មន្ត្រីគណបក្សភ្លើងទៀនរិះគន់ថា ការដែលបក្សកាន់អំណាចមមាញឹកប្ដឹងបក្សភ្លើងទៀនកំឡុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ ដោយសារតែខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខ ព្រោះឃើញប្រជាពលរដ្ឋកំពុងផុសផុលគាំទ្រគណបក្សខ្លួន។ប៉ុន្តែមន្ត្រីបក្សប្រជាជនកម្ពុជាឆ្លើយតបថា បក្សកាន់អំណាចមិនដែលខ្លាចការចាញ់ឆ្នោតម្ដងណាឡើយ។
ចាប់តាំងពីបើកឱ្យមានយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥មកមានបក្សនយោបាយជាច្រើនឃោសនាពីគោលនយោបាយរបស់ខ្លួនដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខណៈដែលបក្សភ្លើងទៀនកំពុងទទួលរង់ពាក្យបណ្ដឹងពីបក្សកាន់អំណាចក៏កាន់តែច្រើន។
អនុប្រធានបក្សភ្លើងទៀនដែលតែងតែរិះគន់បក្សកាន់អំណាចកំឡុងពេលឃោសនារកសន្លឹកឆ្នោត លោក ថាច់ សេដ្ឋា បានលើកឡើងថា សកម្មភាពប្ដឹងជាហូរហែរបស់បក្សកាន់អំណាចនេះជាការរំខានដល់ការឃោសនារកសំឡងឆ្នោតរបស់បក្សភ្លើងទៀនស្របពេលដែលសន្ទុះអ្នកគាំទ្រមានការកើនឡើងច្រើន។ លោកបន្តថាលោកមិនប្ដឹងបកទៅវិញនោះទេព្រោះគ្មានជំនឿលើ គ.ជ.ប និងស្ថាប័នតុលាការដែលលំអៀងទៅរកគណបក្សកាន់អំណាច។
លោកមើលឃើញថា ការបន្តប្តឹងមកលើបក្សភ្លើងទៀននេះកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋដែលស្អប់ទង្វើអយុត្តិធម៌នៅពេលបច្ចុប្បន្ន ហើយប្រជាពលរដ្ឋនឹង សម្រេចជ្រើសរើសមេដឹកនាំណាមួយដែលត្រឹមត្រូវនៅពេលខាងមុខ។ លោកថាច់ សេដ្ឋា មើលឃើញថា ការដែលមន្ត្រីគណបក្សកាន់អំណាចបន្តយាយីគណបក្សរបស់ខ្លួននៅពេលនេះព្រោះតែបក្សកាន់អំណាចខ្លាចចាញ់ការបោះឆ្នោតឃុំសង្កាត់៖ « វាច្បាស់ណាស់ ឃើញថា បង្ហាញពីការភ័យខ្លាចរបស់គណបក្សប្រជាជនមកគណបក្សភ្លើងទៀនហ្នឹង ដោយសារយើងឃើញហើយតាំងពីសម្លុតបេក្ខជន […] គំរាមកំហែងគ្រប់បែបសព្វយ៉ាង ទិញឱ្យលាលែងពីគណបក្ស [ សព្វ ] គ្រប់ទាំងអស់។ ឥឡូវដល់ពេលបោះឆ្នោត គាត់ [ បក្សប្រជាជនកម្ពុជា ] ឆាឆៅអារឿងប្ដឹងផ្ដល់រំខានថែមទៀត អាហ្នឹងច្បាស់ណាស់ថា គាត់បារម្ភ មើលទៅគាត់ភ័យចំពោះគណបក្សភ្លើងទៀនដែលឃើញពលរដ្ឋគាំទ្រកាន់តែខ្លាំង » ។
ប្រតិកម្មរបស់មន្ត្រីគណបក្សភ្លើងទៀននេះ ធ្វើឡើងដោយសារតែមួយរយៈនេះគណបក្សកាន់អំណាចបានប្ដឹងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៨ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានសម្រេចផាកពិន័យលោក គង់ រ៉ៃយ៉ា ប្រធានគណបក្សភ្លើងទៀនឃុំស្ដៅចំនួន៥លានរៀល (៥ ០០០ ០០០ រៀល) ពាក់ព័ន្ធនឹងការចែកប្រាក់ដល់សកម្មជននៅស្រុកកងមាស ខេត្តកំពង់ចាម។
