ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី​សេសាន​ទទូច​ឲ្យ​​អាជ្ញាធរ​សង់​ផ្លូវ និង​មណ្ឌល​សុខភាព​ជា​អត្ថិភាព

ស្ថានភាព​ផ្លូវចូលឃុំក្បាលរមាសចាស់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ថត​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧។
ស្ថានភាព​ផ្លូវចូលឃុំក្បាលរមាសចាស់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ថត​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧។ (RFA)

0:00 / 0:00

ផ្លូវ​លំបាក​ធ្វើដំណើរ និង​ខ្វះ​មណ្ឌល​សុខភាព គឺជា​ប្រធានបទ​សំខាន់ ដែល​ពលរដ្ឋ​ក្រាញននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ទទូច​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត ពន្លឿន​ដោះស្រាយ​ជា​អត្ថិភាព។ អ្នកភូមិ​ថា ៥ ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ចាប់​តាំង​ពី​មាន​ផែនការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ អាជ្ញាធរ​ខេត្ត បាន​បោះបង់ចោល​ការ​អភិវឌ្ឍ​ផ្លូវ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស​ចាស់ បង្ក​ឲ្យ​ផ្លូវ​យ៉ាប់​យឺន​ខ្លាំង ហើយ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​រលួត​កូន​ស្លាប់ នៅ​គ្រា​បញ្ជូន​មក​មន្ទីរពេទ្យ​មិនទាន់​ដោយសារ​ផ្លូវ​លំបាក​ធ្វើដំណើរ។

ពលរដ្ឋ​ក្រាញ់​ននៀល​ទទួល​គោលនយោបាយ​សំណង ពី​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម​ពីរ​រស់នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស​ចាស់ នៅតែ​ទន្ទឹម​រង់ចាំ​ដំណោះស្រាយ ពី​អាជ្ញាធរ​ច្រើន​ខែ​មក​ហើយ ខណៈ​ដែល​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក ពន្លិច​ភូមិ​ពួកគាត់​លិចលង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​ពួកគេ​បាន​បន្ត​រស់​នៅ​លើ​ទី​ទួល​ខ្ពស់ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​មណ្ឌល​សុខភាព សាលារៀន និង ផ្លូវ​មិន​អាច​ធ្វើដំណើរ​បាន។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ សីហា​ថា ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុមហ៊ុន បាន​ដាក់​លក្ខខណ្ឌ ៥​ចំណុច ជា​ថ្នូរ​ឲ្យ​ពួកគាត់​បញ្ចប់​ការ​តវ៉ា និង​ទាមទារ​សំណង ដោយ​ជំរុញ​ឲ្យ​អ្នកភូមិ​ផ្តិត​មេដៃ តែ​ពួកគេ​បដិសេធ។ លក្ខខណ្ឌ​ទាំងនោះ​រួមមាន ស្ថាបនា​ផ្លូវ សាងសង់​សាលារៀន បណ្ដុះបណ្ដាល​គ្រូបង្រៀន​សហគមន៍ សាងសង់​មណ្ឌល​សុខភាព និង​ជីក​ស្រះ​ទឹក។ លោក​ថា អាជ្ញាធរ​បាន​ដាក់​លក្ខ​ខណ្ឌ​ទាំងនោះ ជា​ដំណោះស្រាយ​បញ្ចប់​ការ​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។ លោក​គិត​ថា ការ​ផ្តល់​សេវា​សាធារណៈ ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​រដ្ឋ ដោយ​មិន​ត្រូវ​ច្របាច់​បញ្ចូល​ក្នុង​គោលនយោបាយ​សំណង​នោះ​ទេ៖ «»

ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស លោក គឹម ឌឿង ឲ្យ​ដឹង​ថា អ្នកភូមិ​បាន​ឯកភាព​ផ្តិត​មេដៃ ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន អនុវត្ត​លក្ខខណ្ឌ ៦​ចំណុច ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ រាល់​ការខូចខាត​ទ្រព្យសម្បត្តិ ផ្នូរ​កប់​សព លំនៅឋាន ព្រៃ​អភិរក្ស និង​ផលដំណាំ​ជាដើម។ លោក​រំឭក​ថា ស្រូវ​កសិកម្ម​របស់​ពួកគាត់​រាប់​សិប​ហិកតារ ត្រូវ​ក្រុមហ៊ុន​បិទទ្វារ​ទឹក​ពន្លិច​កាលពី​ចុង​ឆ្នាំ ២០១៧ រហូត​មក​ទល់​ពេលនេះ ធ្វើ​ឲ្យ​ពួកគាត់​ខ្វះខាត​ស្បៀងអាហារ​ចិញ្ចឹមជីវិត។ លោក​ថា បច្ចុប្បន្ន​ពលរដ្ឋ​ដែល​ក្រាញ់​ននៀល​មិន​ទទួលយក​សំណង នៅតែ​ប្រឈម​វិបត្តិ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ បាន​បង្ខំចិត្ត​ប្រើ​ទឹក​ក្នុង​ផ្ទៃ​អាង​វារីអគ្គិសនី ព្រោះតែ​គ្មាន​ជម្រើស បណ្ដាល​ឲ្យ​អ្នកភូមិ​ជាច្រើន កើត​ជំងឺ​ស្បែក និង​អាសន្នរោគ​ផ្សេងទៀត ក្នុង​នោះ​ក៏​មាន​មនុស្ស ៤ នាក់​បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «»

