មន្ត្រី​ពន្ធនាគារ​បញ្ជូន​កញ្ញា សេង ធារី ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ក្នុង​ពេល​កញ្ញា​ធ្វើ​កូដកម្ម​អត់​អាហារ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង

0:00 / 0:00

[អាន​អត្ថបទ​ជា ​ភាសា​អង់គ្លេស]

មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​កញ្ញា សេង ធារី ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​រុស្សី​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ធ្នូ ក្នុង​ពេល​ដែល​កញ្ញា​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ ទាមទារ​តុលា​ការឱ្យដោះលែង​កញ្ញា​អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​មក​ហើយ។ ជា​មួយ​គ្នា​នេះ​ សាលាឧទ្ធរណ៍​ភ្នំពេញ ក៏​សម្រេច​ពលើក​ពេល​ជំនុំជម្រះ​ក្ដី​លើ​សំណុំ​រឿង​ក្បត់ជាតិ​របស់​កញ្ញា​ និង​មន្ត្រី​បក្ស​ប្រឆាំង ២នាក់​ទៀត​ ទៅ​ពេល​ក្រោយ​ ដោយសារ​កញ្ញា សេង ធារី មាន​បញ្ហា​សុខភាព។

សុខភាព​របស់​​មេធាវី​ខ្មែរ​អាម៉េរិកាំង និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​គឺ​កញ្ញា​ សេង ធារី​ មិន​ទាន់​បាន​ប្រសើរ​​ឡើងវិញ​នៅ​ឡើយ​ទេ ​​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៣ ធ្នូ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ​ លោក នុត សវនា​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​​​ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​សុខភាព​របស់​កញ្ញា សេង ធារី រក​ឃើញ​ថា សុខភាព​របស់​កញ្ញា​ចុះ​ខ្សោយ​ដោយសារ​ការ​បង្អត់​អាហារ​ច្រើន​​ថ្ងៃ​ជាប់ៗ ​គ្នា​។​ លោក​បន្ត​ថា គ្រូ​ពេទ្យ​នៅ​តែ​បន្ត​តាមដាន​សុខភាព​កញ្ញា​នៅ​មន្ទីរពេទ្យ​រុស្សី​​នៅ​ឡើយ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៣​ ធ្នូ។

លោក នុត សវនា​៖ «យើង​គ្រាន់​តែ​ទុក​គាត់​នៅ​ក្នុង​ពេទ្យ​ ដើម្បី​ស្រួល​មាន​ការ​សង្គ្រោះ​បន្ទាន់​អី​នៅ​ក្នុង​ពេទ្យ​វា​ស្រួល​មិន​បាច់​ដឹក​គាត់​ចុះ​ឡើង​ទេ។ យើង​បន្ត​តាមដាន​វាយ​តម្លៃ​ពី​ស្ថានភាព​សុខភាព​គាត់​ជា​ប្រចាំ ហើយ​បើ​សិន​ជា​មាន​ករណី​ណា​អាច​ឈាន​ដល់​ធំដុំ​អា​ហ្នឹង​ ពេទ្យ​គេ​នៅ​ហ្នឹង​ស្រាប់​»។

​កញ្ញា សេង ធារី កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈ​ពេល ១០ថ្ងៃ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ចាប់​ពី​ថ្ងៃ​ទី៧ ទៅ​ដល់​ថ្ងៃ​ទី១៦ ធ្នូ ដើម្បី​ទាមទារ​ឱ្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ផ្ដល់​សេរីភាព​ដល់​កញ្ញា​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​ពេទ្យ​រុស្សី លោក ងី ម៉េង ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​ជំងឺ​របស់​កញ្ញា សេង ធារី​​ បាន​ទេ​ នៅ​ថ្ងៃ​ទី​១៣ ​ធ្នូ។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ​គឺ​លោក​ សំ ចំរើន​ ក៏វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​​ទង​បាន​ដែរ​។​

