មន្ត្រី​បក្ស​ប្រឆាំង​ថា មិន​មាន​សមាជិក​នៅ​មូលដ្ឋាន​រាប់​រយ​នាក់​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទេ

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា មិន​មាន​សមាជិក​របស់​ខ្លួន​នៅ​មូលដ្ឋាន​រាប់​រយ​នាក់ ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទេ​។ ការ​លើកឡើង​នេះ ក្រោយ​ពេល​ដែល​អភិបាល​ខេត្ត និង​មន្ត្រី​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​ការ​ចុះ​ជួប​ពលរដ្ឋ និង​អូសទាញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ដើម្បី​បង្ហាញ​ការ​គាំទ្រ​នៅ​កៀក​ការ​បោះឆ្នោត​ពាក់​កណ្ដាល​ឆ្នាំ​២០២២។

ក្រុម​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សមាជិក ឬ​សកម្មជន​បក្ស​ប្រឆាំង​ភាគច្រើន មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណា​ផ្សេង​ឡើយ ក្រៅពី​​គណបក្ស​ភ្លើងទៀន​។ ពួកគេ​រក្សា​ជំហរ​បន្ត​ឆន្ទៈ​ពលរដ្ឋ ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​មក​វិញ។

តំណាង​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ធំ​លោក ថោង វិបុលសុខុម ឲ្យ​ដឹង​ថា មាន​អតីត​សកម្មជន​បក្ស​ប្រឆាំង​តិចតួច​ប៉ុណ្ណោះ ដែល​រង​ការ​គាបសង្កត់​ធ្ងន់ធ្ងរ រង​ការ​គំរាមកំហែង និង​ចាញ់​បញ្ឆោត​ការ​ញុះញង់ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​មាន​ទៀត​ទេ ព្រោះ​សកម្មជន​ទាំងអស់​ហាក់​ស៊ាំ បែរ​លែង​ខ្លាច​ការ​គំរាមកំហែង​ទាំងអស់​នោះ​ទៀត​ហើយ។

លោក​បន្ត​ថា បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន​ខេត្តកំពង់ធំ កំពុង​រៀបចំ​រចនាសម្ព័ន្ធ​បាន​ស្ទើរតែ​ទាំងស្រុង​ហើយ ខណៈ​អតីត​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត ដែល​រ​ត់​ទៅ​ជ្រកកោន​បណ្ដោះអាសន្ន​ក្នុង​បក្ស​តួចៗ​មួយ​ចំនួន​ទៀត ក៏បាន​ត្រឡប់​មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​វិញ​ដែរ៖ «អ្នក​ដែល​ទៅ​ហ្នឹង​មួយ ឬ​ពីរ​ហ្នឹង​ ! កន្លែង​ខ្លះ​គេ​ទៅ​ដល់​ជាប់​ចិត្ត​នៅ​ហ្នឹង​ទៅ គេ​អត់​បាន​មកវិញ​ទៅ មិន​ដឹង​ធ្វើ​ម្ដេច​ ! យើង​មិន​ហ៊ាន​បង្ខំ​គេ​ដែរ​។ តែ​អ្នក​ដែល​នៅ​ហ្នឹង នៅ​ច្រើនណាស់ ខាង​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​។ ឈាមជ័រ​សែស្រឡាយ​មក​ពី​គណបក្ស​សង្គ្រោះជាតិ គណបក្ស​សម រង្ស៊ី ហ្នឹង កម្លាំង​អត់​ទាន់​ទៅណា​ទេ នៅ​ពេញ​តែម្ដង»។

ការ​លើកឡើង​នេះ​ក្រោយពេល​ប្រព័ន្ធ​ឃោសនា​របស់​បក្ស​កាន់អំណាច​ចុះផ្សាយ​ជា​បន្តបន្ទាប់​ថា មន្ត្រី​ចុះ​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អភិបាលខេត្ត​មួយចំនួន បាន​អូសទាញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្សនយោបាយ​ផ្សេងទៀត​នៅ​តាម​មូលដ្ឋាន ឲ្យ​ចូលរួម​ជាមួយ​បក្ស​កាន់អំណាច​រាប់រយ​នាក់ ក្នុង​មួយ​ឃុំៗ​។ ក្នុង​នោះ​ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​សមាជិក សមាជិកា​គណបក្សប្រឆាំង​ជិត​បី​រយ (២៧០)​នាក់ ត្រូវ​បាន​សាខា​បក្ស​កាន់អំណាច​ឃុំ​ធ្វើ​ពិធី​បញ្ជូន​ជា​សមាជិក​នៅ​ថ្ងៃទី​២៧ កុម្ភៈ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ក៏បាន​ធ្វើ​ពិធី​ប្រកាស​សមាជិក​បក្ស​ប្រឆាំង និង​បក្ស​ផ្សេងទៀត សរុប​ជាង​មួយរយ (១០២)​នាក់ នៅ​ឃុំ​ទួលសាលា ស្រុក​បរសេដ្ឋ បញ្ជូន​ជា​សមាជិក​បក្ស​កាន់អំណាច​ដែរ កាលពី​ថ្ងៃទី​២១ កុម្ភៈ​។ ចំណែក​ក្រុម​តំណាងរាស្ត្រ មន្ត្រី​ចុះ​ពង្រឹង​មូលដ្ឋាន និង​ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ខិតខំ​ខ្លាំង​ដែរ ក្នុង​ការងារ​នេះ។

