មន្ត្រីគណបក្សភ្លើងទៀនដាក់ពាក្យបណ្ដឹងប្ដឹងតវ៉ាទៅគ.ជ.ប ដើម្បីឲ្យស្ថាប័ននេះត្រួតពិនិត្យឡើងវិញនូវភាពមិនប្រក្រតីក្នុងអំឡុងពេលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ ដោយឡែក មន្ត្រីបក្សកាន់អំណាចថា ការបោះឆ្នោតកាលពីថ្ងៃទី៥ មិថុនា គឺប្រព្រឹត្តទៅដោយភាពយុត្តិធម៌និងគោរពទៅតាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អនុប្រធានស្ដីទីគណបក្សភ្លើងទៀនខេត្តបាត់ដំបងលោក ភូ សុវណ្ណថា ប្រាប់អាស៊ីសេរីឲ្យដឹងនៅថ្ងៃទី៦ខែមិថុនានេះថានៅក្នុងខេត្តបាត់ដំបងមានឃុំសង្កាត់ចំនួនបីរួមមានសង្កាត់ពាមឯកសង្កាត់ក្ដុលដូនទាវនិងស្រុកបាណន់ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតរួចរាល់ហើយ។ លោកបន្តថា គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតហាក់មិនចង់ទទួលពាក្យបណ្ដឹងទាំងអស់នោះទេ។
លោកឲ្យដឹងបន្ថែមថាគណបក្សភ្លើងទៀនដាក់ពាក្យបណ្ដឹងស្នើសុំឲ្យមានការត្រួតពិនិត្យនិងរាប់សន្លឹកឆ្នោតឡើងវិញព្រោះដំណើរការនៃការបោះឆ្នោតមិនមានភាពប្រក្រតីរាប់ទាំងពីអំឡុងពេលនៃការបោះឆ្នោតរហូតដល់ការរាប់សន្លឹកឆ្នោត៖ « យើងនឹងឲ្យគេធ្វើដើម្បីយើងបានមើលបានឃើញទាំងអស់គ្នា ព្រោះពីអង្កាល់រាប់សន្លឹកឆ្នោតហ្នឹងឃើញហើយ គ្រប់មណ្ឌលគ្រប់ការិយាល័យបោះឆ្នោតមានភាពមិនប្រក្រតីច្រើនទាក់ទងការរាប់សន្លឹកឆ្នោត អ៊ីចឹងទើបយើងប្ដឹងឲ្យមានការរាប់សន្លឹកឆ្នោតសាថ្មីទូទាំងឃុំ ទូទាំងសង្កាត់ »។
ស្រដៀងគ្នានេះដែរលេខាគណបក្សភ្លើងទៀនខេត្តសៀមរាបលោក សោម សូរិយា មានប្រសាសន៍ថាមកទល់ពេលនេះគណបក្សភ្លើងទៀនខេត្តសៀមរាបបានដាក់ពាក្យបណ្ដឹងចំនួន១២ករណីទៅកាន់គ.ជ.បបន្ទាប់ពីមិនមានការសម្របសម្រួលគ្នានៅថ្នាក់ឃុំ សង្កាត់។
លោកបន្តថា បណ្ដឹងទាំង១២ករណីនេះបានកើតឡើងនៅក្នុងស្រុកក្រុងចំនួន៤រួមមានស្រុកបន្ទាយស្រី ស្រុកបាគង ស្រុកជីក្រែង និងក្រុងសៀមរាប ភាគច្រើនសុទ្ធសឹងជាករណីដែលមេភូមិនិងមេឃុំបក្សកាន់អំណាចចាំកត់ឈ្មោះប្រជាពលរដ្ឋនៅតាមមណ្ឌលនិងករណីមន្ត្រីបក្សកាន់អំណាចជាមួយមន្ត្រីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតចេញឯកសារបោះឆ្នោតទៅឲ្យប្រជាជននៅថ្ងៃបោះឆ្នោត។