ទាក់ទងនឹងបបញ្ហានេះ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហានេះគ្រាន់តែជាវោហារសព្ទនយោបាយប៉ុណ្ណោះ ព្រោះលោកថា គណបក្សប្រជាជនមិនមានការភ័យបារម្ភខ្លាចចាញ់ការបោះឆ្នោតនោះទេ។ ចំណែកការប្ដឹងរបស់បក្សប្រជាជនមកលើបក្សភ្លើងទៀន លោកថា ព្រោះតែសកម្មជនទាំងនោះប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់។ លោកបន្តថា សម្រាប់បក្សប្រជាជនដែលកាន់អំណាចមកជាយូរហើយនោះ មិនដែលខ្លាចក្នុងការប្រកួតប្រជែងការបោះឆ្នោតនោះទេ៖ «វាជាគំនិត និងការយល់ឃើញរបស់គេ ក៏ប៉ុន្តែចំពោះគណបក្សប្រជាជនមិនដែលខ្លាចគណបក្សណាទេ ព្រោះគណបក្សប្រជាជនឈ្នះឆ្នោតរហូតរឿងអីត្រូវខ្លាច តែបើខ្លាចរត់ក្រាបលូនហើយ !. អ៊ីចឹងដូចមេបក្សប្រឆាំង ឃើញរត់ដល់ស្រុកបារាំង គេចទៅស្រុកបារាំងរហូតអាហ្នឹងហ៊ានអី ? ហើយមួយទៀតបែកបាក់ខ្ទិចខ្ទីអស់ហើយ ហើយមកបង្កើតបក្សមកថ្មីៗអាហ្នឹងបក្សហ៊ានហី ?» ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា នេះជារឿងប្រវត្តិសាស្រ្តមួយមិនធ្លាប់មានដែលបក្សកាន់អំណាចព្យាយាមធ្វើទុក្ខបុម្នេញ និងចាប់កំហុសលើបក្សប្រឆាំងដែលជាដៃគួរប្រកួតប្រជែងជាមួយ បក្សខ្លួន។
លោកបន្តថា ការប្ដឹងរបស់បក្សកាន់អំណាចកន្លងមកនេះមិនមែនជាបញ្ហាសម្រាប់បក្សប្រឆាំងមួយនេះទេតែផ្ទុយទៅវិញវាកាន់តែធ្វើឱ្យបក្សមួយនេះរឹងមាំហើយមានការប្រឹងប្រយ័ត្នជាងមុន។
លោកបន្តថា ប៉ុន្តែអ្វីដែលសំខាន់ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែកាត់ក្ដីឱ្យមានតម្លាភាពគ្រប់គណបក្សនយោបាយ៖ « បើស្ថាប័ន គ .ជ .ប ដោះស្រាយឈរលើគោលការណ៍តម្លាភាព ឯករាជ្យ ដោះស្រាយក្នុងស្តង់ដាតែមួយ មិនដោះស្រាយក្នុងស្ដង់ដាពីរ នោះមានន័យថា ដំណើរការនៃការពង្រឹងច្បាប់នោះ គឺវាអាចនឹងរុញច្រានឱ្យគ្រប់គណបក្សនយោបាយមានបទពិសោធក្នុងការអនុវត្តនៅក្នុងដំណើររឿងណាមួយដែលគិតឃើញថា មិនត្រឹមត្រូវ [ដែល ] ច្បាប់មិនបានចេញក្នុងនីតិវិធីមិនត្រូវបានអនុញាត ហើយវាក៏ជាបទពិសោធមួយសម្រាប់ឱ្យគណបក្សនយោបាយទាំងអស់ » ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៩ ខែឧសភាថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បក្សកាន់អំណាច ប្ដឹងគណបក្សភ្លើងទៀនជាច្រើនករណី ដែលការបោះឆ្នោតអាណត្តិមុនៗមិនធ្លាប់មាន។ លោកថា គ.ជ.ប ក៏បានព្យាយាមដោះស្រាយជាបន្តបន្ទាប់ ហើយស្នើឱ្យបក្សនយោបាយធ្វើពាក្យបណ្ដឹងបើសិនជាទទួលបានការធ្វើទុក្ខបុកម្នេញ និងរំលោភលើនីតិវិធីរៀបចំការបោះឆ្នោត៖ « គ . ជ . ប . ស្នើសុំឱ្យឃើញថា រំលោភដាក់ពាក្យបណ្ដឹងមកជៀសវាងការបង្កើតភាសា ឬបរិយាកាសដែលចង់ចំណេញគណបក្សនយោបាយ ។ អ៊ីចឹងគណបក្សណាក៏ដោយ បើសិនជាយល់ថា ខ្លួនត្រូវគេរំលោភ ខ្លួនត្រូវគេគំរាមហើយ គឺត្រូវធ្វើការដាក់ពាក្យបណ្ដឹងនោះបាន គ . ជ . ប . មានមូលដ្ឋានក្នុងការពិនិត្យពិចារណាបន្តទៀត » ។
លោក ហង្ស ពុទ្ធា ឱ្យដឹងថា មកដល់ពេលនេះមានពាក្យបណ្ដឹងជាង២០ករណីហើយដែលបក្សប្រជាជនកម្ពុជាបានប្ដឹងមកលើសមាជិកបក្សភ្លើងទៀនហើយពាក្យបណ្ដឹងទាំងនោះជុំវិញការប្រើសារនយោបាយកំឡុងពេលឃោសនារកសន្លឹកឆ្នោតនិងសកម្មភាពមិនប្រក្រតីមួយចំនួននៅតាមមូលដ្ឋាន។ ចំណែកសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតមើលឃើញថាការធ្វើទុក្ខបុកម្នេញពីសំណាក់បក្សកាន់អំណាចកំពុងតែរំលោភសិទ្ធិនយោបាយនឹងធ្វើឱ្យការបោះឆ្នោតខាងមុខមិនប្រកបដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។