ព្រឹត្តិការណ៍ហ្គាំបល(GUMBALL 3000) ដែលមានរថយន្តទំនើប៣រយគ្រឿងជួបជុំគ្នាលើទឹកដីអង្គរ ខេត្តសៀមរាបកាលពីពេលថ្មីៗនេះ បានធ្វើឲ្យខេត្តទេសចរណ៍មួយនេះ មានសភាពអ៊ូអរ មួយដង្ហើមចង្រិត កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីវិស័យទេសចរណ៍នៅខេត្តនេះ មានសភាពស្ងាត់ជ្រងំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
រដ្ឋាភិបាលថា ព្រឹត្តិការណ៍នេះ នឹងនាំឲ្យបរទេសស្គាល់ពីកម្ពុជាកាន់តែច្រើន និងអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនថែមទៀត។ប៉ុន្តែប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមមិនរំពឹងយ៉ាងដូច្នេះឡើយ ផ្ទុយទៅវិញ ពួកគាត់យល់ថា ព្រឹត្តិការណ៍ហ្គាំបល(GUMBALL 3000) នេះ គឺជាការសប្បាយរីករាយ យកមុខយកមាត់ និងជាការសម្ញែងទ្រព្យសម្បត្តិ ដែលបានមកពីអំពើពុករលួយរបស់ក្រុមអ្នកមានលុយមានអំណាច ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលត្រកូលហ៊ុនតែប៉ុណ្ណោះ។ជាពិសេសព្រឹត្តិការណ៍នេះ គេហាក់នាំគ្នាសប្បាយលើគំនរទុក្ខ និងទឹកភ្នែករបស់អ្នកភូមិអង្គរជាច្រើនរយគ្រួសារ ដែលអាជ្ញាធរបានបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
ពលរដ្ឋដែលរុះរើផ្ទះសម្បែងចេញពីភូមិបុរាណនៅតំបន់អង្គរទាំងទឹកភ្នែកនោះ មានប្រមាណ៥ពាន់(៥០០០)គ្រួសារ ដោយតម្រូវឲ្យទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ឆ្ងាយដាច់ស្រយាលពីទីប្រជុំជន និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់។ពួកគាត់ក៏ត្រូវបង្ខំចិត្តសង់ជម្រកស្នាក់នៅបណ្ដោះអាសន្នដោយខ្លួនឯងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។