ជនជាតិដើមភាគតិចរស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បារម្ភពីសកម្មភាពកាប់ឈើមូលក្នុងបរិវេណព្រៃឡង់ដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech)។ អ្នកភូមិថា សកម្មភាពកាប់ឈើមានតម្លៃមានមុខកាត់ធំៗ ធ្វើឡើងចាប់ពីថ្ងៃទី២១ ធ្នូ រហូតបច្ចុប្បន្ន ពុំទាន់ឃើញមានការទប់ស្កាត់ពីអាជ្ញាធររដ្ឋាភិបាលឡើយ។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី២ មករា ថា គ្រឿងចក្របីគ្រឿងកំពុងប្រតិបត្តិការឈូសឆាយយកឈើមានតម្លៃនៅតំបន់ព្រៃឡង់ ឋិតនៅចំណុចអូរប្រធំ ស្រោបនាង និងចំណុចវាលរន្ទះ ឆ្ងាយពីទន្លេមេគង្គជិត ២០គីឡូម៉ែត្រ ហើយឈើទាំងនោះត្រូវគេដឹកអារច្រៀកនៅដេប៉ូអារឈើរបស់ក្រុមហ៊ុន ស៊ី បាយអូថេច រួចមានរថយន្តយីឌុបត្រៀមដឹកចេញក្រៅ ទំនងយកទៅប្រទេសវៀតណាម។
ជនជាតិដើមភាគតិចកួយ និងជាសមាជិកសហគមន៍ការពារព្រៃឡង់ខេត្តក្រចេះ លោក សំ ណូ អង្កេតឃើញថា ក្រុមហ៊ុន ស៊ី បាយអូថេច បានផ្អាកប្រតិបត្តិការកាប់ឈើមួយរយៈ ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ហើយមកទល់ពេលនេះ សកម្មភាពកាប់ឈើរបស់ក្រុមហ៊ុននេះ ធ្វើឡើងយ៉ាងគគ្រឹកគគ្រេងឋិតក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ និងឋិតក្នុងដែនជម្រកសត្វព្រៃនៅតំបន់នោះ។
លោកមានមន្ទិលថា កន្លងទៅរដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់ព្រៃឡង់ជាព្រៃអភិរក្ស ដែលមានក្រសួងបរិស្ថាន មានកាតព្វកិច្ចមើលការខុសត្រូវ ក៏ប៉ុន្តែការកាប់បំផ្លាញឈើមានតម្លៃដោយក្រុមហ៊ុនឯកជន និងឈ្មួញ នៅតែបន្តកើតមានដដែល៖ « ឥឡូវគាត់ធ្វើសកម្មភាព គាត់បិទច្រកចេញចូលទាំងអស់មិនឲ្យពលរដ្ឋចេញចូលតំបន់នោះទេ ។ វា កំពុងតែ សម្រុកយកឈើ អត់មានវ៉ៃធ្វើចម្ការទេ គឺវ៉ៃ អូសយកឈើ។ ដេប៉ូវាលេចក្បាលដេប៉ូ មិនដឹង ប៉ុន្មាន ម៉ែត្រគូប ទេ ច្រើនណាស់ »។

លោក សំ ណូ ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពកាប់ឈើតាមតម្លៃរបស់ក្រុមហ៊ុន ស៊ី បាយអូថេច ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដើម្បីសង្គ្រោះធម្មជាតិនៅតំបន់នោះ។ លោករំឭកថា កាលពីឆ្នាំ២០១៥ ដើមឈើទាល ឬដើមឈើផលិតជ័រទឹករាប់ពាន់ដើម ក្រុមហ៊ុនកាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេយកមកអារច្រៀកជាសសរផ្ទះក្នុងរោងអារឈើរបស់ក្រុមហ៊ុន ស៊ី បាយអូថេច ឋិតនៅឃុំកំពង់ចាម៖ « ខ្ញុំចង់ឲ្យរដ្ឋាភិបាលឈប់ផ្តល់ស្ថានីយស្ដារ ឡើងវិញ ស្ដារព្រៃចាស់ធំៗ ឈើទាល សុក្រំ ស្រឡៅ ដើម តាសេក សុទ្ធតែឈើលេខ១ កុំទៅ កាប់វាទៀត។ ទុកវាទៅ ! »។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech) លោក សុ ម៉េងធា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២ មករា។