លោកចាត់ទុកទង្វើទាំងអស់នេះថាជាការរំលោភទៅលើសិទ្ធិប្រជាពលរដ្ឋនិងច្បាប់បោះឆ្នោតធ្ងន់ធ្ងរ។ជាមួយគ្នានេះលោកមានការសង្ឃឹមខ្ពស់ក្នុងការដែលគ.ជ.បនឹងដោះស្រាយបញ្ហានិងកាត់ក្ដីឲ្យបក្សភ្លើងទៀនដោយយុត្តិធម៌ ត្បិតថា បក្សរបស់លោកមានភស្តុតាងគ្រប់គ្រាន់នៅក្នុងពាក្យបណ្ដឹង៖ « នៅក្នុងពាក្យបណ្ដឹងហ្នឹងគឺខ្ញុំមានភស្តុតាងគ្រាប់គ្រាន់ ហើយតាមច្បាប់ដែលបានចែងហ្នឹងប្រសិនបើគ . ជ . ប គេអនុវត្តទៅតាមលក្ខខណ្ឌនិងស្មារតីស្ដីពីច្បាប់នៃការបោះឆ្នោតទាំងនោះ នោះខ្ញុំនឹងឈ្នះក្ដីពួកគាត់ ( បក្សប្រជាជន ) គ្រប់កាលៈទេសៈទាំងអស់ »។
ជាមួយគ្នានេះ មានមន្ត្រីបក្សភ្លើងទៀននៅតាមស្រុកមួយចំនួនមិនបានដាក់ពាក្យបណ្ដឹងទៅកាន់គ.ជ.បនោះឡើយព្រោះពួកគេគ្មានជំនឿចិត្តទៅលើស្ថាប័នមួយនេះ។
ប្រធានក្រុមការងារគណបក្សភ្លើងទៀន ស្រុកឯកភ្នំ ខេត្តបាត់ដំបងលោក ឡី សុខុន ឲ្យដឹងថា លោកគ្មានជំនឿទៅលើគ.ជ.ប នោះទេព្រោះលោកមើលឃើញថាការអនុវត្តច្បាប់របស់ស្ថាប័នមួយនេះមិនមានតម្លាភាព ត្រឹមត្រូវ និងយុត្តធម៌ឡើយ៖ « ខ្ញុំមិនបាច់ប្ដឹងទេ ទុកឲ្យប្រជាពលរដ្ឋវិនិច្ឆ័យទៅចុះ ពីព្រោះប្ដឹងគ្មានប្រយោជន៍ទេ។ យើងឃើញលើគោកទាំងអស់គ្នាហើយ ថាវាគ្មានភាពសុចរិត យុត្តិធម៌ ភាពត្រឹមត្រូវទៅលើផ្លូវច្បាប់នោះទេ ។ ខ្សែគេ ( បក្សប្រជាជន ) គេជាអ្នកគ្រប់គ្រងច្បាប់ អនុវត្តច្បាប់ គេអ្នករៀបចំគេធ្វើអីក៏បានដែរ »។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា គ.ជ.ប បានទទួលពាក្យបណ្ដឹងពីគណបក្សនយោបាយចំនួន៩ពាក្យបណ្ដឹងត្រឹមមួយថ្ងៃក្រោយពេលបោះឆ្នោត។
លោកអះអាងថា គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនទៅតាមច្បាប់និងនីតិវិធីនៃការបោះឆ្នោតកាលពីថ្ងៃទី៥ខែមិថុនា ហើយលោកស្នើទៅកាន់គណបក្សភ្លើងទៀនដែលមិនពេញចិត្តអាចដាក់ពាក្យបណ្ដឹងជាជាងការប្រើពាក្យសម្ដីវាយប្រហារទៅលើគ.ជ.ប៖ « សម្រាប់គ . ជ . ប គឺបានបំពេញតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ ។ ការប្រើវោហារសាស្ត្រនៅក្នុងន័យកេងចំណេញផ្នែកនយោបាយណាមួយ គ . ជ . ប សុំបដិសេធ ហើយបើសិនជាយល់ថាមានភាពមិនប្រក្រតីណាមួយគឺសុំស្នើដោះស្រាយបញ្ហាដោយការដាក់ពាក្យបណ្ដឹង »។
អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ដើម្បីអត្ថាធិប្បាយជុំវិញការលើកនេះបានទេនៅថ្ងៃទី៦ ខែមិថុនា។ ប៉ុន្តែគណបក្សភ្លើងទៀនបានធ្វើសន្និសីទសារព័ត៌មានមួយស្តីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោតនិងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៦ ខែមិថុនានេះ។
លោក សុន ឆ័យ នៅក្នុងសន្និសីទសារព័ត៌មានបានឲ្យដឹងថាលោកកំពុងណែនាំឲ្យមន្ត្រីបក្សនៅតាមមូលដ្ឋានដាក់ពាក្យបណ្ដឹងពីភាពមិនប្រក្រតីរួមទាំងការរំលោភច្បាប់មួយចំនួនរបស់បក្សកាន់អំណាចទោះបីលោកដឹងថាគ.ជ.បនឹងមិនអាចរកយុត្តិធម៌ឲ្យគណបក្សរបស់លោកបានយ៉ាងណាក៏ដោយ។
