ក្រុមគ្រួសារលោក លិម គិមយ៉ា អំពាវនាវឱ្យអ្នកប្រជាធិបតេយ្យបន្តតស៊ូទៀត ដើម្បីទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលលោក លិម គិមយ៉ា ចង់ឃើញក្នុងមួយជីវិតរបស់លោក។
ក្រុមគ្រួសារអតីតតំណាងរាស្ត្រខេត្តកំពង់ធំ លោក លិម គិមយ៉ា លើកឡើងថា មរណភាពរបស់លោក លិម គិមយ៉ា ដែលជាមនុស្សម្នាក់ ស្មោះត្រង់ និងមានគុណ ធម៌ ត្រូវបានគេធ្វើឃាត ដោយសារតែសកម្មភាពស្នេហាជាតិ ជំហរប្រជាធិបតេយ្យ ស្មារតីសុចរិត និងគោលការណ៍យុត្តិធម៌របស់លោក។
ពួកគាត់សង្ឃឹមថា ឧត្ដមគតិ ប្រកបដោយសុភវិនិច្ឆ័យ និងការប្ដេជ្ញាចិត្តរបស់លោក លិម គិមយ៉ា បានដិតជាប់ក្នុងដួងចិត្តខ្មែរ ដើម្បីបន្តការតស៊ូរកយុត្តិធម៌ និងសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងលិខិតថ្លែងអំណរគុណដែលគ្រួសារលោក លិម គិមយ៉ា ផ្ញើទៅកាន់ព្រះសង្ឃ និងពលរដ្ឋខ្មែរ ដែលគោរពស្រឡាញ់ និងចូលរួម រំលែកមរណទុក្ខជាមួយក្រុមគ្រួសារចាប់តាំងពីពេលលោក លិម គិមយ៉ា ត្រូវបាន ឃាតករបាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា នៅទីក្រុងបាងកក (Bangkok) មក។
ប្រធានគណៈកម្មការនាយក នៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកុម្ភៈ ថា ការសម្លាប់ លោក លិម គិមយ៉ា គឺជាការប្រមាថប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតគាំទ្រ គណបក្សសង្គ្រោះជាតិ និងរូបលោកឱ្យធ្វើជាតំណាងរាស្ត្រកន្លងមក។ ដូច្នេះលោក ថា សកម្មភាពទាមទារយុត្តិធម៌ជូនលោក លិម គិមយ៉ា និងអ្នកធ្វើពលិកម្មដើម្បី ជាតិជាច្រើនរូបទៀត ដូចជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម ដែលត្រូវបានគេសម្លាប់ នៅក្រោមរបបដឹកនាំរបស់រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តធ្វើយ៉ាងសកម្ម ដរាបណាអ្នកនៅពីក្រោយនៃអំពើឃាតកម្មទាំងនេះ បន្តនៅក្រៅសំណាញ់ច្បាប់នៅឡើយ។
លោក ម៉ាត់ វណ្ណី៖ «ខ្ញុំថា មិនមែនជារឿងគ្រួសារ លិម គិមយ៉ា តែម្នាក់ទេ ប៉ុន្តែជារឿងរបស់ប្រជាពលរដ្ឋជារួម។ដូច្នេះការទាមទាររកយុត្តិធម៌ជូនលោក លិម គិមយ៉ា ហ្នឹង យើងធ្វើ គឺត្រូវហើយ យើងបន្តធ្វើទាមទាររកយុត្តិធម៌។ ការរកយុត្តិធម៌បាន លុះត្រាតែចាប់អ្នកដែលបញ្ជានៅពីក្រោយ និងទប់ស្កាត់កុំឱ្យឃាតកម្មនឹងកើតលើអ្នកដទៃទៀត។ អាហ្នឹងគេហៅថា រកយុត្តិធម៌ និងបញ្ចប់អំពើនិទ្ទណ្ឌភាពហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល ជាតិលោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី០៩ ខែកុម្ភៈ។
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ធំ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី៧ ខែមករា ក្នុងពេលលោកធ្វើដំណើរពីខេត្តសៀមរាបមកទីក្រុងបាងកក តាមរថយន្តក្រុងជាមួយ ភរិយារបស់លោក។