​​​​ទោះ​ជា​យ៉ាង​​សន្តិសុខ​នៅ​មន្ទីរ​ពេទ្យ​រុស្សី ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ​និង​សំឡេង​ថា ​មន្ត្រី​ពន្ធនាគារ​បាន​ដឹក​កញ្ញា សេង ធារី ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​ តាំង​ពី​ម៉ោង​​ ១១​ព្រឹក​ថ្ងៃ​ដដែល។

ការ​បញ្ជូន​កញ្ញា សេង​ ធារី ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​នេះ​ ធ្វើ​ឡើង​​ស្រប​ពេល​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​​នៃ​សាលាឧទ្ធរណ៍​​ភ្នំពេញ​លោក​ យ៉ុន ណារ៉ុង​ បាន​​លើក​ពេល​ជំនុំជម្រះ​ក្ដី​លើ​សំណុំ​រឿង​របស់​កញ្ញា សេង ធារី ទៅ​​ពេល​ក្រោយ​​ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោម​ហេតុ​ថា ដោយសារ​សកម្មជន​សិទ្ធិមនុស្ស និង​ជា​​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​រូប​នេះ​​មាន​សុខភាព​ទ្រុឌទ្រោម​​មិន​អាច​ជំនុំជម្រះ​បាន​ និង​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​។

​​ជា​មួយ​គ្នា​នេះ​​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ក៏​​ពន្យារ​ជំនុំជម្រះ​​ក្ដី​​លើ​សំណុំ​រឿង​របស់​មន្ត្រី​​គណបក្ស​​សង្គ្រោះ​ជាតិ​ ២​នាក់​ គឺ​លោក កាក់ កុម្ភារ និង​​លោក​ ហេង ច័ន្ទសុធី ទៅ​ថ្ងៃ​ក្រោយ​​ដែរ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​តំណាង​ការិយាល័យ​​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​ស្ថាន​ទូត​​សហរដ្ឋអាមេរិក​ និង​ទូត​​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ​ក៏​បាន​ទៅ​តុលាការ​ ដើម្បី​ត្រៀម​ឃ្លាំមើល​សវនាការ​នេះ​ដែរ។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ​ មាន​សាច់ញាតិ​ និង​អ្នក​គាំទ្រ​​កញ្ញា​ សេង ធារី ​ប្រមាណ​​ ១០​​នាក់​បាន​លើក​បដា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ កញ្ញា និង​​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពី​រនាក់​ឱ្យ​មាន​សេរីភាព​វិញ​។

ប្រពន្ធ​លោក ​កាក់ កុម្ភារ គឺ​លោក​ស្រី ព្រំ ចន្ថា ​ដែល​បាន​ចូល​​ស្ដាប់​សវនាការ​​ថ្លែង​ថា ​ភ្លាម​ៗ ​ក្រោយ​ពេល​​មន្ត្រី​តុលាការ​ប្រកាស​​ថា កញ្ញា សេង ធារី ​មាន​សុខភាព​ទ្រុឌទ្រោម​ ធ្វើ​ឱ្យ​មន្ត្រី​ទូត​បណ្ដាល​ប្រទេស​លោក​សេរី​​​ ដែល​​នៅ​ក្នុង​បន្ទប់​សវនាការ​​ភ្ញាក់​ផ្អើល ​ដែល​ហាក់​បារម្ភ​ពី​សុខភាព​របស់​កញ្ញា។

លោក​ស្រី ព្រំ ចន្ថា៖ «ដូច​ថា ​គាត់​ជា​សញ្ជាតិ​អាមេរិក​អីអ៊ីចឹង​ ទៅ​អម្បាញ់មិញ​​ ដូច​ថា​ អង្គ​ទូត​អឺរ៉ុប អាមេរិក​អី​គាត់​ចូល​ជា​ច្រើន​នាក់​។ គាត់​ចាប់​អារម្មណ៍​រឿង​នឹង​មែន​ទែន​ ដោយសារ​អវត្តមាន​កញ្ញា សេង ធារី។ អ៊ីចឹង​សាលាឧទ្ធរណ៍​បាន​​ប្រកាស​ពន្យារ​ ក៏​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​នាង​ខ្ញុំ​អត់​ចង់​ឱ្យ​ពន្យារ​ទេ ​ប៉ុន្តែ​ដោយសារ​សំណុំ​រឿង​គាត់​ជា​មួយ​គ្នា​»។