លោកក៏បានលើកឡើងពីការសង្កេតឃើញកន្លងទៅថាការបោះឆ្នោតនៅក្នុងឆ្នាំ២០២២នេះគឺជាការរៀបចំឡើងដោយឯកតោភាគីរបស់គណបក្សប្រជាជនមិនមានសមាសភាពគណបក្សផ្សេងចូលរួមឡើយ។ លោកបន្តថា ដោយសារមូលហេតុនេះទើបមន្ត្រីបក្សកាន់អំណាចនៅតាមមូលដ្ឋានធ្វើសកម្មភាពផ្សេងៗដែលរំលោភលើច្បាប់នៃការបោះឆ្នោតហាក់គ្មានភាពញញើតនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា គណបក្សកាន់អំណាចបានអនុវត្តទៅតាមនីតិវិធីនិងគោលការណ៍របស់គ.ជ.បដោយភាពត្រឹមត្រូវនិងយុត្តិធម៌។ លោកបន្តថា ករណីមន្ត្រីបក្សប្រជាជនចែកលុយដល់ប្រជាពលរដ្ឋនៅមុនថ្ងៃបោះឆ្នោតគឺធ្វើដូចសកម្មភាពរបស់បក្សភ្លើងទៀនដែលចែកលុយឲ្យសមាជិកបក្សសម្រាប់បម្រើឲ្យការងារបក្សតែប៉ុណ្ណោះ៖ « ត្រង់បក្សប្រឆាំងគេនិយាយយ៉ាងម៉េច គឺគេនិយាយតាំងតែពីមុនពេលនៃការបោះឆ្នោតមកម្ល៉េះ ។ អាហ្នឹងគេចែកសមាជិកគេអត់មានការទិញទឹកចិត្តទេ ដូចតែគង់ រ៉ៃយ៉ា ដើរចែកលុយមួយរយៗដុល្លារ ទៅសមាជិកនៅតាមឃុំដែលគាត់គ្រប់គ្រងជាក្រុមការងាររបស់គាត់ហ្នឹង »។
ជុំវិញនេះនាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា និកហ្វិក លោក សំ គន្ធាមី យល់ឃើញថាក្នុងករណីបក្សភ្លើងទៀនដាក់ពាក្យបណ្ដឹងគឺអាចមកពីមានករណីណាមួយមិនប្រក្រតីដូចជាការលើកឡើងនៅក្នុងពាក្យបណ្ដឹងទាំងនោះ៖ « បើគាត់លើកឡើងគាត់មានករណីកន្លែងណាមួយដែលលម្អៀង មិនមានអព្យាក្រឹត្យ ខុសច្បាប់នីតិវិធី បទបញ្ជាយ៉ាងម៉េចអាស្រ័យគាត់លើកឡើង »។
ត្បិតថាការបោះឆ្នោតបានបញ្ចប់ទៅក៏ពិតមែនប៉ុន្តែមន្ត្រីរបស់គណបក្សភ្លើងទៀនហាក់មិនពេញចិត្តការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះទេដោយពួកគាត់អះអាងថា មានភាពមិនប្រក្រតីជាច្រើនដែលបង្កឡើងដោយបក្សកាន់អំណាច។
ជាមួយគ្នានេះអង្គការលីកាដូក៏ទទួលបានការរាយការណ៍ពីភាពមិនប្រក្រតីរួមមានវត្តមានមេភូមិ មេឃុំឬចៅសង្កាត់ អាជ្ញាធរ ដែលភាគច្រើនត្រូវបានគេមើលឃើញថា បានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត និងអង្គុយនៅក្រៅច្រកចូលនៃទីតាំងបោះឆ្នោត និងតម្រូវឱ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ ក្រោយពីការបោះឆ្នោត។
ចំណែកការរាប់សន្លឹកឆ្នោតហាក់មានភាពលាក់បាំងដោយការិយាល័យបោះឆ្នោតបានបិទទ្វារ បង្អួច និងខ្លះចាក់ទ្វាររបងមិនឲ្យប្រជាពលរដ្ឋបានមើលឃើញពីការរាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។