មេឃុំបឹងចារ លោក ហ៊ុល សឿង មានប្រសាសន៍ថា អាជ្ញាធរឃុំពុំទាន់ទទួលដំណឹងនេះនៅឡើយទេ។ លោកបញ្ជាក់ថា អាជ្ញាធរឃុំនឹងរាយការណ៍ករណីនេះទៅថ្នាក់លើ និងអន្តរាគមន៍មន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ប្រសិនបើរកឃើញថា មានភាពមិនប្រក្រតីនៃការកាប់ឈើបែបអនាធិបតេយ្យនៅតំបន់នោះ៖ « ខ្ញុំក៏តេ ដែរ ដែលខ្ញុំនឹងជួយបើគាត់មិនតេទេ។ គាត់អាចពឹងមន្ត្រីអនុរក្សមន្ត្រីអី ហើយអាច ចាត់ការ ទៅកុំឲ្យពួកនោះ ធ្វើតាម អំពើចិត្ត »។
ក្រុមហ៊ុន ស៊ី បាយអូថេច គឺជាក្រុមហ៊ុនតំណាងឲ្យរដ្ឋាភិបាលកូរ៉េអភិវឌ្ឍន៍ រួមគ្នានឹងរដ្ឋាភិបាលកម្ពុជា វិនិយោគដំណាំឧស្សាហកម្មអាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧ហិកតារ) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្កេតឃើញថា បច្ចុប្បន្នឈើមានតម្លៃនៅសេសសល់ឋិតក្នុងតំបន់ព្រៃការពារដោយអនុក្រឹត្យ និងព្រះរាជ្យក្រឹត្យ ដូចជាព្រៃឡង់ និងព្រៃព្រះរកា ជាដើម ដែលឈ្មួញកំពុងសម្រុកកាប់ ខណៈឈើមានតម្លៃនៅតំបន់ផ្សេងៗត្រូវគេកាប់ធ្វើអាជីវកម្មស្ទើរផុតពូជទៅហើយ។
ព្រះតេជព្រះគុណមើលឃើញថា រដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល ហាក់ដូចជាអសមត្ថភាពក្នុងការការពារព្រៃអភិរក្ស។ ព្រះតេជព្រះគុណយល់ថា រដ្ឋាភិបាលបានប្រើប្រាស់ធនធានរបស់រដ្ឋដើម្បីការពារព្រៃឈើ គឺពុំមានប្រសិទ្ធភាពនោះទេ ដរាបណាមន្ត្រីរដ្ឋាភិបាលនៅតែតាំងខ្លួនជាទេវតាបម្រើមនុស្ស និងជិះយន្តហោះចង្អុលបង្ហាញពីលើអាកាសអភិរក្សព្រៃ៖ « អាត្មាមើលឃើញរដ្ឋាភិបាលធ្វើការកាន់តែយូរ កាន់តែល្ងង់ និងមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន។ ទី១ ដើម្បី បោះបង្គោល ផែនទីការពារ ព្រៃពិតប្រាកដ យើងជិះយន្តហោះមើល ។ យើងមើលលើអាកាស មកក្រោម ហើយយើង តាំងខ្លួន ជាទេវតា ។ ធ្វើខ្លួន ជាទេវតាការពារព្រៃទៅអត់រួចទេ ចម្រើនពរ »។
ព្រៃឡង់ឋិតក្នុងចន្លោះខេត្តចំនួនបួន ដូចជាខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ខ្លឹមសារអនុក្រឹត្យនោះបញ្ជាក់ថា ក្រសួងបរិស្ថាន មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។