ក្រុមស្នូលបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់គឺ លោក គង់ រី នៅតែបង្ហាញជំហរ ការពារព្រៃយ៉ាងមុតមាំ ស្របតាមរដ្ឋធម្មនុញ្ញ បើទោះបីរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរ និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានក្តី។ សកម្មជនព្រៃឡង់រូបនេះអំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមការពារ និងតាមដាន ដោយយកចិត្តទុកដាក់ ពីស្ថានភាពព្រៃឡង់ ដែលកំពុងប្រឈមការកាប់បំផ្លាញ និងបរបាញ់សត្វព្រៃយ៉ាងពេញទំហឹង។
ក្រុមស្នូលបណ្តាញព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់គឺ លោក គង់ រី អះអាងថា លោកនឹងមិនដកថយឡើយ ចំពោះសកម្មភាពការពារព្រៃឈើ បើទោះបីជាក្រសួងបរិស្ថាន រឹតត្បិត និងគំរាមប្រជាសហគមន៍មិនឱ្យចុះល្បាតព្រៃបែបណាក្តី។
សកម្មជនព្រៃឡង់រូបនេះ បានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន និងអាយុជីវិត ចុះល្បាតព្រៃឡង់ ដើម្បីប្រមូលព័ត៌មាន និងស្វែងរកភស្តុតាង ក្នុងបំណងរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ការពារព្រៃឈើឱ្យច្បាស់លាស់។
លោក គង់ រី ឱ្យដឹងនៅថ្ងៃទី២៩ កក្កដាថា មកទល់ពេលនេះ លោកនៅតែ មិនទុកចិត្តឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើង យាមព្រៃឡង់។ លោកថា ក្រសួងបរិស្ថាននៅតែធ្វេសប្រហែស បណ្តែតបណ្តោយឱ្យក្រុមជនល្មើសលួចចូលអារឈើ ក្នុងព្រៃឡង់ជាហូរហែ ជាពិសេសអាជ្ញាធរពាក់ព័ន្ធ មានចេតនាចង់លាក់បាំងព័ត៌មាន ពីសកម្មភាពកាប់ឈើធំៗ និងទន្ទ្រានព្រៃខុសច្បាប់បែបអនាធិបតេយ្យជាច្រើនឆ្នាំមកហើយ មិនទាន់មានវិធានការដោះស្រាយឱ្យច្បាស់លាស់នៅឡើយទេ។
លោកថា មកទល់ពេលនេះ ព្រៃឡង់នៅតែឋិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានសកម្មភាពកាប់ឈើធំៗ និងទន្ទ្រានដីព្រៃអភិរក្សតាមអំពើចិត្ត ស្របពេលដែលក្រសួងបរិស្ថាននៅតែរឹតត្បិតប្រជាសហគមន៍មិនឱ្យចូលល្បាតព្រៃ៖ «ល្បាតម្តងៗ ចួបឧបសគ្គ ខ្លះប្រេង ខ្វះថ្នាំ ហើយដេកមួយយប់ និង ពីរយប់។ យើងខ្លាចមន្ត្រីបរិស្ថាន យើងចួបគាត់ដេញចាប់យើង ដោយចោទថា យើងចូលព្រៃអត់មានការអនុញ្ញាត។ យើងចួបជនល្មើសគាត់ថា គាត់សុំមន្ត្រីបរិស្ថានហើយ។ បច្ចុប្បន្ននេះ គឺមានការកាប់ទន្ទ្រានកាន់តែខ្លាំងឡើង»។