ថ្មីៗ​នេះ អភិបាលរង​ខេត្ត​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ ដែល​ក្រាញននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ថា អាជ្ញាធរ​ខេត្ត​នឹង​ពន្លឿន​ដំណោះស្រាយ ៦​ចំណុច មក​អនុវត្ត​ឲ្យ​បាន​ឆាប់ៗ​នេះ។ លោក​ថា ដំណោះស្រាយ​ទាំងនោះ​រួមមាន ជួសជុល​ផ្លូវ​ពីរ​ខ្សែ សាងសង់​សាលារៀន បណ្ដុះបណ្ដាល​គ្រូបង្រៀន​សហគមន៍ សាងសង់​មណ្ឌល​សុខភាព ជីក​ស្រះ​ទឹក និង​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

លោក គឹម ឌឿង បន្ថែម​ថា ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ចូល​ឃុំ​ក្បាល​រមាស​ខូចខាត​ទាំងស្រុង លំបាក​ធ្វើដំណើរ​យ៉ាង​ខ្លាំង និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង ទម្រាំ​ដល់​ផ្លូវជាតិ​លេខ ៧៨ ចាស់។ បញ្ហា​នេះ សហគមន៍​បាន​ស្នើ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ពន្លឿន​ការសាងសង់​ច្រើន​ខែ​មក​ហើយ។ លោក​ថា រយៈពេល ២ ថ្ងៃ​កន្លង​មក​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដុះបណ្ដាល​ផ្ទាល់ ក្នុង​ឃុំ​ក្បាល​រមាស ពី​លក្ខន្តិកៈ​បង្កើត​សហគមន៍។ លើស​ពី​នេះ សហគមន៍​ចង់​ឲ្យ​អាជ្ញាធរ​ពន្លឿន​ចុះបញ្ជី​ដី​ព្រៃ​សមូហភាព​របស់​សហគមន៍​ដែល​នៅ​សេសសល់​ចុងក្រោយ ជាង ៤​ពាន់​ហិកតារ កំពុង​ទទួលរង​ការបំពាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ អារ​រំលំ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​ថែរក្សា៖ «»

មេឃុំ​ស្រែគរ​ជាប់ឆ្នោត​ពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គឺជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់ ដែល​ខ្លួន​បាន​ពន្លិច​លំនៅឋាន និង​ភូមិករ​របស់​ពលរដ្ឋ​ទាំងស្រុង និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដែល​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ បើ​ទោះ​បី​ជា​ពលរដ្ឋ​ទាំងនោះ​មិន​ទទួលយក​គោលនយោបាយ​សំណង​ក្ដី៖ «»

អគ្គលេខាធិការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន ឡូរ៉ង់ ធ្លាប់​លើកឡើង​ថា អាជ្ញាធរ​មាន​តួនាទី​ផ្ដល់​សេវា​សាធារណៈ មិន​គួរ​ទុក​ឲ្យ​ពលរដ្ឋ​រស់នៅ​ដាច់​សង្វែង និង​ប្រឈម​ការ​លំបាក​នោះ​ទេ ហើយ​បញ្ហា​ទាំងនេះ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ។ លោក​ថា ការ​អូសបន្លាយ​ពេល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង អាយុជីវិត​ពលរដ្ឋ ដ្បិត​ពលរដ្ឋ​ដែល​រងគ្រោះ​បញ្ហា​នេះ កំពុង​ប្រឈម​ការ​លំបាក​វេទនា សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ការ​ចំណាយ​ពេល​សាងសង់​ជម្រក​រស់នៅ​ដោយ​ខ្លួនឯង​ជាដើម។ លើស​ពី​នេះ ការ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​ជួប​ការ​លំបាក ហាក់ជា​ការរើសអើង​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ដោយសារ​អ្នកភូមិ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។

មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥២​គ្រួសារ ស្មើ​និង​ពលរដ្ឋ ២៤២​នាក់ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ រាប់​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិនទាន់​យល់ព្រម​ទទួល​យក​គោលនយោបាយ​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ ហើយ​មក​ទល់​ពេល​នេះ ពួកគេ​នៅ​បន្ត​រស់​នៅ​លើ​ទី​ទួល​ខ្ពស់ នៅ​គ្រា​ដែល​ទឹក​លិចលង់​លំនៅឋាន​ពួកគេ​ទាំងស្រុង តាំងពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​បិទទ្វារ​ទឹកជា​ស្ថាប័ន​កាលពី​ចុង​ឆ្នាំ២០១៧។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប ( Royal Group ) មាន​ភាគហ៊ុន ៣៩​ភាគរយ និង​ក្រុមហ៊ុន ឆាយ​ណា ហាយដ្រូឡាន​ឆាង អ៊ីនធឺណេសិនណល អ៊ីននើជី ( China 's Hydrolancang International Energy ) ប្រទេស​ចិន ភាគហ៊ុន ៥១ ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម​-​អន្តរជាតិ ( EVN ) មាន​ភាគហ៊ុន ១០ភាគរយ។ គម្រោង​នេះ​ជា​គម្រោង​ខ្នាត​ធំ​ទី ១ នៅ​ប្រទេស​កម្ពុជា ដែល​អនុម័ត​ដោយ​សម័យប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ចំណាយ​ប្រាក់​ជាង ៨០០​លាន​ដុល្លារ។ គម្រោង​នេះ​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន៤ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជិត ៩០​ភាគរយ ទទួល​យក​គោលនយោបាយ​សំណង និង​ព្រម​ចាក​ចេញទៅ​រស់នៅ​តំបន់​តាំង​លំនៅ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។