អ្នកវិភាគគាំទ្រគំនិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលថ្លែងលែងឲ្យតម្លៃជំនួយបរទេសរបស់សហរដ្ឋអាមេរិក។ ការលើកឡើងដូចនេះរបស់អ្នកវិភាគ ក្រោយពីលោក ហ៊ុន សែន ថ្លែងថា បើទោះជាសហរដ្ឋអាមេរិក កាត់ជំនួយទាំងអស់មកកម្ពុជា ក៏កម្ពុជា គ្មានបញ្ហានោះឡើយ។
ទោះជាយ៉ាងណា អ្នកវិភាគថាបើរដ្ឋាភិបាលកម្ពុជា ថ្លែងមិនឲ្យតម្លៃជំនួយរបស់សហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាលអាងមានជំនួយសន្ធឹកសន្ធាប់ពីចិន នោះ វាគឺជាគ្រោះថ្នាក់ខ្លាំងសម្រាប់កម្ពុជា ទៅវិញទេ។
ការលើកឡើងរបស់អ្នកវិភាគក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងរបៀបឌឺដងទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលប្រកាសមិនផ្តល់ជំនួយស្ទើរទាំងស្រុងដល់ប្រទេសមួយចំនួនលើពិភពលោក ក្នុងនោះក៏មានកម្ពុជា មួយផងដែរ។
លោក ហ៊ុន សែន ថ្លែងថា បើទោះជាសហរដ្ឋអាមេរិក កាត់ជំនួយ ១០០ភាគរយមកឲ្យកម្ពុជា ក៏កម្ពុជា គ្មានបញ្ហានោះដែរ។ ប៉ុន្តែលោកថា ការកាត់បន្ថយជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិកនេះ គឺដោយសារតែរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវការលុយសម្រាប់សហរដ្ឋអាមេរិក៖ « ខ្ញុំនិយាយរឿងមួយ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ពេលនោះខ្ញុំនិយាយនៅខ្សាច់កណ្ដាល ក្រោយការបោះឆ្នោត ៣ថ្ងៃ។ ខ្ញុំថាបើអាមេរិកកាត់ៗទៅ កុំនិយាយច្រើនពេក ហើយអ្នកដែលងាប់ មិនមែនប្រជាជនខ្មែរទេ ងាប់អ្នកណាដែលធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាលអាមេរិក ងាប់ទាំងអស់ មិនមែនងាប់ខ្ញុំទេ »។
ទោះជាយ៉ាងណា លោក ហ៊ុន សែន និយាយការពារពីរឿងដែលលោកតែងបញ្ឈឺចិត្តសហរដ្ឋអាមេរិក ពីការកាត់ជំនួយនេះ ដោយលោកថាបើសហរដ្ឋអាមេរិក ខ្លួនឯង មិននិយាយពីរឿងកាត់ជំនួយមកកម្ពុជា នោះទេ លោកក៏មិននិយាយដល់រឿងនេះដែរ។
ក្នុងពេលដែលលោក ហ៊ុន សែន និយាយក្នុងន័យឌឺដងហាក់មិនត្រូវការជំនួយរបស់សហរដ្ឋអាមេរិកនេះ ចំណែករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ក្នុងជំនួបជាមួយលោក ផាតទ្រិក មឺហ្វី (Patrick Murphy) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅភ្នំពេញកាលពីចុងខែមេសា ដែលពេលនោះលោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថាន ការដោះមីន ការទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន ការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ការលើកកម្ពស់សមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ព្រមទាំងការសម្រេចរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦ ផ្តល់ដល់កម្ពុជា នូវការលើកលែងពន្ធចំពោះមុខទំនិញសម្រាប់ធ្វើដំណើរចំនួន ២៧ប្រភេទដែលផលិតនៅកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងថា កាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជា ប្រមាណ ៧៨លានដុល្លារអាមេរិក។ បច្ចុប្បន្ន ចិន កំពុងនាំមុខប្រទេសដទៃទៀតក្នុងការផ្តល់ជំនួយមកកម្ពុជា។
បញ្ហាជំនួយបរទេសនេះ ត្រូវបានប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ មើលឃើញថា វាគួរដល់ពេលដែលកម្ពុជា ពង្រឹងខ្លួនឯងឲ្យរឹងមាំទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដើម្បីកុំឲ្យប្រទេសមួយនេះបន្តរស់ពឹងផ្អែកលើជំនួយបរទេសដូចពេលបច្ចុប្បន្ន មិនថាជំនួយនោះមកពីសហរដ្ឋអាមេរិក ចិន ឬប្រទេសណាផ្សេងទៀតឡើយ។
បើទោះជាគាំទ្រគំនិតរបស់លោក ហ៊ុន សែន មិនឲ្យតម្លៃជំនួយមកពីសហរដ្ឋអាមេរិកក្តី តែលោកថា បើការថ្លែងនេះដោយសារតែលោក ហ៊ុន សែន អាងមានប្រទេសចិន នៅពីក្រោយរង់ចាំផ្តល់ជំនួយនោះ វាគឺជាគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់កម្ពុជា ទៅវិញទេ។ ផ្ទុយទៅវិញលោកថា បើកម្ពុជា នៅតែពឹងផ្អែកលើជំនួយគេទេ លោកយល់ថាកម្ពុជា គួរពឹងផ្អែកឲ្យបានច្រើនប្រទេស ដើម្បីកុំឲ្យប្រទេសណាមួយមានឥទ្ធិពលលើប្រទេសកម្ពុជា ខ្លាំងពេក៖ « បើសិនជាគាត់គិតថាការឈប់យកជំនួយ ឬការឈប់ពឹងផ្អែកជំនួយពីសហរដ្ឋអាមេរិក ដោយសារមានចិន វាគឺជាគ្រោះថ្នាក់មួយធំមែនទែន ដោយសារតែយើងពឹងផ្អែកលើគេដដែល ដោយគ្រាន់តែយើងដូរពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត។ យើងនៅតែចូលស៊ង បើមិនចូលស៊ងប្រទេសមួយ ក៏ចូលស៊ងប្រទេសមួយទៀតដដែល។ ខ្ញុំមើលទៅនៅតែជាការធ្វើនយោបាយទីពឹងផ្ដេកផ្ដួល មិនអាចជ្រោមជ្រែងខ្លួនឯងបាន »។
លោក អ៊ូ វីរៈ ថ្លែងថា ក្នុងកាលៈទេសៈនេះ កម្ពុជា មានសមត្ថភាពក្នុងការពង្រឹងខ្លួនឯងដោយមិនចាំបាច់រស់ពឹងលើជំនួយបរទេស។ ដើម្បីធ្វើដូចនេះបាន លោកថាទាល់តែកម្ពុជា មានស្ថិរភាពនយោបាយប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដ បញ្ឈប់ការហែកហួរគ្នា លុបបំបាត់អំពើពុករលួយ និងការិយាធិបតេយ្យ ពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធមានភ្លើង ផ្លូវ និងទឹក ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។