ឪពុក​លោក ស៊ន តារា ប្ដឹង​សា​ទុក្ខ​ទៅ​តុលាការ​កំពូល​សុំ​នៅ​ក្រៅ​ឃុំ

0:00 / 0:00

ឪពុក​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទាមទារ​ឱ្យ​ដោះលែង​រូបលោក។ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ចាត់​ទុក​ក្ដីក្ដាំ​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​នយោបាយ ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ដោះលែង​លោក សុខ ស៊ុនណារ៉េត ដែល​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​ឱ្យ​មាន​សេរីភាព​វិញ។

ក្រោយ​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ដូចៗ គ្នា​ឱ្យ​លោក សុខ ស៊ុនណារ៉េត បន្ត​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​បាន​ដាក់​ពាក្យ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​បដិសេធ​ដីកា​ឃុំ​ខ្លួន​របស់​តុលាការ​ថ្នាក់ក្រោម។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​លោក សុខ ស៊ុនណារ៉េត ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ ដោយសារ​បញ្ហា​សុខភាព ហើយ​មក​ដល់​ពេល​នេះ​គាត់​នៅតែ​អះអាង​ទៅ​តុលាការ តាមរយៈ​ពាក្យ​បណ្ដឹង​ថា គាត់​ជា​មន្ត្រី​យោធា​ម្នាក់​ដែល​ស្អាតស្អំ ដោយ​មិន​បាន​រក្សា​ទុក​សារធាតុ​ញៀន​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​នោះ​ទេ។

លោក យិន ម៉េងលី៖ «អ្វី​ដែល​ជា​ការ​អះអាង​របស់​គាត់​នៅ​ដដែល ដូច​នៅ​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​ពាក់ព័ន្ធ​រឿង​ថា គាត់​មិន​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​ដូច​ការ​ចោទ​ប្រកាន់​ទេ អ៊ីចឹង​គាត់​អត់​ព្រម​ទទួលស្គាល់​ទេ គាត់​អត់​សារភាព​ទេ ពាក់ព័ន្ធ​បញ្ហា​ទាំងអស់​ហ្នឹង»។

ចំណែក​កូន​ប្រុស​របស់​លោក សុខ ស៊ុនណារ៉េត ម្នាក់​នៅ​ប្រទេស​កម្ពុជា ប្រាប់​វិទ្យុ​អាស៊ី​សេរី សុំ​មិន​បញ្ចេញ​ឈ្មោះ​និង​សំឡេង​ថា ការ​ប្ដឹង​នេះ ជា​ការ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ។ លោក​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​លោក សុខ ស៊ុនណារ៉េត ដែល​កំពុង​ជាប់ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​មាន​បញ្ហា​សុខភាព​ដូចជា រលាក​ចម្រុះ ឧស្សាហ៍​ក្អក ជាពិសេស នៅ​ពេល​អាកាសធាតុ​ត្រជាក់ គាត់​តែងតែ​ឈឺចាប់​ត្រង់​ជង្គង់​ដែល​គ្រូពេទ្យ​វះកាត់​កន្លងមក។

បើ​តាម​លិខិត​ណាត់​ជួប​ចេញ​ដោយ​មន្ទីរពេទ្យ​ជូឡាឡុងកន (Chulalongkorn) នៅ​ទីក្រុង​បាងកក ប្រទេសថៃ (Thailand) ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន គឺ​លោក សុខ ស៊ុនណារ៉េត ត្រូវ​ជួប​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ នៅ​ដើម​មេសា​ខាងមុខ​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល​អ្នកស្រី ម៉ៅ ធីតា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ ខែមករា។

អត្ថបទ​ដែល​ទាក់ទង៖

ជុំវិញ​រឿង​នេះ លោក យិន ម៉េងលី បញ្ជាក់​ថា បើ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង​ជន​ជាប់​ឃុំ​មាន​ទីលំនៅ​ពិតប្រាកដ ជា​អតីត​យោធិន​មាន​ស្នាដៃ​ចំពោះ​ជាតិ​មាតុភូមិ ហើយ​គាត់​មាន​វ័យ​ចាស់​ជរា ជា​ជន​ពិការ​មាន​ជំងឺ ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ​ជំនាញ​ជាចាំបាច់​ទៀត​នោះ លោក​សង្ឃឹម​ថា​តុលាការ​កំពូល​ពិចារណា​ក្នុង​ការ​ដោះ​លែង លោក សុខ ស៊ុនណារ៉េត ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ពេល​សវនាការ​ខាងមុខ។ ផ្ទុយ​ទៅ​វិញ លោក​យល់​ថា ការ​បន្ត​ឃុំខ្លួន​លោក សុខ ស៊ុនណារ៉េត ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ជា​រឿង​នយោបាយ​បែប​នេះ​នឹង​មិន​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល ឬ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។

លោក យិន ម៉េងលី៖ «រឿង​នេះ​វា​អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ត្រង់​ហ្នឹង​ហើយ​យើង​ទទូច​ជំហាន​ទី​ស្នើ​សុំ​ឱ្យ​ដោះ​លែង​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន ទម្រាំ​ដល់​ពេល​​សវនាការ​លើ​អង្គហេតុ បន្ទាប់​មក​ទៀត​យើង​សុំ​ឱ្យ​ទម្លាក់​បទ​ចោទ​ទៅលើ​គាត់​តែ​ម្ដង ហើយ​មិន​ត្រឹមតែ​ករណី​លោក សុខ ស៊ុនណារ៉េត ទេ យើង​ចង់​ឱ្យ​បើក​លំហ​សេរីភាព​នយោបាយ បញ្ចេញមតិ​នៅ​ឆ្នាំ២០២៥ នេះ»។

កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា កង​រាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន​លោក សុខ ស៊ុនណារ៉េត អំឡុង​ពេល​មេបញ្ជាការ​ភូមិភាគ ៣ បាន​ហៅ​ឱ្យ​លោក​ទៅ​ជួប។ តុលាការ​ខេត្តកំពង់ស្ពឺ បាន​ចោទ​ប្រកាន់​លោក ពាក់ព័ន្ធ​ការ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នេះ។ ប៉ុន្តែ​លោក សុខ ស៊ុណារ៉េត បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ តាំង​ពី​ដំបូង​រហូត​ដល់​ចាប់​ខ្លួន និង​មិន​ពាក់ព័ន្ធ​អង្គហេតុ​ចោទប្រកាន់​នោះ​ឡើយ។

គណបក្ស​ប្រឆាំង អ្នក​ឃ្លាំមើល​ចាត់​ទុក​សំណុំរឿង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ គាបសង្កត់​ឆ្លងដែន ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រើ​លេស​ចាប់​លោក សុខ ស៊ុនណារ៉េត ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​គោលដៅ​ដាក់​សម្ពាធ​លើ​លោក ស៊ន តារា ពីព្រោះ​កាល​កន្លង​មក លោក ហ៊ុន សែន អូសទាញ​លោក ស៊ន តារា ឱ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង​មិន​បាន​ដូច​បំណង។ ពួក​គាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក សុខ ស៊ុនណារ៉េត ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។