត្ត​ប្រទេស​កម្ពុជា​ទេ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​លើកទឹកចិត្ត​ទៅដល់​មេដឹកនាំ​យោធា​ភូមា​ផ្ដាច់ការ​នៅ​ខែមករា​ ខាងមុខ​នេះ ​។ ខ្ញុំ​ គិត​ថា ពាក្យ​ថា សហការ​នេះ​គឺ​មិនមែនជា​ ការ​គាំទ្រ ​រដ្ឋាភិបាល​កម្ពុជា​ទាំងស្រុង​ ទេ»។

ការ​លើកឡើង​របស់​អ្នកតាមដាន​ការណ៍​នយោបាយ​រូប​នេះ គឺ​បន្ទាប់​ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ប្រេសិត​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូលីន ហេហ្សឺ (Noeleen Heyzer) តាម​ប្រព័ន្ធ​អនឡាញ​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ។

ក្រសួងការបរទេស​កម្ពុជា​ឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​លោក ប្រាក់ សុខុន និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូលីន ហេហ្សឺ ឯកភាពគ្នា​ថា ដំណើរការ​នយោបាយ​ណាមួយ​ក៏ដោយ​ដើម្បី​ឆ្ពោះទៅ​បញ្ចប់​អំពើហិង្សា​នៅ​ភូមា គឺ​ភូមា​ខ្លួនឯង​ជា​អ្នកដឹកនាំ និង​ជា​ម្ចាស់​កម្មសិទ្ធិ​ទើប​អាច​សម្រេច​ជោគជ័យ។ ទន្ទឹម​នឹង​នេះភាគី​ទាំងពីរ​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​បន្ទាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​ឱ្យ​បាន​ឆាប់រហ័ស និង​សុវត្ថិភាព ព្រមទាំង​ការចាក់​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ថា អង្គការ​សហប្រជាជាតិ​កំពុងតែ​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ហើយ​លោក​ជឿថា​កម្ពុជា​ពិតជា​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​បាន៖ «ជាការ​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​របស់​ អង្គការ​សហប្រជាជាតិ ព្រោះ​ជា​កាតព្វកិច្ច​របស់​អង្គការសហប្រជាជាតិ​គឺ​ថែរក្សា​សុខមាលភាព​រប​ស់​ប្រជាពលរដ្ឋ​ទាំងអស់​នៅលើ​លោក​នេះ​។ ដូច្នេះ ការដែល​យើង​វាយតម្លៃ​ខ្ពស់ ខ្ញុំ​ទទួល​ព័ត៌មាន​គឺ​អង្គការសហប្រជាជាតិ​ហ្នឹង​បានទទួល​គាំទ្រ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច។ ប៉ុន្តែ​មួយ​ដែល​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​ថា អង្គការ​សហប្រជាជាតិ​ទៅជា​មួយ​សម្ដេច ឬក៏​អត់​ទាន់​ទៅ​ទេ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងលាំង (Min Aung Hlaing) នៅ​ថ្ងៃទី៧ និង​ទី៨ ខែ​មករាសប្ដាហ៍​ក្រោយ​នេះ ។ ស្របពេល​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា​កាន់តែ​ខិតជិត​មក​ដល់​នេះ ក្រុមនិស្សិត និង​ពលរដ្ឋ​ភូមា​មួយចំនួន បាន​ផ្ទុះ​កំហឹង ដោយបាន​ជាន់ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា នេះ​ជា​ភាព​អាម៉ាស​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់ទៅ​ធ្វើ​ទំនាក់ទំនង និង​លើកទឹកចិត្ត​ដល់​មេដឹកនាំ​របប​សឹក​ភូមា​ក្នុងការ​រឹតចំណង​អំណាច​ផ្ដាច់ការ​រវាង​កម្ពុជា និង​ភូមា។

ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា​កាន់តែ​ខិត​ជិត​មកដល់​នេះ មានការ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​ចំនួន​២​គ្រាប់​នៅ​ក្បែរ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ភូមា នៅ​ព្រឹក​ថ្ងៃទី៣១ ធ្នូ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា ក្នុង​ចំណោម​គ្រាប់បែក​ទាំ​ង​ពីរ​នោះ មាន​មួយ​ផ្ទុះ​នៅ​ចម្ងាយ​ត្រឹមតែ​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្ថានទូត​កម្ពុជា តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់ ឬ​មន្ត្រី​ទូត​កម្ពុជា​ដែល​ប្រចាំការ​នៅ​ទីនោះ​ឡើយ​។ លោក​បញ្ជាក់ថា អាជ្ញាធរ​ភូមា​កំពុង​ដាក់​កម្លាំង​ការពារ​បន្ថែមទៀត ដើម្បី​ពង្រឹង​សន្តិសុខ​ទាំង​នៅ​ស្ថានទូត និង​លំនៅដ្ឋាន​របស់​មន្ត្រី​ទូត​កម្ពុជា​ទាំងអស់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក កុយ គួង ដើម្បី​សាកសួរ​ព័ត៌មាន​នេះ​បាន​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី៣១ ខែ​ធ្នូ។

សមាគម​អាស៊ាន​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុងលាំង មិន​ព្រម​បញ្ឈប់​អំពើហិង្សា​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គណបក្ស​ឈ្នះឆ្នោត​របស់​អ្នកស្រី អ៊ុង សានស៊ូជី កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១​។ ចាប់តាំងពី​ខែ​កុម្ភៈ​រហូត​ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១​ពាន់ ៣​រយ​នាក់ (១.៣០៥) ក្នុងនោះ​រួមទាំង​កុមារ​ផង ត្រូវបាន​គេ​សម្លាប់ នៅក្នុង​ហេតុការណ៍​បង្ក្រាប​របស់​ពួកយោធា​លើ​ក្រុមអ្នកតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ ហើយ​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ទៀត (១០.៧៥៦) ត្រូវបាន​ចាប់ខ្លួន​។ អំពើហិង្សា​លើ​ពលរដ្ឋ​ភូមា​នេះ នាំឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ទៅលើ​មេដឹកនាំ​របប​សឹក លោក មីន អ៊ុងលាំង ហើយ​បុរស​ខ្លាំង​នៃ​ប្រទេស​ភូមា​រូបនេះ​ក៏​កំពុង​ប្រឈម​ទៅនឹង​ការ​ចោទប្រកាន់​ពីបទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។