មន្ត្រីក្រសួងព័ត៌មានទម្លាយថា ក្រសួងព័ត៌មានកំពុងញាំញីដោយអំពើពុករលួយ និងបញ្ហាបក្ខពួកគ្រួសារនិយមយ៉ាងអនាធិបតេយ្យ និងនាំឱ្យមន្ត្រីមួយចំនួនមិនសប្បាយចិត្ត។ សង្គមស៊ីវិល យល់ថា ករណីនេះ គួរតែមានការស៊ើបអង្កេត និងមានវិធានការច្បាប់។
មន្ត្រីក្រសួងព័ត៌មានដែលសុំលាក់អត្តសញ្ញាណ បានសរសេរខិតមួយច្បាប់ទម្លាយពីអំពើពុករលួយ ក្នុងការតែងតាំងមន្ត្រី ក៏ដូចជាបញ្ហាបក្ខពួកគ្រួសារនិយម ដែលកើតមានយ៉ាងអនាធិបតេយ្យក្នុងក្រសួងព័ត៌មាន។
លិខិតនោះ បង្ហាញចំនួន ៤ចំណុច។ ទី១ គឺការតែងតាំង លោក ប៉ែត ពិសី ជាប្រធាននាយកដ្ឋាន បុគ្គលិកជំនួសលោក កង សុវណ្ណ ដែលកំពុងកាន់តួនាទី និងមិនទាន់ចូលនិវត្តន៍នៅឡើយ។ ប្រភព ចោទថា លោក ប៉ែត ពិសី ជាបុគ្គលអសមត្ថភាពមិនសមនឹងកាន់តំណែងនេះទេ ព្រោះទិញសញ្ញា ប័ត្រក្លែងបន្លំ ដើម្បីចូលក្របខ័ណ្ឌក្រសួង ពុំធ្លាប់ឆ្លងកាត់វគ្គសិក្ខារបស់សាលាភូមិន្ទរដ្ឋបាល និងពុំសូវទៅបំពេញការងារ និងភារកិច្ចជាប់ជាប្រចាំតាមច្បាប់ស្ដីពីសហលក្ខន្តិកៈរាជការស៊ីវិលនោះទេ។
លោក ប៉ែត ពិសី ត្រូវជាប្អូនប្រុសរបស់អ្នកស្រី ប៉ែត សិទ្ធិគុណ ជាទីប្រឹក្សាក្រសួង និងជាអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន។ អ្នកស្រី ប៉ែត សិទ្ធិគុណ ក៏មានស្វាមី និងកូនប្រុស ២នាក់ ធ្វើការនៅក្រសួងព័ត៌មានដែរ។ ស្វាមីរបស់អ្នកស្រី ឈ្មោះ ឈុំ សុជាតិ មានតួនាទីជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យនៃក្រសួងព័ត៌មាន និងកូនប្រុសឈ្មោះ ហេង សុជាតិវិសាល ជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ។ ចំណែកកូនប្រុសម្នាក់ទៀត កំពុងកាន់តួនាទីជាអនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)។
ចំណុចទី២ លិខិតបង្ហាញថា ក្រៅពីលោក ប៉ែត ពិសី នោះ លោក គាម ម៉ារិទ្ធីយ៉ា ឬហៅថា កែវ សោភ័ណ ដែលជាអនុរដ្ឋលេខាធិការ ក៏មានភរិយា និងកូនបង្កើតពីរនាក់ធ្វើការក្នុងក្រសួងព័ត៌មានដែរ។ ភរិយារបស់លោក ឈ្មោះ ដួង រ៉ានី ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយមានកូស្រីម្នាក់ ឈ្មោះ សោភ័ណ លក្ខណា ជាទីប្រឹក្សាក្រសួងឋានៈស្មើអនុរដ្ឋលេខាធិការ និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ។ រីឯកូនប្រុស ឈ្មោះ សោភ័ណ សុផាន់ណា ជាមន្ត្រី និងជាទីប្រឹក្សាក្រសួងមានឋានៈស្មើអនុរដ្ឋលេខាធិការ។ លិខិតដដែលបញ្ជាក់ថា លោក គាម ម៉ារិទ្ធី ជាបុគ្គលសកម្មក្នុងការរត់ការដំឡើងឋានៈតួនាទីទាំងក្នុងក្រសួងព័ត៌មាន និងក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី។
