សាលា​ឧទ្ធរណ៍​ពន្យារពេល​ប្រកាស​សាលដីកា​សំណុំរឿង​ញុះញង់​យុវជន​សង្គម​និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខែក្រោយ

0:00 / 0:00

សាលា​ឧទ្ធរណ៍​​បើកសវនាការ​ករណី សកម្មជន​សង្គម និង​នយោបាយ​ដែល​ប្ដឹង​ស្នើ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ទម្លាក់​បទ​ចោទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​ញុះញង់ កាលពី​ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង មេដឹកនាំ​លោក រ៉ុង ឈុន ។ មន្ត្រី​សិទ្ធិមនុស្ស នៅតែ​ទុក​ការ​ទាមទារ​របស់​ក្រុម​យុវជន​ជា​សេរីភាព​បញ្ចេញមតិ និង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។

ក្រុម​យុវជន​អតីត​ខ្មែរ​ថាវរៈ ដែល​ធ្វើ​កិច្ចការ​ងារ​សង្គម មិន​រំពឹង​ថា សាលា​ឧទ្ធរណ៍​អាច​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ឡើយ ក្រោយពេល​ពួកគាត់ ចំនួន​០៩​នាក់ ដែល​រង​ការចោទប្រកាន់ ក្នុង​សំណុំរឿង​បទ​ញុះញង់ បាន​ចូល​បំភ្លឺ​នៅ សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​កក្កដា តាម​សាលដីកា​តុលាការ។

សវនាការ​នេះ តុលាការ​បាន​ផ្ទៀងផ្ទាត់​ចម្លើយ និង​ពិនិត្យ​សំណើ​របស់​ក្រុម​សកម្មជន ដើម្បី​ធ្វើការ​ពិចារណា​ថា​នឹង​ទម្លាក់​បទ​ចោទ​ឬ​បន្ត​ការចោទប្រកាន់​លើ​ក្រុម​យុវជន​តទៅទៀត​។ តុលាការ​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ឲ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លើកឡើង​ក្នុង​សវនាការ​ថា ការ​សួរដេញដោល​ពេល​នេះ​ដើម្បី​ឲ្យ​តុលាការ អាច​ចង់​ដឹង​ពី​ចម្លើយ​របស់​សកម្មជន​ពេលនេះ​ថា​នៅតែ ដូច​ទៅ​នឹង​ចម្លើយ​ក្នុង​របាយការណ៍​របស់​សាលាដំបូង​រាជធានី ភ្នំពេញ​ឬ​យ៉ាងណា​? ហើយ​តុលាការ​ក៏​ចង់​ដឹង​ថា ក្រុម​សកម្មជន នៅតែ​រក្សា​ចម្លើយ​ដដែល​ឬ​ចង់​ប្ដូរ​ចម្លើយ​។ លោក​ឲ្យ​ដឹង​ទៀត​ថា រូបលោក និង​យុវជន​ផ្សេងទៀត នៅតែ​រក្សា​ចម្លើយ​ដដែល គឺ​រក្ស​ជំហរ​ថា​អ្វី​ដែល​ពួកគេ​ធ្វើ មិនមែន​ជា​ការ​ព្រឹត្តិ​បទល្មើស​​៖ «ចម្លើយ​ដដែល​គឺ​ពួកយើង​ថា នៅតែ​ថា ពួក​យើង​ស្អាតស្អំ មិនបាន​ប្រព្រឹត្ត​បទល្មើស​ណា​វឹកវរ​ដល់​សន្តិសុខ​សង្គម​ព្រោះ​អត់​មាន​ព្យសនកម្ម​ណាមួយ​ច្បាស់លាស់»។

យុវជន​ម្នាក់ទៀត​ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ដែរ​នោះ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា យល់ថា សវនាការ​នេះ​គ្រាន់តែ​ជា​ឆាកល្ខោន ប៉ុណ្ណោះ​។ កញ្ញា មិន​រំពឹង​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​អាច​ផ្ដល់​យុត្តិធម៌​ដល់ក​ញ្ញា និង​យុវជន​ផ្សេងទៀត​នោះ​ទេ៖ «ខ្ញុំ​មិន​ពឹង គ្មាន​ជំនឿ ហើយក៏​មិន​មាន​សង្ឃឹម​អី​ដែរ​ទេ​ពង សម្រាប់​យុត្តិធម៌​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ព្រោះ​ជា​ល្ខោន​ដែល​គេ​រៀបចំ​ពី​កន្លងមក​មកដល់​បច្ចុប្បន្ន អ៊ីចឹង​ខ្ញុំ​អត់​មាន​ជំនឿ​ទេ»។