បុរសវ័យ ៦២ ឆ្នាំ សម្បុរខ្មៅស្រអែមរូបនេះមានទីលំនៅបច្ចុប្បន្នក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទល់មុខទន្លេមេគង្គ។ លោក មានកូន ៤នាក់ ប្រុសមួយ និងស្រី៣ មានផ្ទះឈើទំហំ ៦ ម៉ែត្រកន្លះ គុណ ៧ ម៉ែត្រកន្លះ ប្រក់ស័ង្កសី ជញ្ជាំងធ្លុះធ្លាយ ហើយលោក មានមុខរបរធ្វើស្រែចម្ការ លើផ្ទៃដី មួយហិកតារ និងដងជ័រទឹកលក់ ក្នុងតំបន់ព្រៃឡង់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព។
លោកមានដើមច្បោះជ័រទឹកក្នុងព្រៃឡង់ជាង ១ពាន់ដើម (១៥០០) ប៉ុន្តែត្រូវគេលួចកាប់អស់ជាង ៥០ នៅអំឡុង ឆ្នាំ២០២០ និង២០២១ កន្លងទៅ។
លោក គង់ រី ចាត់ទុកដើមច្បោះជ័រទឹក ជាប្រភពចំណូលដល់គ្រួសាររបស់លោក ហើយវាអាចរកប្រាក់បានក្នុងមួយខែ ចាប់ពី ៤០ម៉ឺនរៀល ដល់ ៥០ម៉ឺនរៀល។
លោកថា កាលពីឆ្នាំ ២០១៦ លោកបានបង់រំលស់ ម៉ូតូ ១គ្រឿង មានតម្លៃ ១ពាន់ដុល្លារ ដើម្បីចុះល្បាតព្រៃ និងរកអនុផលព្រៃឈើ ហើយទម្រាំតែសងប្រាក់ ធនាគារដាច់ ម៉ូតូរបស់លោកបានខូចខាតអស់ទាំងស្រុង ដោយសារផ្លូវចូលព្រៃឡង់លំបាកខ្លាំង។
បុរសដដែលបន្ថែមថា សកម្មភាពចុះល្បាតព្រៃ របស់លោក កំពុងឋិតក្នុងភាពតានតឹងជាមួយ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ហើយកន្លងទៅមន្ត្រីបរិស្ថានខ្លះ បានទៅដល់ផ្ទះរបស់លោក និយាយគំរាមលោក ឱ្យផ្អាកចុះល្បាតព្រៃមិនសុំច្បាប់អនុញ្ញាត បើពុំដូច្នេះទេ នឹងមានទោសទណ្ឌ។ រីឯមេឃុំកាំងចាម និងមេប៉ុស្តិ៍ តែងតែគំរាមចាប់ខ្លួនលោក នៅពេលដែលលោក រិះគន់ មន្ត្រីទាំងនោះមិនអនុវត្តច្បាប់ព្រៃឈើ និងចូលដៃជើងជាមួយ ក្រុមជនល្មើស៖ «ព្រៃឡង់សំបូរដោយម៉ាស៊ីនត្រង់សឺន័រ សំបូរដោយមនុស្សកាប់បំផ្លាញព្រៃឈើតែម្តង។ អស់ស្វារកឥលូវរកសំពោចម្តង ឥលូវខ្លាឃ្មុំម្តង ខ្លាឃ្មុំក្នុងឆ្នាំហ្នឹង គេចាប់បាន បាញ់បានមួយទៀត។
ចំណែកភរិយារបស់លោក គង់ រី គឺលោកស្រី អេង សុផល គាំទ្រការងារប្តីរបស់លោកស្រី ព្រោះកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ បើទោះបីជា ជីវភាពគ្រួសារក្រីក្រក្តី ក៏លោកស្រីរីករាយដែរ។ តែយ៉ាងណាលោកស្រីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពប្តី នៅពេលចុះល្បាតព្រៃម្តងៗ ដោយសារអាជ្ញាធរថ្នាំងថ្នាក់ ហើយអ្នកភូមិខ្លះ ដែលមានមុខរបរអារឈើលក់ មិនសប្បាយចិត្តជាមួយ នឹងគ្រួសាររបស់លោកស្រីនោះឡើយ។
