អាជ្ញាធររាជធានីភ្នំពេញបានបង្ក្រាបលើក្រុមស្រ្តីថ្ងៃសុក្រជាង ១០នាក់ ដែលបន្តនាំគ្នាតវ៉ា និងដាក់ញត្តិជូនស្ថានទូតអាមេរិក ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងសមាជិកគ្រួសាររបស់ពួកគេ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សជឿថា ការតស៊ូដាក់ញត្តិរបស់ក្រុមស្ត្រីទាំងនេះ នឹងធ្វើឲ្យស្ថានទូតប្រទេសប្រជាធិបតេយ្យទាំងអស់ កាន់តែឈឺឆ្អាលចំពោះភាពអយុត្តិធម៌របស់ពួកគាត់ និងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលបន្ថែមទៀត។
ក្រុមស្ត្រីថ្ងៃសុក្ រដែលជាប្រពន្ធ និងកូនៗ របស់សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់បាននាំគ្នាតវ៉ា និងដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ដើម្បីស្នើអន្តរាគមន៍ដោះលែងអ្នកជំនាញផ្នែកច្បាប់ និងកិច្ចការអន្តរជាតិកញ្ញា សេង ធារី ព្រមទាំងសមាជិកគ្រួសារពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
តំណាងស្ត្រីថ្ងៃសុក្រ ដែលជាប្រពន្ធមន្ត្រីគណបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីក្រោយដាក់ញត្តិថា មន្ត្រីស្ថានទូតពីរនាក់បានចេញមកទទួលញត្តិ ដោយសន្យាថា នឹងពិនិត្យមើលញត្តិរបស់ពួកលោកស្រី ហើយដាក់ជូនទៅថ្នាក់លើបន្តទៀត។ លោក ព្រុំ ចាន់ថា បញ្ជាក់ថា មូលហេតុ ដែលក្រុមស្រ្តីបន្តចេញដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យដោយសារពួកលោកស្រីគ្មានជំនឿលើប្រព័ន្ធតុលាការ ដែលស្ថិតក្រោមសម្ពាធរបស់គណបក្សកាន់អំណាច ដូច្នេះលោកស្រីសង្ឃឹមថា រដ្ឋាភិបាលអាមេរិក ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនឹងដាក់សម្ពាធនានាលើរដ្ឋាភិបាលកម្ពុជា ដើម្បីដោះលែងអ្នកជាប់ឃុំក្នុងសំណុំរឿងនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ៖ « ប្រទេសកម្ពុជាអត់មានច្បាប់ត្រឹមត្រូវ ព្រោះច្បាប់មានតែលើមាត់ ដោយមិនអាចយករដ្ឋធម្មនុញ្ញដែលចែងយកមកប្រើបានទេ ដោយរើសអើង បក្ខពួកនិយម ដូចជាប្រព័ន្ធតុលាការស្ថិតក្រោមការបញ្ជារបស់អ្នកនយោបាយទាំងអស់ តើឱ្យខ្ញុំរំពឹងអ្វី អ៊ីចឹងខ្ញុំអត់រំពឹងលើប្រព័ន្ធតុលាការទេ ដូច្នេះហើយបានជាខ្ញុំមករកស្ថានទូតប្រទេសប្រជាធិបតេយ្យទាំងអស់ដែលពួកគាត់មានប្រជាធិបតេយ្យពិតប្រាកដ»។
សកម្មភាពតវ៉ាដោយសន្តិវិធី និងស្របតាមច្បាប់របស់ក្រុមស្ត្រីថ្ងៃសុក្រនៅមុខស្ថានទូតអាមេរិកពេលនេះ មិនខុសពីលើកមុនៗ នោះដែរ មានអាជ្ញាធរចម្រុះប្រមាណ ៣០នាក់ តាមចាប់អូសទាញបំបែក និងប្រើហិង្សាដោយបណ្ដាលឱ្យស្ត្រី ២នាក់រងបួសធ្ងន់។
សមាជិកស្ត្រីថ្ងៃសុក្រដែលទទួលរងនូវអំពើហិង្សាពីសំណាក់អាជ្ញាធរខណ្ឌដូនពេញ គឺកញ្ញា ផាន សាត ថ្កោលទោសចំពោះក្រុមសន្តិសុខតាមធ្វើទុក្ខបុកម្នេញ និងរំលោភបំពានសិទ្ធិ ដែលតវ៉ាដោយសន្តិវិធីរបស់កញ្ញានៅមុខស្ថានទូតអាមេរិក។ កញ្ញា ផាន សាត ឱ្យដឹងថា អាជ្ញាធរស្លៀកពាក់ឯកសណ្ឋានជាច្រើននាក់បានហាមឃាត់មិនឱ្យលើបដារូបថត ប្រើពាក្យសម្ដីម៉ាកងាយ និងប្រើអំពើហិង្សាលើស្ត្រីទន់ខ្សោយ ដោយក្នុងនោះកញ្ញាត្រូវបានអាជ្ញាធរខណ្ឌម្នាក់រុញច្រាន និងអុកមួយជង្គង់ចំចុងដង្ហើមបណ្ដាលឱ្យដួលបោកនឹងថ្ម និងរងរបួសធ្ងន់នៅនឹងកន្លែង។ កញ្ញាចាត់ទុកអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខពេលនេះ គឺជារឿងឈឺចាប់បំផុត និងមិនអាចទទួលបានឡើយ៖ « កាន់រូបថតដាក់ថាដោះលែងកញ្ញា សេង ធារី តែប៉ុណ្ណឹង គាត់ ( អាជ្ញាធរ ) មកឆក់ អូស ឡើងជង្គង់ដាក់ពួកខ្ញុំ ដូចខ្ញុំនឹងមិនមែនជាមនុស្សទេ និយាយទៅគ្រប់រូបភាពអាក្រក់ ដែលពួកខ្ញុំជាប្រជាពលរដ្ឋខ្មែរមិនអាចទទួលបានទេ។ ខ្ញុំថ្កោលទោសតែម្ដងដោយមិនត្រូវប្រើហិង្សាលើពួកខ្ញុំដូចសត្វធាតុ ធ្វើអ៊ីចឹងអត់ត្រូវទេ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថាលោកមិនអាចបញ្ជាក់ជុំវិញករណីហិង្សាលើកអ្នកតវ៉ានៅមុខស្ថានទូតអាមេរិកបានទេ ដោយលើកហេតុផលថា ស្ថាប័នរបស់លោកពុំទទួលបន្ទុកគ្រប់រឿងនោះទេ ហើយលោករុញឱ្យទៅសួរអាជ្ញាធរមូលដ្ឋានវិញ៖ « រឿងមួយរយជំពូកយើងមកសួរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ទេ យើងមិនទទួលបន្ទុកការងារទាំងអស់ឯណា គេមានការបែងចែកការទទួលខុសត្រូវផ្សេងៗ គ្នា អ៊ីចឹងសូមសួរបញ្ជាក់ឱ្យបានច្បាស់ទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អធិការនគរបាលខណ្ឌដូនពេញលោក ទៀង ច័ន្ទសារ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីបញ្ជាក់ជុំវិញរឿងបានទេ នៅថ្ងៃទី២៩ ខែកក្កដា។
ទោះយ៉ាងណាក្រុមស្ត្រីថ្ងៃសុក្រអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សាជាបន្ទាន់លើអ្នកប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងតវ៉ាដែលធានាដោយច្បាប់។ ទន្ទឹមនឹងនេះពួកគេស្នើដល់រដ្ឋាភិបាលអប់រំក្រុមសន្តិសុខទាំងនោះ អនុវត្តតួនាទីរបស់ខ្លួន ដោយផ្អែកលើក្រមសីលធម៌ និងច្បាប់ឱ្យបានត្រឹមត្រូវឡើងវិញ។
រយៈពេលជាង២ឆ្នាំមកនេះ ក្រុមស្រ្តីថ្ងៃសុក្រចេញដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អូស្រ្តាលីជាដើម ដោយសារពួកគេគ្មានជំនឿលើស្ថាប័នតុលាការ។ ពួកគាត់ថាសកម្មភាពទាំងនោះបានបង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិ ឃើញកាន់តែច្បាស់អំពើទង្វើអាក្រក់របស់រដ្ឋាភិបាលដែលពូកែខាងរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។ ម្យ៉ាងទៀតពួកគាត់ប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារដែលកំពុងជាប់ឃុំដោយមិនរាថយនោះទេ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថាសកម្មភាពតវ៉ា និងដាក់ញត្តិដោយអហិង្សារបស់ក្រុមស្រ្តីថ្ងៃសុក្រ ដើម្បីស្វែងរកយុត្តិធម៌ឱ្យសមាជិកគ្រួសារពួកគេ គឺជាការប្រើប្រាស់សិទ្ធិស្របច្បាប់ ដោយអាជ្ញាធរមិនគួរតាមរំខាន និងធ្វើទុក្ខបុកម្នេញលើពួកគេនោះទេ។ លោក នី សុខា មើលឃើញថាញត្តិរបស់ក្រុមស្ត្រីធ្វើឡើង ចំពេលអាមេរិកធ្វើច្បាប់ដាក់ទណ្ឌកម្ម ខណៈរដ្ឋាភិបាលត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ លោកយល់ថាសំណើរបស់ពួកគេនឹងមានប្រសិទ្ធិភាព ព្រោះអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់ មិនឈរឱបដៃមើលអំពើអយុត្តិធម៌របស់ពួកគាត់ឡើយ។ ទោះយ៉ាងណាក្ដី លោកស្នើឱ្យអ្នកនយោបាយមកពីគ្រប់ភាគីចូលតុចរចាឱ្យបានឆាប់ដោយឈរលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់វិបត្តិនយោបាយ និងបញ្ចៀសនូវទណ្ឌកម្មនានាពីសហគមន៍អន្តរជាតិ៖ « យើងតែងតែទទូចឱ្យរដ្ឋាភិបាលដែលកំពុងដឹកនាំងាកធ្វើការចរចា ផ្សះផ្សាខាងផ្លូវនយោបាយ ទាន់ពេលវេលាយើងសមល្មមអាចចរចាបានក្នុងកម្រិតមួយ ដើម្បីឈានទៅរៀបចំការបោះឆ្នោត ការបង្ហាញជំហរនៃការរៀបចំការបោះឆ្នោតមួយដែលគេអាចទទួលយកបាន ខ្ញុំគិតថា គឺជាការប្រសើរសម្រាប់កម្ពុជាទៅថ្ងៃអនាគតបាន»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំងជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិនយោបាយរបស់ពួកគាត់។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរ ចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការ បានចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ថ្មីៗ នេះ តុលាការបានផ្ដន្ទាទោសពួកគេជាបន្តបន្ទាប់ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំទៅ ៧ឆ្នាំ។ ប៉ុន្តែសកម្មជននយោបាយខ្លះ តម្រូវឲ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ ដោយទោសនៅសល់ត្រូវព្យួរ។ ទន្ទឹមនឹងនេះ ក្នុងចំណោមអ្នកទាំងនោះមួយចំនួន គឺតុលាការពុំទាន់យកទៅជំនុំជម្រះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។