ចៅក្រម​សាលាដំបូង​រាជធានី ភ្នំពេញ លោក ទិត សុទ្ធី បូរ៉ាឆាត កាលពី​ខែតុលា ២០២១ បាន​ផ្ដន្ទាទោស​សកម្មជន​សង្គម​សរុប ១៤​នាក់ ឱ្យ​ជាប់ពន្ធនាគារ​ពី​២០​ខែ ទៅ​២​ឆ្នាំ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សង្គម ក្នុង​នោះ​មាន​យុវជន​ក្រុម​ខ្មែរ​ថាវរៈ យុវជន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។ ប៉ុន្តែ​ចៅក្រម​រូប​នេះ បាន​តម្រូវ​ឲ្យ​សកម្មជន​ទាំងនេះ ជាប់ពន្ធនាគារ​១៤​ខែ​ទៅ​១៥​ខែ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ​។ តុលាការ​ក៏បាន​ដាក់​ឲ្យ​ពួកគាត់​ដាក់​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​រយៈពេល​ពីរ​ឆ្នាំ​ទៀត។

តុលាការ​ចោទប្រកាន់​បែបនេះ​ព្រោះ​ពួកគេ​បាន​នាំគ្នា​ទៅ​ទាមទារ​មុខ​តុលាការក្រុង​ភ្នំពេញ​ឲ្យ​ដោះលែង​អ្នកការពារ​សិទ្ធិ​កម្មករ និង​ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន លោក រ៉ុង ឈុន ។ ទោះយ៉ាង​ណា​កាលពី​ចុងឆ្នាំ​២០២១ តុលាការ​បាន​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​នៅ​ឃុំ​បណ្ដោះអាសន្ន ។

មេធាវី​ការពារ​ការពារ​ក្ដី​ក្រុម​យុវជន លោក សំ ចំរើន លើកឡើង​ថា ការ​សម្រេច​ក្ដី​របស់​សាលាដំបូង​រាជធានី ភ្នំពេញ​កន្លងទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​កូនក្ដី​របស់​លោក​យ៉ាងធ្ងន់ធ្ងរ៖ « ខ្ញុំ​មិន​មាន​យោបល់​អី​ទេ គ្រាន់តែ​ខ្ញុំ​មាន​សង្ឃឹម យុត្តិធម៌​មាន​សារៈសំខាន់​សម្រាប់​ពួកគាត់​ខ្លាំង»។

អ្នកឃ្លាំមើល​តុលាការ​សង្កេត​ឃើញ​ថា ការ​ចោទប្រកាន់​របស់​តុលាការក្រុង​ភ្នំពេញ លើ​ក្រុម​សកម្មជន​សង្គម​និង​សកម្មជន​នយោបាយ គឺ​បទ​ចោទ​មាន​លក្ខណៈ​ខុសគ្នា​ពី​សកម្មភាព​របស់​ពួកគេ។

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​ទាមទារ​របស់​ក្រុម​យុវជន ជា​សិទ្ធិ​សេរីភាព នៃ​ការសម្ដែង​មតិ ដែល​មាន​ចែង​ក្នុង​ច្បាប់​។ លោក​បន្ត​ទៀត ទោះ​តុលាការ​ចោទប្រកាន់​ក្រុម​សកម្មជន​ថា បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​ស​ន្តិ​សង្គម​ក្ដី ប៉ុន្តែ ករណី​ជាក់ស្ដែង ការសម្ដែង​មតិ​នោះ មិន​ប៉ះពាល់​សង្គម​ដូច​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ៖ «ការ​កាត់ទោស​កន្លងមក​នៅ​សាលាដំបូង​រាជធានី ភ្នំពេញ គឺ​មាន​កា​រិះគន់​ជាច្រើន ខ្ញុំ​យល់​ថា កុំ​ឲ្យ​មានការ​រិះគន់​បន្ត​ទៅ​ទៀត ទៅលើ​ករណីនេះ​យើង​នៅតែ​សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​បដិសេធ​សាលក្រម​សាលាដំបូង ហើយ​ទម្លាក់​បទចោទប្រកាន់​ទៅលើ​យុវជន​ទាំងអស់​ហ្នឹង​ឲ្យ​មាន​សេរីភាព​ពេញ​លេញ»។

ក្រុម​យុវជន​រំពឹង​ថា ប្រសិនបើ​សាលាឧទ្ធរណ៍​សម្រេច​ក្ដី​ដោយ​យុត្តិធម៌ តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ពួកគេ ដើម្បី​អ្នក​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ជួយ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។