មកដល់ពេលនេះ សមត្ថកិច្ចថៃបានបង្ហាញមុខបុគ្គលពាក់ព័ន្ធ ៤នាក់ ក្នុងអំពើ ឃាតកម្មសម្លាប់លោក លិម គិមយ៉ា។ បុគ្គលទាំង៤នាក់រួមមានខ្មាន់កាំភ្លើង ជនជាតិថៃឈ្មោះអេកាឡាក់ ផែណយ (EkkalakPhaenoi)អ្នកបើកឡានជនជាតិ ថៃឈ្មោះ ឆាឃីត ប៊ួប្លី(Chakit Buaplee) ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា អ្នកឱ្យតម្រុយជាជនជាតិខ្មែរឈ្មោះ ពេជ្រ គឹមស្រ៊ិន និងជនជាតិខ្មែរ ម្នាក់ទៀតជាទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី រតនរស្មី ដែលជាប់ចោទជាអ្នកបញ្ជាខ្មាន់កាំភ្លើងឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា។
ជនជាតិខ្មែរលោក ពេជ្រ គឹមស្រ៊ិន និងលោក លី រតនរស្មី ត្រូវបានតុលាការព្រហ្មទណ្ឌថៃចេញដីកាចាប់ខ្លួនរួចហើយ ខណៈដែលប៉ូលិសអន្តរជាតិអាំងទែប៉ូលក៏បានចេញនិវេទន៍ក្រហមស្វែងរកចាប់ខ្លួនដែរ។ ប៉ុន្តែរយៈពេលជាងមួយខែនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅមិនទាន់បានបង្ហាញប្រតិបត្តិការ តាមចាប់ជនសង្ស័យទាំងពីរនាក់ បញ្ជូនឱ្យតុលាការថៃអនុវត្តដំណើរការក្ដីឡើយ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៩ ខែកុម្ភៈថា សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅតែបន្តស្មារតីរួម ក្នុងការទាមទារឱ្យមានការស៊ើបអង្កេតពេញលេញ និងផ្ដល់យុត្តិធម៌ពិតប្រាកដជូន លោក លិម គិមយ៉ា។ លោកថា សហគមន៍ខ្មែរមិនសុខចិត្តទេ ហើយនៅតែតាម ដាន និងបន្តជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី យកចិត្តទុកដាក់ករណីឃាតកម្មនេះ។
លោក តាក់ ម៉េងហ៊ាង៖ «រដ្ឋាភិបាលអូស្ត្រាលីក៏បានលើកឡើងថា នឹងតាមដាននឹងយកចិត្តទុកដាក់ ទាក់ទងជាមួយនឹងដីកា ឬមួយនឹងដីកាកោះ ឱ្យនាំខ្លួនដូចដែលបាន ចេញដោយអាជ្ញាធរថៃ នៅពេលកន្លងទៅនេះ។ ដូច្នេះ សហគមន៍នៅតែបន្តយកចិត្តទុកដាក់ ចំពោះរឿងនេះ ហើយយើងរងចាំមើលទាំងអស់គ្នាថា តើចំណាត់ការ ឬមួយដំណឹងរកមុខយុត្តិធម៌ពិតប្រាកដហ្នឹង យ៉ាងដូចម្ដេច ប៉ុន្តែជាជំហានដំបូង គឺដូចដែលបានជម្រាបអ៊ីចឹង គឺយើងបានជម្រាបទៅដល់រដ្ឋាភិបាលអូស្ត្រាលី ថា សហគមន៍ខ្មែរ គឺយើងមិនសុខចិត្តទេ»។
ទាក់ទងឃាតកម្មលើលោក លិម គិមយ៉ា នេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលីអ្នកស្រី ខារ៉ូលីន លីង (Caroline Linke) លើកឡើងជាការឆ្លើយតប នឹងសំណើរបស់សហគមន៍ខ្មែរថា រដ្ឋាភិបាលអូស្ត្រាលី គាំទ្រឱ្យមានការស៊ើបអង្កេតដោយតម្លាភាព និងទាន់ពេលវេលាករណីឃាតកម្មនេះ ហើយរដ្ឋាភិបាលអូស្ត្រាលី កំពុងបន្តតាមដានការវិវត្តន៍យ៉ាងដិតដល់ រួមទាំងបទចោទប្រកាន់ និងដីកាតាមចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធក្នុងអំពើឃាតកម្មលើលោក លិម គិមយ៉ា ដែលចេញដោយអាជ្ញាធរថៃ។
មកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ធ្វើសកម្មភាពសកម្មក្នុងការ ធ្វើពិធីរំឭកអំពីពលិកម្មរបស់លោក លិម គិមយ៉ា និងប្រមូលផ្ដុំគ្នាទាមទារយុត្តិធម៌ ជូនលោកជាពិសេសយុទ្ធនាការនៃការជំរុញឱ្យភាគីបារាំង លូកដៃឱ្យកាន់តែជ្រៅ ក្នុងការស៊ើបអង្កេតសំណុំរឿងឃាតកម្មដ៏កក្រើកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។