អាជ្ញាធរខេត្តកំពង់ធំ បានផ្តល់ដំណឹងឱ្យពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសែន ក្នុងស្រុកចំនួន ៤ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីជំនន់ទឹកភ្លៀង ខណៈពេលនេះទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់ស្រូវរបស់ពលរដ្ឋដែលត្រៀមនឹងប្រមូលផលរាប់ពាន់ហិកតារ។ ប្រជាកសិករដែលរងគ្រោះទឹកជំនន់នេះ លើកឡើងថា ពួកគាត់កំពុងប្រឈមជីវភាពខ្វះខាតខ្លាំង ដោយសារគ្មានប្រាក់បង្វិលសងម្ចាស់បំណុល ប្រសិនបើស្រូវរបស់ពួកគាត់ត្រូវខូចខាតអស់។
អាជ្ញាធរខេត្តកំពង់ធំ កំពុងត្រៀមកម្លាំងសមត្ថកិច្ចចម្រុះ ចាំជួយសង្គ្រោះពលរដ្ឋ ជម្លៀសសត្វពាហនៈ និង ផ្តល់ជំនួយមនុស្សធម៌ជាដើម ដើម្បីជួយសង្គ្រោះពលរដ្ឋរាប់រយគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ រីពលរដ្ឋរស់នៅតំបន់ទំនាប តាមដងស្ទឹងសែន ព្រួយបារម្ភ ថាស្រូវកសិកម្មរបស់ពួកគាត់ដែលត្រៀមនឹងប្រមូលផល កំពុងប្រឈមខូចខាត។
ពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសែន ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ឆាយ ចែង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ សីហា ថា ស្រូវកសិកម្មរបស់ពលរដ្ឋរាប់ពាន់ហិកតារ តាមបណ្តោយស្ទឹងសែន នឹងប្រឈមការខូចខាត ប្រសិនបើទឹកមិនស្រក ហើយភ្លៀងនៅបន្តធ្លាក់រាយប៉ាយ។ លោកថា មកទល់ពេលនេះ ពលរដ្ឋដែលធ្វើកសិកម្ម នៅខាងក្រោមស្ទឹងសែន រាប់ពាន់គ្រួសារកំពុងប្រឈមគ្រោះមហន្តរាយនេះ ហើយពួកគាត់ភាគច្រើនបានខ្ចីបុលពីធនាគារ ដើម្បីធ្វើកសិកម្មដែលរំពឹងផលស្រូវពង្រោះដើម្បីដោះបំណុល ដូច្នេះប្រសិនបើស្រូវរបស់ពួកគាត់ខូចអស់ នឹងប៉ះពាល់ជីវភាពធ្ងន់ធ្ងរ៖ «ពេលលិចប៉ះពាល់ជីវភាពពួកគាត់ ណាមួយជីឡើងថ្លៃផង គាត់ទិញពូជជំពាក់លុយគេផង។ ជួនកាលគាត់ធ្វើស្រែ និងទិញជី គាត់ខ្ចីលុយធនាគារប្រើប្រាស់ វាប៉ះពាល់ជីវភាពប្រចាំថ្ងៃពួកគាត់ដែរ»។
កសិកររូបនេះបន្ថែមថា ប្រភេទស្រូវដែលប្រឈមផលប៉ះពាល់ខ្លាំង គឺស្រូវស្រាល ព្រោះស្រូវពង្រោះប្រភេទនេះ គេធ្វើមួយឆ្នាំ ៣ ទៅ ៤ដង ដោយប្រើរយៈពេល ២ខែទើបប្រមូលផលម្តង។ លោកអំពាវនាវឱ្យរដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាជាតិ ជួយសម្រាលទុក្ខលំបាករបស់កសិករក្រីក្រ។វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ ដើម្បីសុំការបំភ្លឺជុំវិញគ្រោះមហន្តរាយនេះ បាននៅឡើយទេ នៅថ្ងៃទី២៥ សីហា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ក៏មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែ រដ្ឋបាលខេត្តកំពង់ធំបានបង្ហោះសារតាមទំព័រហ្វេសបុកថា ស្ថានភាពទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់ដល់ចំណុចប្រកាសអាសន្ន បណ្ដាលឱ្យទឹកលិចដំណាំស្រូវរបស់ពលរដ្ឋ ទូទាំងខេត្តជាង ៣ពាន់ (៣.៣៥០) ហិកតារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់លំនៅឋាន ពលរដ្ឋនៅឡើយទេ គិតត្រឹមថ្ងៃទី២៣ ខែសីហា។
រីឯ អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងសែន កាលពីពេលថ្មីៗនេះ។
លោក គន់ គីម បានណែនាំមន្ត្រីមូលដ្ឋាន តាមដានពីស្ថានភាពទឹកជំនន់នេះ និងសិក្សាពីផលប៉ះពាល់ស្រូវលិចទឹករបស់ពលរដ្ឋ ដើម្បីស្នើសុំពូជស្រូវ បង្កបង្កើនផលនៅពេលទឹកស្រក។ លោកបន្ថែមថា អាជ្ញាធរជំនាញត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រាប់ពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ឱ្យប្រុងប្រយ័ត្នគ្រប់ពេល ហើយត្រូវត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ដើម្បីធានាថា គោលនយោបាយ និងយុទ្ធសាស្ត្របង្ការគ្រោះមហន្តរាយ របស់រដ្ឋាភិបាល អាចជួយកសិករបានច្រើន រដ្ឋត្រូវត្រៀមរៀបចំគ្រាប់ពូជ ពូជមាន់ បន្លែ សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងឧបត្ថម្ភថវិកាក្នុងកម្រិតណាមួយ ជួយកសិករ គឺជាចំណុចសំខាន់ដែលត្រូវអនុវត្តជាអាទិភាព៖ «តួនាទីសំខាន់ចម្បងរបស់រដ្ឋាភិបាល ដើម្បីធានាឱ្យទាំងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ នៅតែមានស៊ាំនឹងស្ថានភាពហ្នឹង ដំណើរការនៃការតាក់តែង ផែនការយុទ្ធសាស្ត្រត្រៀមបង្ការនេះ ដែលទាមទារឱ្យមានការចូលរួម ហើយនឹងការប្ដេជ្ញាចិត្តរួមដាក់ធនធានមនុស្ស និងធនធានថវិកា និងទំនួលខុសត្រូវរបស់អាជ្ញាធរស្រុក ឃុំ និងខេត្តផងដែរ»។
របាយការណ៍របស់អាជ្ញាធរខេត្តកំពង់ធំឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ សីហា ជំនន់ទឹកភ្លៀងស្ទឹងសែនបានកើនឡើង ក្នុងកម្រិតត្រូវប្រុងប្រយ័ត្ន ហើយពលរដ្ឋរស់នៅតាមដងស្ទឹងសែន ក្នុងស្រុកសណ្ដាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន កំពុងប្រឈមផលប៉ះពាល់ស្រូវកសិកម្មរាប់ពាន់ហិកតារនៅតំបន់ទំនាប និងប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។
គ្រោះមហន្តរាយនេះនៅមិនទាន់ប៉ះពាល់អាយុជីវិតពលរដ្ឋណាម្នាក់នៅឡើយទេ រីឯទឹកភ្លៀងនៅបន្តធ្លាក់នៅតំបន់ខ្លះ ហើយតំបន់ខ្លះទៀតផ្ទៃមេឃស្រឡះបើកថ្ងៃ បណ្តាលឱ្យស្ថានភាពទឹកស្ទឹងសែន នៅនឹងថ្កល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។