លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា សន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់លោកគ្មានគណបក្សនយោបាយណាមួយយកឈ្នះលើលោកនិងគណបក្សប្រជាជនកម្ពុជាដើម្បីឈានទៅដឹកនាំប្រទេសបានទេ។ ប៉ុន្តែមន្រ្តីគណបក្សប្រឆាំងថាការគ្រប់គ្រងអំណាចជិត៤០ឆ្នាំមកនោះគឺដោយសារលោក ហ៊ុន សែន ពូកែខាងដឹកនាំបែបផ្តាច់ការរំលោភបំពានសិទ្ធិពលរដ្ឋជាពិសេសបំបិទសំឡេងប្រឆាំង។
លោក ហ៊ុន សែន ក្រៅពីលើកឡើងនូវគុណសម្បត្តិនិងវាយប្រហារលើដៃគូប្រកួតប្រជែងនយោបាយនៅលើវេទិកានោះលោកក៏ឆ្លៀតឃោសនារកសំឡេងឆ្នោតមុនរដូវកាលដែរដោយលោកអំពាវនាវឱ្យពលរដ្ឋខ្មែរទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខដើម្បីបន្តដឹកនាំប្រទេសតទៅទៀត។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ នាថ្ងៃទី០២ ខែមករា លោក ហ៊ុន សែន អះអាងថា រយៈពេលជាង៤០ឆ្នាំមកនេះពុំទាន់មានគណបក្សនយោបាយណាមួយជំនួសកន្លែងគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេពីព្រោះក្រោមការដឹកនាំរបស់លោកបាននាំឱ្យប្រទេសមានសុខសន្តិភាពស្ថិរភាពនយោបាយនិងរួមសុខទុក្ខជាមួយប្រជាជន។ ជាមួយគ្នានេះ លោក ហ៊ុន សែន លើកឡើងថា ក្រុមគណបក្សប្រឆាំងដែលចង់ផ្លាស់ប្តូរលោកមិនទាន់ជាដៃគូប្រជែងយកអំណាចជាមួយលោកនិងគណបក្សប្រជាជននោះទេហើយពួកគេក៏គ្មានឱកាសដឹកនាំប្រទេសទៅថ្ងៃមុខដែរ។ លោក ហ៊ុន សែន បន្តព្រមាននឹងចាត់វិធានការកម្ទេចក្រុមមនុស្សទាំងឡាយណាដែលលោកចោទថា ជាក្រុមអ្នកបំផ្លាញសន្តិភាព៖
«មូលហេតុនៃការសប្បាយគឺអ្វី?គឺសន្តិភាពហើយសន្តិភាពនោះហើយនាំដល់ការអភិវឌ្ឍការរីកចម្រើនដល់ប្រទេសជាតិបើទោះបីយើងមានប្រាក់តិចតួចក៏ប៉ុន្តែដោយសារមានសន្តិភាពយើងអាចមានការសប្បាយរីករាយបាននោះហើយជាកិច្ចការដែលយើងត្រូវបំពេញដើម្បីរក្សាសន្តិភាពនេះឱ្យខានតែបាន។យើងមិនត្រូវមើលស្រាលទេ ពីព្រោះអ្នកដែលចង់ប្លន់និងបំផ្លាញសន្តិភាពនៅមាននៅឡើយហើយយើងក៏មិនទុកឱ្យគេធ្វើអ្វីស្រេចតែចិត្តនោះដែរវិធានការត្រូវប្រកាន់យកដោយតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពនេះឱ្យបាន»។
លោក ហ៊ុន សែន ត្រូវបានកងទ័ពវៀតណាមលើកបន្តុបឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ហើយបានបន្តស្ថិតក្នុងតួនាទីនេះរហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណាលោកអាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជិត៤០ឆ្នាំមកនេះមិនមែនដោយសារពលរដ្ឋគាំទ្រទាំងស្រុងនោះទេប៉ុន្តែគឺដោយសារការធ្វើរដ្ឋប្រហារការបង្ក្រាបសំឡេងប្រឆាំងនិងរបៀបដឹកនាំបែបផ្តាច់ការរបស់លោក។ជាក់ស្តែងកាលពីចុងឆ្នាំ២០១៧តុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិហើយក្រសោបយកអាសនៈពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានទៅចែកគ្នាកាន់កាប់ព្រមទាំងបំបិទសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន១១៨នាក់ថែមទៀត។គណបក្សប្រជាជនកម្ពុជាបានប្រមូលយកអាសនៈទាំងស្រុងចំនួន១២៥អាសនៈមកកាន់កាប់តែម្នាក់ឯង នៅឆ្នាំ២០១៨ ដែលធ្វើឱ្យកម្ពុជាក្លាយជារបបឯកបក្សប្រាសចាករដ្ឋធម្មនុញ្ញ។
ឆ្លើយតបរឿងនេះមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្រ្ទ ចាត់ទុកសម្តីរបស់លោក ហ៊ុន សែន គឺជាសារនយោបាយភូតកុហកបំភ័ន្តមតិមហាជននិងមិនឆ្លុះបញ្ចាំងការពិតក្នុងសង្គមពីព្រោះលោក ហ៊ុន សែន នៅតែភ័យខ្លាចស្រមោលរបស់គណបក្សប្រឆាំង។ លោកអះអាងថា អំណាចដែលលោក ហ៊ុន សែន ក្តោបក្តាប់បម្រុងផ្ទេរតវង្សត្រកូលរហូតដល់សព្វថ្ងៃនេះដោយសារតែអំពើទុច្ចរិតអំណាចផ្តាច់ការការរំលោភបំពានសិទ្ធិពលរដ្ឋជាពិសេសការបង្ក្រាបសំឡេងប្រឆាំងជាដើម។ លោកជំរុញឱ្យលោក ហ៊ុន សែន បង្ហាញភាពក្លាហ៊ានដូចការលើកឡើងដោយត្រូវស្តារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សព្រមទាំងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ៖
«គាត់(លោក ហ៊ុន សែន)ធ្វើបាបប្រជាពលរដ្ឋច្រើនណាស់ជាពិសេសទង្វើទាំងប៉ុន្មានគាត់ធ្វើឱ្យពលរដ្ឋរងទុក្ខវេទនាហើយថាសន្តិភាពតែសន្តិភាពហ្នឹងសន្តិភាពផ្នូរខ្មោចគាត់និយាយនេះថា សន្តិភាពតែគំរាមកំហែងប្រជាពលរដ្ឋអ៊ីចឹងសូមឱ្យលោកហ៊ុន សែនប្រកួតប្រជែងមែនពិតដោយប្រកួតប្រជែងយុត្តិធម៌និងសូមឱ្យលោកសម រង្ស៊ីនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រឡប់ទៅកម្ពុជាវិញនឹងឃើញជាក់ស្តែងហើយ។យើងឃើញជាក់ស្តែងហើយបើគាត់មិនខ្លាចមិចគាត់រំលាយគណបក្សសង្គ្រោះជាតិនិយាយឱ្យចំកុំកុហកគេពីព្រោះពលរដ្ឋឃើញច្បាស់មែនហើយសូម្បីគណបក្សប្រជាជនខ្លួនឯងក៏ដឹងពីកម្លាំងរបស់គណបក្សប្រឆាំងដែរ»។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី ថា លោកមិនចំឡែកការណ៍ដែលលោក ហ៊ុន សែន អួតអាងអំពីស្នាដៃនិងសមត្ថភាពដឹកនាំពេលនេះប៉ុន្តែសង្គមប្រជាធិបតេយ្យមេដឹកនាំត្រូវជ្រើសរើសដោយពលរដ្ឋហើយទម្លាក់ដោយពលរដ្ឋ។ យ៉ាងណាលោកមើលឃើញថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកតែងរងការរិះគន់ពីមតិជាតិនិងអន្តរជាតិថា មិនត្រឹមត្រូវ។ បណ្ឌិត សេង សារី យល់ថា ដើម្បីដឹងច្បាស់ថា គណបក្សកាន់អំណាចឬគណបក្សនយោបាយផ្សេងទទួលបានការគាំទ្រច្រើនឬអត់នោះគឺត្រូវផ្តល់សិទ្ធិឱ្យពលរដ្ឋជាអ្នកជ្រើសរើសដោយសេរីធានាឯករាជ្យភាពស្ថាប័នបោះឆ្នោតនិងផ្តល់ភាពយុត្តិធម៌សម្រាប់គូប្រកួតប្រជែងស្របតាមគោលការណ៍ប្រជាធិបតេយ្យ៖
«អ្វីដែលសំខាន់នោះគណបក្សកាន់អំណាចដើម្បីវាស់វែងឱ្យដឹងថា ពលរដ្ឋគាំទ្រឬមិនគាំទ្រគណបក្សផ្សេងឬគណបក្សខ្លួនមានសមត្ថភាពដឹកនាំឬគ្មានសមត្ថភាពដឹកនាំត្រូវផ្តល់ឱកាសឱ្យពលរដ្ឋជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តនិងចូលចិត្ត។ខ្ញុំគិតថាការធានាឱ្យស្ថាប័នបោះឆ្នោតឱ្យមានភាពឯករាជ្យត្រឹមត្រូវ តម្លាភាព យុត្តិធម៌នេះគឺជារឿងសំខាន់ដែលរដ្ឋាភិបាលត្រូវធានាដើម្បីធ្វើមិចឱ្យការបោះឆ្នោតអាចទទួលយកបាននៅពេលខាងមុខបាទ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថាក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះលោក ហ៊ុន សែន គឺជាមេដឹកនាំដែលកាន់អំណាចបានយូរតាមរយៈការប្រើប្រាស់អំពើហិង្សាការគាបសង្កត់ការបន្លំការបោះឆ្នោតការប្រព្រឹត្តអំពើពុករលួយនិងការគាំទ្រពីរដ្ឋាភិបាលវៀតណាម។ យុទ្ធសាស្ត្រដែលលោក ហ៊ុន សែន ចូលចិត្តប្រើនោះគឺការសម្លាប់មនុស្សក្រៅច្បាប់ការធ្វើទារុណកម្មការចាប់ឃុំខ្លួនតាមអំពើចិត្តការបំបិទសេរីភាពជួបជុំនិងការប្រមូលផ្តុំជាដើម។
អ្នកឃ្លាំមើលបញ្ហាសង្គមតែងលើកឡើងថាស្នាដៃលេចធ្លោនិងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំងនិងបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈរដែលធ្វើឱ្យលោកនិងគណបក្សប្រជាជននៅតែបន្តគ្រប់គ្រងអំណាច។ ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទើបសហគមន៍ជាតិនិងអន្តរជាតិព្រមទាំងប្រទេសប្រជាធិបតេយ្យមិនឱ្យតម្លៃនិងជាប់ឈ្មោះអាក្រក់លើឆាកអន្តរជាតិខាងពូកែរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។