ជុំវិញ​រឿង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ការពារ​សកម្មភាព​គ្នីគ្នា​របស់​លោក​ថា ជា​សកម្មភាព​ត្រឹមត្រូវ ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​អ្វី​ឡើយ​។ លោក សុខ ឥសាន អះអាង​ថា គណបក្សកាន់អំណាច​មិនបាន​បំផ្លើស​តួលេខ​សមាជិក ឬ​សកម្មជន​បក្ស​ប្រឆាំង​ដែល​បាន​មក​ចូលរួម​ជាមួយ​បក្ស​កាន់អំណាច​នោះ​ទេ ហើយ​ការចូលរួម​ទាំងអស់ ដោយ​ការ​ស្ម័គ្រចិត្ត៖ «មនុស្ស​រាប់​រយ​ឲ្យ​ទៅ​គំរាមកំហែង​ឲ្យ​គេ​ចុះចូល​យ៉ាង​ម្ដេច​ ? គេ​បោះឆ្នោត​ឲ្យ​យើង​ឬអ្វី​ ? បើ​ការបោះឆ្នោត​ជា​សម្ងាត់ ហើយ​បើ​គំរាមកំហែង​គេ​ឲ្យ​គេ​ចុះចូល សួរ​ថា​តើ​ទុកចិត្ត​ថា គេ​បោះឆ្នោត​ឲ្យ​យើង​ទេ បើ​ទទួល​ការ​គំរាមកំហែង​អ៊ីចឹង​។ ដូច្នេះ​ការ​គំរាមកំហែង​នេះ វា​អត់​ឡូហ្សិក​ទេ»។

ទោះជា​យ៉ាងណា ក្រុម​អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា នៅ​កៀក​រដូវ​កាល​បោះឆ្នោត​ម្ដងៗ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ប្រើ​ស្នៀត​ចែក​សារ៉ុង ចែក​ប៊ីចេង ការទិញ​ទឹកចិត្ត ការ​គំរាមកំហែង ដើម្បី​បង្ហាញថា សមាជិក​ប្រឆាំង​ច្រើន​បាន​ចូលរួម​ជាមួយ​បក្ស​កាន់អំណាច។

អ្នក​សិក្សា​ផ្នែក​ច្បាប់​យុវជន ឃី ពិសី យល់​ថា យុទ្ធសាស្ត្រ​ចាស់​គំរឹល​របស់​បក្ស​កាន់​អំណាច មិនអាច​មិនអាច​បញ្ឆោត​ពលរដ្ឋ​បាន​ទៀត​ទេ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ យុវជន​រូប​នេះ បន្ត​ថា ពលរដ្ឋ​ខ្លះទៀត មិន​ទាំង​ដឹង​ថា​ខ្លួនឯង​ជា​សមាជិក​បក្ស​កាន់អំណាច​ផង​សព្វថ្ងៃ​នេះ ព្រោះ​មេភូមិ មេឃុំ​ខ្លះ​បាន​បញ្ជូន​ឈ្មោះ​ពួកគេ​ចូល​ជា​សមាជិក​បក្ស​កាន់អំណាច​រួច​អស់​ទៅ​ហើយ​។ ប៉ុន្តែ​គណបក្សកាន់អំណាច​មាន​តែ​តួលេខ​ទេ ព្រោះថា តាមរយៈ​ការបោះឆ្នោត​កន្លងមក គណបក្សកាន់អំណាច​មិនអាច​ទទួល​បាន​សន្លឹក​ឆ្នោត​គ្រប់​ចំនួន​សមាជិក​របស់​ខ្លួន​ទេ៖ «សមាជិក​ដែល​គាត់​លើកឡើង​ថា មាន​ការ​ចុះចូល​ច្រើន មានការ​ចូលរួម​ជីវភាព​នយោបាយ​ច្រើន​ហ្នឹង យើង​រង់​ចាំ​មើល​លទ្ធផល​ក្រោយ​ការបោះឆ្នោត​ថា តើ​ក្រោយ​ការបោះឆ្នោត​ហើយ​សមាជិក​ដែល​គាត់​ធ្លាប់​បាន​ប្រកាស​ទូទាំង​២៥​ខេត្ត​ក្រុង និង​សមាជិក​ថ្មី​ហ្នឹង វា​សមាមាត្រ​គ្នា​ដែរ​ឬ​អត់ ?»។

គណបក្ស​ប្រជាជន​កម្ពុជា រង​ការរិះគន់​យូរ​មក​ហើយ​ថា តែងតែ​បង្ខំ​តប​ង្ខំ ឬ​គាបសង្កត់​តាំងពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច រហូត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចុះចូល​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​តំណែង និង​បញ្ឈប់​ការ​យាយី​ផ្នែក​នយោបាយ​។ មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន បាន​បង្គាប់​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល ត្រូវ​ទៅ​ស្បថ​លើ​ព្រះវិហារ​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ចំពោះ​បក្ស​។ ទោះជា​បែបនេះ​ក្តី ការបោះឆ្នោត​ដែល​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​កន្លងមក បាន​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក ហ៊ុន សែន ថយ​ចុះ​សំឡេងឆ្នោត​គាំទ្រ​ជា​គំហុក​ស្ទើរ​តែ​ចាញ់​ការបោះឆ្នោត ដែល​អ្នកឃ្លាំមើល​យល់​ថា ជា​មូលហេតុ​នាំ​រដ្ឋាភិបាល លោក ហ៊ុន សែន រំលាយ​បក្ស​ប្រឆាំង​ចោល ដើម្បី​ធានា​ជ័យជំនះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ក្រោយៗ​មក​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។