អ្នកឃ្លាំមើល​ព្រៃឈើ​ជំរុញ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​​ឱ្យ​ស៊ើបអង្កេត​ក្រុម​អ្នក​មានអំណាច​ឈូស​ឆាយ​ព្រៃឡង់​ជាច្រើន​ពាន់​ហិកតារ

0:00 / 0:00

ប្រជា​សហគមន៍ និង​មន្ត្រី​សង្គម​ស៊ីវិល​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ស៊ើបអង្កេត និង​ដកហូត​ដី​ព្រៃ​អភិរក្ស ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់​ខេត្ត​នេះ ដែល​ក្រុម​អ្នក​មាន​អំណាច​ឈូស​ឆាយ កាប់​រាន​អស់​ជាច្រើន​ពាន់​ហិកតារ ដើម្បី​រំលោភ​យក​ជា​ទ្រព្យ​ឯកជន។ ការ​លើកឡើង​នេះ ក្រោយ​ពី​សកម្មភាព​ឈូស​ឆាយ​ព្រៃឡង់​កាន់តែ​រាលដាល​ធំ​ឡើងៗ ឋិត​ក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ឡាបរិវ៉ាត់ ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ជំនាញ​ចុះ​ទប់ស្កាត់​ឡើយ​ទេ​ជាច្រើន​ខែ​មក​ហើយ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ កំពុង​ទាល់គំនិត មិនដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ឱ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ព្រៃឡង់​ទ្រង់ទ្រាយ​ធំ ឋិត​ក្នុងភូមិ​ស្រឡៅ និង​ភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ឡាបរិវ៉ាត់ ដែល​កំពុង​កើតមាន​បែប​អនាធិបតេយ្យ​។ ការ​លើកឡើង​នេះ ក្រោយ​ពី​ពួកគាត់​បាន​លប​ចុះ​ស៊ើប​អង្កេត ពី​ស្ថានភាព​ព្រៃឡង់​នៅ​តំបន់​នោះ កាល​ពី​សប្តាហ៍​មុន។

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ លោក អ៊ុក ម៉ៅ ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៨ កក្កដា​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ នៅតែ​កើត​មាន​ច្រើន​ទីតាំង​ផ្សេងៗ​គ្នា ពុំ​មាន​ការ​បង្ក្រាប​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ។ លោក​ថា តំបន់​ដែល​ឈូស​ឆាយ​ច្រើន​ជាងគេ អស់​រាប់ពាន់​ហិកតារ ឋិត​នៅ​ចំណុច​ភូមិ​ស្រឡៅ ប្រវែង​បណ្ដោយ​ជាង ១០គីឡូម៉ែត្រ និង​ទទឹង ៧​គីឡូម៉ែត្រ ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​ឱ្យ​ក្លាយជា​វាលរហោឋាន ដើម្បី​យក​ដី​បង្កបង្កើនផល។

​លើស​ពី​នេះ បច្ចុប្បន្ន​មាន​ក្រុម​កម្មករ​យ៉ាងហោចណាស់ ៤០​នាក់​កំពុង​ប្រមូល​គំនរ​ឈើ ដុត​កម្ទេច​ចោល និង​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ប្រមូល​ដើមឈើ​ធំៗ ដើម្បី​កាយ​ដី​ឱ្យ​ក្លាយជា​វាល ដាំ​ដំណាំ​ចម្រុះ​។ លោក​បញ្ជាក់​ថា ក្រុម​កម្មករ​ទាំងនោះ ត្រូវ​គេ​ជួល​ឱ្យ​កាប់​ព្រៃ​រាន​យក​ដី ហើយ​ពុះ​ចែក​គ្នា ជាមួយ​ក្រុម​អ្នក​មាន​អំណាច៖ «រាប់ពាន់​ហិកតារ មិនមែន​រាប់​រយ​ហិកតារ ទេ កាល​មុនគេ​ប្រើ​អេស្កាវ័ទ័រ តែ​ឥលូវ​គេ​ប្រើ​អាត្រាក់​រុញ ច្នៃ។ ជំនាញ​គាត់​អ្នក​ការពារ តែ​គាត់​មិនមែន​ការពារ​ទេ តែ​មិន​ដឹង​ធ្វើ​ម៉េច​ទេ ?»

របាយការណ៍​ប្រជា​សហគមន៍​ព្រៃ​ឡង់​ឱ្យដឹង​ថា ដែនជម្រកសត្វព្រៃ​ឡង់​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក៏​កំពុង​ទទួលរង​ការ​កាប់​រាន ដាច់​ដោយ​កង់ៗ​។ តំបន់​ទាំងនោះ​រួមមាន ចំណុច​ប្រឡាយ​មាត់​កា ចំណុច​ភ្នំ​អាង ភ្នំ​ខ្ទះ ភ្នំ​តាព្លឺម ភ្នំ​ស្រះ​បី ត្រពាំង​ច្រៀង​ថ្វាយ ឋិត​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ជាប់​ព្រំប្រទល់​ឃុំ​ធ្មារ និង​ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ នៅ​តំបន់​ខ្លះ ត្រូវ​គេ​ទុកចោល ចំណុច​ខ្លះ​គេ​កាប់​ត្រួសត្រាយ​ផ្នែក​ជើង​ក្រោម រួច​ទុកចោល ហើយ​ផ្ទៃដី​ដែល​កាប់​ទន្ទ្រាន​ទាំងនេះ សរុប ជាង​ ១ពាន់​ហិកតារ។