ចំណុចទី៣ ដោយសារតែអំពើពុករលួយជាលក្ខណៈប្រព័ន្ធនេះ បានធ្វើឱ្យក្រសួងព័ត៌មានមាន ជំនួយការទីប្រឹក្សាក្រសួងរហូតដល់ជាង ៥០០នាក់ ដែលរួមមានមន្ត្រីចូលនិវត្តន៍ និងមន្ត្រីរាជការមិនទាន់ពេញសិទ្ធិ រួមទាំងជាមន្ត្រីរាជការវ័យក្មេងអាយុពុំទាន់ ៣០ឆ្នាំផង។
ចំណុចទី៤ លិខិតនេះ ឱ្យដឹងថា មានប្រធានអគ្គនាយកដ្ឋាន និងប្រធាននាយកដ្ឋានខ្លះ បានតែង តាំងខ្សែស្រឡាយសាច់ញាតិឱ្យកាន់កាប់ការងារនានាក្នុងអគ្គនាយកដ្ឋាន និងនាយកដ្ឋានតែមួយ ផ្ទុយពីច្បាប់ស្ដីពីសហលក្ខន្តិកមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាដែរ។
អាស៊ីសេរី បានព្យាយាមសុំការឆ្លើយតបជាច្រើនលើកពីអ្នកនាំពាក្យក្រសួងព័ត៌មាន រួមមាន លោក អ៊ុក គឹមសេង លោក មាស សុភ័ណ្ឌ និងលោក ផុស សុវណ្ណ តែមិនមានអ្នកទទួលទូរស័ព្ទ។ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏មិនទទួលទូរស័ព្ទដែរ។
នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM ) លោក ណុប វី មានប្រសាសន៍ថា នៅពេលមានការចោទប្រកាន់បែបនេះ ក្រសួងព័ត៌មាន គួរតែបើកការស៊ើបអង្កេត និងពិនិត្យឡើង វិញឱ្យបានល្អិតល្អន់។ លោកថា ប្រសិនបើមានករណីពុករលួយ និងមានបញ្ហាបក្ខពួកនិយមគ្រួសារ និយមដូចចោទប្រកាន់មែន គឺវានាំឱ្យប៉ះពាល់ដល់ការអនុវត្តការងារគ្មានប្រសិទ្ធភាព ប៉ះពាល់ការពង្រឹងស្ថាប័ន និងបង្ហិនថវិកាជាតិ ព្រមទាំងប៉ះពាល់អវិជ្ជមានដល់សង្គមថែមទៀត៖ «រាល់ការលើកឡើង រាល់ការចោទប្រកាន់នានា គឺខ្ញុំគិតថា ក៏មានចេតនា ដើម្បីធ្វើឱ្យមានតម្លាភាពធ្វើឱ្យការងារក្នុងស្ថាប័នមានប្រសិទ្ធភាពផងដែរ។ ទាក់ទងនឹងការចោទប្រកាន់ផ្សេងៗគួរតែមានការពិនិត្យដោយយកចិត្តទុកដាក់ ហើយមានការស៊ើបអង្កេតដោយតម្លាភាពដើម្បីស្វែងរកថាការចោទប្រកាន់នេះពិត ឬមិនពិត ?»។
មានការកត់សម្គាល់ថា ក្រសួងព័ត៌មាន បានតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានទ្រង់ទ្រាយធំជាបន្ត បន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែកក្កដា ក្រសួងតែងតែងទីប្រឹក្សាជាង ១រយនាក់ (១០៦) នាក់ ហើយកាលថ្ងៃទី១៥ ខែមិថុនា មានការតែងតាំង ៦៧នាក់ និងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានការតែងតាំងចំនួន ៤៧នាក់ផងដែរ។ ក្នុងចំណោមទីប្រឹក្សា ដែលតែងតាំងទាំងនោះក៏មានអ្នកមកពីស្ថាប័នសារព័ត៌មានមួយចំនួនដែរ ដូចជាមកពីទូរទស្សន៍បាយ័ន របស់កូនស្រីលោក ហ៊ុន សែន ទូរទស្សន៍ស៊ីធីអិន (CTN) របស់ឧកញ៉ា គិត ម៉េង កាសែត ខ្មែរ ថាមស៍ និងកាសែត ភ្នំពេញប៉ុស្តិ៍ ជាដើម។ លើសពីនេះទៀត មនុស្សដែលទទួលបានតែងតាំងមួយចំនួន ត្រូវបានគេដឹងថា ជាមនុស្សស្និទ្ធស្នាល និងតែងតែដើរផឹកស៊ីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និង ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មានមួយចំនួនទៀត។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ក៏ជំរុញឱ្យមានការស៊ើបអង្កេត ចំពោះការចោទប្រកាន់អំពីភាពមិនប្រក្រតីនេះដែរ ដើម្បីបញ្ជៀសការរិះគន់។ លោកបន្តថា ស្ថាប័នរដ្ឋាភិបាល ល្មមដល់ពេលគិតគួរ និងពិនិត្យឱ្យបានច្បាស់លាស់ក្នុងការតែងតាំង និងផ្ដល់ឋានៈ ដល់មន្ត្រីក្នុងស្ថាប័ន ហើយត្រូវតែលុបបំបាត់បញ្ហាបក្ខពួកនិយម និងគ្រួសារនិយមតាមគ្រប់មន្ទីរ ស្ថាប័ន និងក្រសួង ព្រោះករណីនេះ ធ្វើឱ្យប៉ះពាល់ដំណើរការអនុវត្តច្បាប់ និងគោលនយោបាយ ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល៖ «គួរតែដំឡើងឋានៈបុណ្យស័ក្ដិដល់មន្ត្រីដែលមានសមត្ថភាព និងមន្ត្រីដែលទទួលបានការគោរពស្រលាញ់ក្នុងចំណោមមន្ត្រីដែលធ្វើការដូចគ្នាហើយកាលណា មានភាពស៊ីសង្វាក់គ្នាមានការគោរពគ្នា ធ្វើឱ្យកើតឡើងនូវប្រសិទ្ធភាពការងារដែរ»។
ទោះជាមិនទាន់មានការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅឡើយក្ដី ក៏កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ លោកបានសរសេរត្អូញត្អែរលើហ្វេសប៊ុកម្ដងថា មន្ត្រីក្នុងក្រសួងព័ត៌មានមួយចំនួន អសកម្មមិនឃើញមុខទៅធ្វើការងារទេ ប៉ុន្តែមានវត្តមានពេលបើកប្រាក់ខែ។ លោកថែមទាំងព្រមានបង្ហោះរូបមន្ត្រីអសកម្មទាំងនោះលើហ្វេសប៊ុកទៀតផង តែវិធានការរបស់លោកបានស្ងប់ស្ងាត់ទៅវិញ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ជាច្រើនលើក តែគ្មានអ្នកទទួលទូរស័ព្ទ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងដាច់អហង្ការថា មិនឱ្យមានករណីក្រុមគ្រួសារនិយមនៅក្នុងស្ថាប័នតែមួយនោះឡើយ។ ក៏ប៉ុន្តែស្ថានភាពជាក់ស្ដែងវិញ គឺស្ទើរគ្រប់ស្ថាប័នរដ្ឋទាំងអស់កំពុងតែចាក់ស្រេះដោយបញ្ហាគ្រួសារ ឬបក្ខពួកនិយមនេះ៕
កំណត់សម្គាល់៖ យើងខ្ញុំសូមអភ័យទោសចំពោះការភាន់ច្រឡំ ឈ្មោះ និងតួនាទីរបស់ឈ្មោះ ឈុំ សុជាតិ។ យើងខ្ញុំសូមកែតម្រូវឈ្មោះ និងតួនាទី ឈុំ សុជាតិ ក្នុងសេចក្ដីរាយការណ៍នេះ ជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យនៃក្រសួងព័ត៌មាន គឺមិនមែនលោក ឈុំ សុជាត នាយឧត្ដមសេនីយ៍ និងអ្នកនាំពាក្យក្រសួងការពារជាតិទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។