​ដោយឡែក​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក ​(Adhoc) លោក នី សុខា ​ដែល​បាន​ចូល​ស្ដាប់​​សវនាការ​ដែរនោះ មាន​ប្រសាសន៍​ថា សោក​ស្ដាយ​ដែល​​តុលាការ​​លើកពេល​ជំនុំជម្រះ​រឿង​ក្ដីក្ដាំ​នេះ​។ លោក​បញ្ជាក់​ថា ការ​លើក​នេះ ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ដំណើរ​ការ​ក្ដី​របស់​មន្ត្រី​បក្ស​ប្រឆាំង​ ២​នាក់​​ផ្សេង​ទៀត​ ដែល​បន្ត​អូស​បន្លាយ​ពេល​​ទៅ​មុខ ខណៈ​ដែល​ពួកគាត់​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​។

លោក នី សុខា៖ «អ្នក​ជាប់​ក្នុង​ពន្ធនាគារ​មួយ​ម៉ោង​ៗ​ មិន​មែន​ជា​រឿង​មួយ​ដែល​ស្រួល​ទេ ដូច្នេះ​អ្នក​នៅ​ក្នុង​ពន្ធនាគារ​ទាំង​ហ្នឹង​គាត់​ទន្ទឹង​ណាស់​ រង់ចាំ​យុត្តិធម៌​។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ រឿង​នេះ​វា​ជា​រឿង​មួយ ​​ដែល​គួរ​ឱ្យ​សោកស្ដាយ​ ហើយ​វា​ជា​រឿង​មួយ ​ដែល​វា​ប៉ះពាល់​ដែរ ដល់​មុខ​មាត់​រដ្ឋាភិបាល​ដែរ​ ព្រោះ​ថា ​ប្រសិន​ជា​អូស​បន្លាយ​ពេល​វេលា​ ហើយ​អ្នក​ជាប់​ឃុំ​បន្ត​ ហើយ​ចេះ​តែ​មាន​ការ​រិះគន់​បន្ត​បន្ទាប់​ពី​មតិ​ជាតិ ​និង​អន្តរជាតិ​ផ្សេងៗ​ អា​ហ្នឹង​វា​អាច​ធ្វើ​ឱ្យ​មុខ​រដ្ឋាភិបាល​កាន់​តែ​បន្ត​ប៉ះពាល់»។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​កញ្ញា​ឱ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ដោយ​ចោទ​ពី​បទ "រួមគំនិត​ក្បត់" ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ២០១៩។ មួយថ្ងៃ​បន្ទាប់​មក​តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា អាជ្ញាធរ​បាន​ផ្ទេរ​អ្នក​ជំនាញ​នយោបាយ​អន្តរជាតិ​រូប​នេះ​ទៅ​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក​ផ្ទួនៗ គ្នា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​នៅ​លើ​ទឹកដី​អាមេរិក។

​ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​លោក កាក់ កុម្ភារ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភា ​ឆ្នាំ​២០២០ និង​លោក​ ហេង ច័ន្ទ​សុធី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា ​ឆ្នាំ​២០២០​ ។ តុលាការ​បាន​ចោទប្រកាន់​ទាំង​ពីរ​​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជាអាទិ៍​ ពាក់ព័ន្ធ​នឹង​គម្រោង​​​វិល​ចូលស្រុក​វិញ ​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩​។

​កន្លង​ទៅ​​​អង្គការ​ជាតិ និង​អន្តរជាតិ​​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ​ និង​បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។