លោក អ៊ុក ម៉ៅ ស៊ើប​ដឹង​ថា អ្នក​ឈូស​ឆាយ​ដី​ព្រៃ​មួយចំនួន មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​មេ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​ខេត្ត​ស្ទឹងត្រែង​។ លោក​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ស៊ី​ឈ្នួល​ទន្ទ្រានព្រៃ​លក់ ជា​មុខរបរ​អាជីព​ចិញ្ចឹម​ជីវិត ហើយ​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន មិន​អើពើ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ទាំងនេះ​ទេ៖ «អត់​មាន​ឃើញ​ទប់ស្កាត់​ទេ រាយការណ៍​រាប់​រយ​ដង​ហើយ គ្រាន់តែ​បាន​ត្រឹម​រាយការណ៍​អត់​ប្រយោជន៍​។ សូម​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ផង សព្វថ្ងៃ​រាល​ទៅៗ សព្វថ្ងៃ»។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែង គុង បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៨ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ដែល​ចុះ​អង្កេត​រឿង មើល​ឃើញ​ថា មក​ទល់​ពេល​នេះ ព្រៃ​ឡង់​កំពុង​ឋិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សង្គ្រោះ​ជាបន្ទាន់ ប្រសិនបើ​នៅតែ​បណ្តែតបណ្តោយ ព្រៃ​ឡង់​នឹង​កាន់​តែ​ហិន​ហោច​អស់។

លោក​យល់​ថា មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន គួរតែ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំងនេះ ចៀសវាង​បណ្តែតបណ្តោយ នាំ​ឱ្យ​បញ្ហា​រីកធំឡើង ពិបាក​ទប់ស្កាត់៖ «បញ្ហា​គេ​កាប់​រាន​តំបន់​ព្រៃ​ឡង់ ដូច​មិន​ទាន់​ឃើញ ការ​ចាប់​ឈ្មួញ​ណា​ ? ដាក់គុក ឬ​បិទ​ក្រុមហ៊ុន​ណាមួយ យើង​ឃើញ​មាននៅ​បន្ត​រហូត​។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​អយុត្តិធម៌​ណាស់ ពួកគាត់​មិនអាច​ចូល​ព្រៃ​បាន តែ​បទល្មើស​កើត​មាន​ជា​បន្តបន្ទាប់»។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៊ី វ៉ាន់នី មើលឃើញ​ថា សមត្ថភាព​ការពារ​ធនធានធម្មជាតិ​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង នៅ​ខ្សោយ​នៅ​ឡើយ ធ្វើ​ឱ្យ​បទល្មើស​ទន្ទ្រាន​ព្រៃឈើ​នៅតែ​កើត​មាន​ដដែលៗ​៖ «តើ​ពលរដ្ឋ​សង្ឃឹមលើ​អ្វី​ទៀត បើ​អាជ្ញាធរ​អត់​មាន​អនុវត្ត​ច្បាប់​ទេ ហើយ​ពលរដ្ឋ​ទៅ​រក​អាជ្ញាធរ​ដើម្បី​ឱ្យ​មាន​វិធានការ​ផ្លូវច្បាប់ ដល់​ពេល​មិន​យក​ច្បាប់​អនុវត្ត តើ​យើង​ទៅ​យក​អ្វី​អនុវត្ត​វិញ​។ មាន​ច្បាប់ តែ​យើង​មិន​អនុវត្ត​ច្បាប់ តើ​យើង​សង្ឃឹមលើ​អ្វី​វិញ»?

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ព្រៃ​ឡង់​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីផ្សារ​កាប់​ឈើ និង​ទន្ទ្រាន​យក​ដី​លក់ តាម​អំពើ​ចិត្ត បើ​ទោះ​បី​ជា រដ្ឋាភិបាល​បញ្ជូន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ឈរជើង​យាម​ព្រៃ​នៅ​តំបន់​នោះ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។ លោក​ថា​ មន្ត្រី​បរិស្ថាន​ខ្លះ រង​ការ​ចោទ​ថា ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​កាប់​រាន​ដី​ព្រៃ​អភិរក្ស ដោយ​មិន​ក្រែង​ច្បាប់​នោះ​ឡើយ។

ប្រជា​សហគមន៍​ព្រៃ​ឡង់​បន្ថែម​ថា ព្រៃ​ឡង់​នៅ​តំបន់​ផ្សេងទៀត ក្នុងស្រុក​ថា​ឡា​បរិវ៉ាត់ ក៏​កំពុង​ប្រឈម​ការ​កាប់​រាន​ព្រៃ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ដែរ គឺ​ឋិត​នៅក្នុង​ឃុំ​ចម្ការលើ ឃុំ​កាំ​ង​ចាម និង​ឃុំ​អន្លង់​ភេ​។ ពួកគាត់​អន់ចិត្ត ចំពោះ​ទង្វើ​របស់​ក្រសួង​បរិស្ថាន ដែល​បណ្តោយ​ឱ្យ​កើត​មាន​បទល្មើស​ពាស​ពេញ​ព្រៃ​អភិរក្ស តែ​បែរ​ជា​រឹតត្បិត​ប្រជា​សហគមន៍​មិន​ឱ្យ​ចូល​ព្រៃ​ជិត ៣ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។