លោកស្រីថា ប្តីលោកស្រី ចូលព្រៃញឹកញាប់កន្លងទៅ ប្រឈមជំងឺច្រើន ព្រោះការរស់នៅក្នុងព្រៃ ប៉ះពាល់សុខភាពដោយគាត់បរិភោគទឹកអូរញឹកញាប់ និងទទួលទានរុក្ខជាតិព្រៃជំនួសបាយ។ លោកស្រីសង្កេតឃើញថា នៅរយៈពេល ៣ ខែចុងក្រោយនេះ សុខភាព ប្តីរបស់លោកស្រីទ្រុឌទ្រោមខ្លាំង ដោយគាត់កើតជំងឺមហារីកក្រពះ សាច់ដុះក្នុងបំពង់ក និង ថ្លើម ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះប្រើថ្នាំបុរាណ ព្រោះគ្មានប្រាក់ ព្យាបាលនៅមន្ទីរពេទ្យ ៖ «ពិបាកណាស់ទៅព្រៃ ទៅត្រង់ណាស្រេកទឹកត្រង់ហ្នឹង ផឹកត្រង់ហ្នឹង គាត់ទៅហូបទឹក តាមដីធ្លីតាមថ្លុក ក្រពះពោះវៀនគាត់ មិនអាចជា ដុះសាច់ដល់បំពង់ក រាលដាល ដល់ថ្លើម»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បាននៅឡើយទេ នៅថ្ងៃទី២៩ កក្កដា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ប៉ុន្តែ លោកធ្លាប់លើកឡើងថា ក្រសួងបរិស្ថានបានផ្តោតលើកិច្ចគាំពារអភិរក្ស ធនធានធម្មជាតិ និងកំពុងសហការជាមួយសហគមន៍ព្រៃឈើទាំង ១៩ នៅជុំវិញព្រៃឡង់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
ជុំវិញរឿងនេះ សកម្មជនការពារបរិស្ថាន លោក សាន់ ម៉ាឡា កោតសរសើរចំពោះការលះបង់ របស់សកម្មជនព្រៃឡង់រូបនេះ ដែលលោកយល់ថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីបរិស្ថានគួរតែគាំទ្រ និងលើកទឹកចិត្តចំពោះពលរដ្ឋដែលលះបង់ការពារទ្រព្យសម្បត្តិរួមរបស់ជាតិ។ លោកថា លោក គង់ រី មានភាពក្លាហាន ស្មោះត្រង់ និងមោះមុត លះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីបុព្វហេតុព្រៃឡង់ បើទោះបីជារងការគំរាមកំហែងក្តីក៏លោក មិនរាថយឡើយ៖ «ការចូលរួមរបស់ពលរដ្ឋធានាបានថា មិនមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការបើកដៃឱ្យជនល្មើស បំផ្លាញជនធានធម្មជាតិពួកយើង។ អាជ្ញាធរពាក់ព័ន្ធគួរតែលើកទឹកចិត្តពលរដ្ឋ ដែលចូលរួមថែរក្សាព្រៃឈើ ដែលជាទ្រព្យរួមរបស់ប្រជាជាតិខ្មែរ។
បណ្ដាញសហគមន៍ព្រៃឡង់ ឱ្យដឹងថា បណ្ដាញក្រុមស្នូលព្រៃឡង់ទាំង ៤ខេត្ត មានចំនួនជាង ៦០០ នាក់ បានស្ម័គ្រចិត្តបម្រើការងារជួយការពារព្រៃឡង់ ២០ឆ្នាំមកហើយ រហូតមកដល់ឆ្នាំ២០១៦ ទើបរដ្ឋាភិបាលចាត់ឱ្យក្រសួងបរិស្ថានការពារព្រៃឡង់។ បន្ថែមពីនេះ ការរឹតត្បិត និងការគំរាមកំហែង ពួកគាត់មិនឱ្យល្បាតព្រៃ ពីសំណាក់មន្ត្រីឧទ្យានុរក្ស ឆ្លុះបញ្ចាំងថា ក្រសួងបរិស្ថាន មិនលើកទឹកចិត្ត និងផ្តល់តម្លៃចំពោះការចូលរួមរបស់ពលរដ្ឋ ក្នុងការការពារព្រៃឈើស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។