ក្រសួង​ការពារ​ជាតិ​គ្រោង​ជ្រើសរើស​ទាហាន​បន្ថែម

0:00 / 0:00

ក្រសួង​ការពារជាតិ គ្រោង​ជ្រើសរើស​ទាហាន​បន្ថែម​នៅ​ចុង​ឆ្នាំ​២០១៤ នេះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កាល​ពី​ចុង​សប្ដាហ៍​នេះ បញ្ជាក់​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​យោធា​នៅ​ខេត្ត​កំពង់ស្ពឺ​ថា ទាហាន​ដែល​ត្រូវ​ជ្រើសតាំង​នឹង​ក្លាយ​ជា​កម្លាំង​ស្នូល​ដើម្បី​ការពារ​ជាតិ ព្រមទាំង​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​បាតុកម្ម​អនាធិបតេយ្យ​ជាដើម។

ក្រសួង​ការពារ​ជាតិ​ជាតិ នឹង​រៀបចំ​សំណើ​ជ្រើសរើស​ទា​ហា​ថ្មី​ដាក់​ទៅ​ក្នុង​ច្បាប់​ថវិកា​ជាតិ​ដែល​រដ្ឋ​សភា​គ្រោង​នឹង​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ​ចំនួន​ទាហាន​ដែល​ត្រូវ​រើស​មាន​ប៉ុន្មាន​នោះ មិន​ទាន់​ដឹង​នៅ​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៤​នេះ មាន​ព្រឹត្តិការណ៍​ជា​ច្រើន ដែល​កងទ័ព​កម្ពុជា បាន​ប្រឈមមុខ ហើយ​ព្រឹត្តិការណ៍​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ ជា​ការ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។ ការ​កើន​ឡើង​នៃ​ចលនា​បាតុកម្ម ឬ​កូដកម្ម​ក៏​ជា​កាលៈទេសៈ​ដែល​ក្រសួង​ការពារជាតិ ត្រូវ​បន្ថែម​ចំនួន​កងទ័ព​ដែរ។

លោក​បន្ត​ថា សភាពការណ៍​នៅ​កម្ពុជា ស្ងប់ស្ងាត់​នៅ​ពេល​ដែល​បក្ស​ប្រឆាំង​ចូល​សភា ប៉ុន្តែ​យោធា​ត្រូវតែ​ត្រៀម​ជានិច្ច​ដើម្បី​ចូល​រួម​សហការ រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម។ លោក​រំពឹង​ថា សភា​នឹង​ឯកភាព​យល់​ព្រម​ក្នុង​ការ​បង្កើន​ចំនួន​កងទ័ព​នេះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​តាមដាន​ត្រួត​ពិនិត្យ​ច្បាប់​ថវិកា​ជាតិ​ឲ្យ​បាន​ដិតដល់​បំផុត ព្រោះ​ថវិកា​ជាតិ​ទាំង​អស់​បាន​មក​ពី​កម្លាំង​ញើស​ឈាម​របស់​ពលរដ្ឋ។

លោក​បន្ត​ថា លោក​មិនទាន់​ទទួល​ដំណឹង​ថា ក្រសួង​ការពារ​ជាតិ​នឹង​ជ្រើសតាំង​កងទ័ព​ប៉ុន្មាន​ឡើយ ប៉ុន្តែ​លោក​គិត​ថា វិស័យ​ដែល​អាទិភាព​សម្រាប់​កម្ពុជា នៅ​ពេល​នេះ ជា​វិស័យ​អប់រំ​និង​សុខាភិបាល។លោក​បញ្ជាក់​ថា តាម​ច្បាប់ មន្ត្រី​នគរបាល និង​អាវុធហត្ថ​ជា​អ្នក​ថែ​រក្ស​សន្តិសុខ​ផ្ទៃក្នុង ហើយ​ទាហាន​មិន​គួរ​ណា​យក​មក​ប្រើ​ដើម្បី​បង្ក្រាប​បាតុកម្ម​ឡើយ៖ «សំឡេង»។

​កាល​ពី​ដើម​ខែ​មករា កងទ័ព​ពិសេស​ឆ័ត្រ​យោង ៩១១ បាន​បើក​យុទ្ធនាការ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​នៅ​រោងចក្រ​យ៉ាកជីន នៅ​កំបូល ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ។ ក្រុម​ទ័ព​ពិសេស​ទាំង​នោះ​បាន​ប្រើ​ដំបង​ឈើ ចម្ពាម​កៅស៊ូ វាយ​បាញ់​បង្ក្រាប​កម្មករ​និង​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ​មួយ​ចំនួន​ដាក់​គុក​ទៀត​ផង។ កងទ័ព​ពិសេស ក៏​បាន​ចេញ​ប្រតិបត្តិ​ការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ហើយ​បាញ់​សម្លាប់​អ្នក​តវ៉ា ៥​នាក់ និង​បាញ់​ឲ្យ​របួស​ជិត ៤០​នាក់​ផ្សេង​ទៀត។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ធ្លាប់​រិះគន់​ជាច្រើន​ដង​ច្រើន​សា​ថា កងទ័ព​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ដែរ។

សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៤ ដែល​មាន​ចំណាយ​សរុប​ចំនួន​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង ១៣,១% ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣។ ក្នុង​នោះ ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​បង្កើន​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ ចំនួន ១៧%។ សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ បង្ហាញ​ថា ចំណាយ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​បែងចែក​ទៅ​ក្រសួង​ការពារ​ជាតិ ចំនួន​ជិត ៣០០​លាន​ដុល្លារ និង​ក្រសួង​មហាផ្ទៃ សន្តិសុខ​សាធារណៈ ចំនួន​ជិត ២០០​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។